កីឡាករអង់គ្លេស Lewis Hamiltonបានសម្តែងនូវក្តីរីករាយជាខ្លាំងបន្ទាប់ពីរូបគេបានយកឈ្នះការប្រណាំងបណ្តោះអាសន្នកម្មវិធី Italian F1 Grand Prixនៅទីលានប្រណាំងMonza circuitស្ថិតក្នុងទីក្រុងម៉ុងហ្សាប្រទេសអុីតាលីកាលពីថ្ងៃសៅរ៍ទី៨ខែកញ្ញាកន្លងមកនេះ ។
Hamiltonវ័យ២៧ឆ្នាំបើកបរឱ្យក្រុមប្រណាំងMcLarenបានបញ្ចប់ការប្រណាំងដោយប្រើអស់ថិរវេលា១នាទីនិង២៤.០១០វិនាទីដណ្តើមបានការនាំមុខគេជាលើកទី៤ក្នុងរដូវកាលឆ្នាំ២០១២នេះ ។ កីឡាករដែលបើកលឿនលំដាប់ទី២បានទៅលើកីឡាករអង់គ្លេសដដែលគឺ Jenson Button ។ Button ដែលបើកបរឱ្យក្រុម McLarenផងដែរនោះបានបញ្ចប់ការប្រណាំងក្នុងថិរវេលា១នាទីនិង២៤.១៣៣វិនាទីយឺតជាង Hamilton ០.១២៣វិនាទី ។
ចំណែកកីឡាករដែលបើកលឿនលំដាប់ទី៣បានទៅលើ Felipe Massa។ Massaសញ្ជាតប្រេស៊ីលបានបញ្ចប់ការប្រណាំងក្នុងថិរវេលា១នាទីនិង២៤.២៤៧វិនាទីពោលគឺ ០.២៣៧វិនាទីយឺតជាង Hamilton ។សម្រាប់Hamiltonនេះគឺជាការនាំមុខបណ្តោះអាសន្នលើកទី៤ហើយនៅក្នុងរដូវកាលប្រណាំងឆ្នាំនេះ ។
ថ្លែងបន្ទាប់ដណ្តើមបានការនាំមុខគេ Hamiltonបានបញ្ជាក់ថា៖«ខ្ញុំសប្បាយចិត្តដ្បិតជ័យជម្នះលើកនេះវាធ្វើឱ្យយើងកំពុងតែខិតចូលកាន់តែជិតទៅរកពានជើងឯក។ នេះជាលទ្ធផលដែលយើងចង់បានហើយក៏ជាសញ្ញាល្អសម្រាប់ពួកយើងទាំងអស់គ្នានៅក្នុងក្រុម ។ ជ័យជម្នះក្នុងថ្ងៃនេះពិតជាធ្វើឱ្យខ្ញុំសប្បាយចិត្តជាខ្លាំង ។ យើងធ្វើបានល្អចាប់តាំងពីព្រឹកមកម្លេះ។ ខ្ញុំពេញចិត្តទីលានប្រណាំងនៅទីនេះជាខ្លាំង។ ដូច្នេះយើងនឹងចាំមើលលទ្ធផលនៅថ្ងៃស្អែក »។
ចំណែកកីឡាករអាល្លឺម៉ង់ Nico Rosbergបានបានបញ្ចប់ការប្រណំាំងក្នុងចំណាត់ថ្នាក់លេខ៧តាមពីក្រោយកីឡាករមិត្តរួមជាតិ Michael Schumacherដែលបញ្ចប់ការប្រណាំងក្នុងលំដាប់ទី៥។ បញ្ចប់ការប្រណាំងលើកនេះ Schumacherប្រើពេលច្រើនជាងHamilton ០.៥៣០វិនាទី ។ ប៉ុន្តែទោះជាយ៉ាងណានេះគ្រាន់តែជាលទ្ធផលជាបណ្តោះអាសន្នប៉ុណ្ណោះ។ លទ្ធផលផ្តាច់ព្រ័ត្រគេនឹងបានបានដឹងនៅថ្ងៃបន្ទាប់ ៕
ចែករំលែកព័តមាននេះ