រាជធានីភ្នំពេញ ៖ ពាក្យមួយឃ្លាលើកឡើងថា «អ្នកបង្កអាងរត់ ឯអ្នករងគ្រោះអាងចូលពេទ្យសម្តីនេះសមណាស់» ជាក់ស្តែងដូចគ្រោះថ្នាក់ចរាចរណ៍២ករណី នៅក្នុងទឹកដីខណ្ឌចំការមន គឺរថយន្តកូរ៉ូឡាបោះពួយទៅបុកម៉ូតូស្មាសបណ្តាលឱ្យខ្ទាតទៅបោកផ្ទប់បង្គោលភ្លើងនៅចិញ្ចើមផ្លូវរងរបួស៣នាក់ ឯរថយន្តបើករត់បាត់តែបន្សល់ទុកស្លាកលេខនៅកន្លែងកើតហេតុ និង១ករណីទៀតរថយន្តទួរីសបុកម៉ូតូសេ១២៥ របួសស្ត្រីម្នាក់ ចំណែករថយន្តបើករត់បាត់ ។
ករណីទី១ យុវជន៣នាក់រងរបួសបែកមុខបែកមាត់ខណៈពេលរថយន្តកូរ៉ូឡា បោះពួយបុកពេញទំហឹងធ្វើឲ្យម៉ូតូបោកផ្ទប់នឹងបង្គោលភ្លើង ហើយមនុស្សផ្លោងទៅចិញ្ចើមផ្លូវ ចំណែករថយន្តបើករត់បាត់តែជ្រុះស្លាកលេខនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១២និង៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ កញ្ញា តាមផ្លូវលេខ៥១កែងមហាវិថីព្រះសីហនុ ជាប់របងវត្តលង្កា ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា ម៉ូតូស្មាសវី ពណ៌ខ្មៅ ជិះគ្នា៣នាក់ តាមមហាវិថីព្រះសីហនុ ពីលិចទៅកើត ចំណែករថយន្តកូរ៉ូឡា ពណ៌ស្លែបោះពួយលឿនស្លេវ តាមផ្លូវលេខ៥១ ពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវកែង ម៉ូតូជិះឆ្លងផ្លូវជិតផុតទៅហើយ ស្រាប់តែរថយន្តបោះពួយលឿនពេកប្រុងបត់ឆ្វេង តែបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកម៉ូតូខ្ទាតទៅបោកបង្គោលភ្លើង ចំណែកអ្នកជិះលើម៉ូតូទាំង៣នាក់ផ្លោងទៅចិញ្ចើមផ្លូវបែកមុខបែកមាត់រងរបួសស្រាល ទាំងអស់គ្នា ។
បន្ទាប់ពីបុករួចរថយន្តបើករត់បាត់ តែបានបន្សល់ស្លាកលេខនៅកន្លែងកើតហេតុ ត្រូវម្ចាស់ម៉ូតូដែលរងការខូចខាតបានរើសយកស្លាកលេខរថយន្តនោះទៅដាក់ពាក្យបណ្តឹងនៅខណ្ឌចំការមន ដើម្បីស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមច្បាប់ ។
ចំណែកករណីទី២ រថយន្តទួរីសបើកបុកម៉ូតូសេ១២៥ រងរបួសធ្ងន់ស្រ្តីម្នាក់ ឯអ្នកបើកម៉ូតូសន្លប់បន្តិចរួចដឹងខ្លួនវិញរត់ចោលម៉ូតូ ចំណែករថយន្តបើករត់បាត់ស្រមោល ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៨ កញ្ញា លើកំណាត់ផ្លូវលេខ២៧១ ទល់មុខផ្សារទំនើបសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តទួរីស ពណ៌ស បើកតាមផ្លូវលេខ២៧១ ពីត្បូងទៅជើង ចំណែកម៉ូតូសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ពីជើងទៅត្បូងបញ្ច្រាសទិសគ្នា ខណៈមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តរេចង្កូតទៅបុកម៉ូតូដែលកំពុងបើកនៅខាងស្តាំដៃពេញទំហឹងតែម្តង បណ្តាលឲ្យស្រ្តីម្នាក់ជិះពីក្រោយធ្លាក់ពីលើម៉ូតូដួលបោកក្បាលហូរឈាមរបួសធ្ងន់ ។ ចំណែក បុរសបើកម៉ូតូសន្លប់បន្តិចដឹងខ្លួនវិញ ភ័យស្លន់ស្លោពេករត់គេចខ្លួនចោលម៉ូតូនៅកន្លែងកើតហេតុ។
ចំណែករថយន្តបង្កមិនបានឈប់ទេ បន្ទាប់ពីបុកហើយបន្ថែមល្បឿនរត់គេចបាត់ដោយសុវត្ថិភាព។ អ្នករបួសត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ម៉ូតូដែលរងការខូចខាតផ្នែកខាងមុខត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌចំការមន ៕
ចែករំលែកព័តមាននេះ