រាជធានីភ្នំពេញ ៖ មនុស្សម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនិងពីរនាក់ទៀតបានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយរវាងសេ១២៥ពណ៌ខ្មៅ ស៊េរី ២០១០បុកជាមួយម៉ូតូស្មាសនៅលើកំណាត់ផ្លូវលេខ ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលា ម៉ោង៣ និង៤០នាទីទៀបភ្លឺថ្ងៃទី ៩ កញ្ញា។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុអ្នកជិះម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅ ដែលជិះគ្នាពីរនាក់ធ្វើដំណើរលើកំណាត់ផ្លូវលេខ៣៧១ ក្នុងទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុជាផ្លូវងងឹតក៏ធ្លាក់ជង្ហក់ផ្លូវដែលមានថ្លុកជ្រៅបណ្តាលឱ្យម៉ូតូជ្រុលទៅបុកជាមួួយអ្នកជិះម៉ូតូស្មាសពណ៌ខៀវ ដែលជិះម្នាក់ឯងធ្វើដំណើរពីកើតទៅលិចបញ្ច្រាសទិសគ្នាបណ្តាលឱ្យអ្នកជិះសេ១២៥ម្នាក់ដួលបោកក្បាលបាក់កស្លាប់ភ្លាមៗ ចំណែកឯអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ ។
ដោយឡែកអ្នកជិះម៉ូតូស្មាសបានដួលបាក់ជើងស្តាំម្ខាងត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ចំណែកម៉ូតូទាំងគ្រឿងរងការខូចខាតយ៉ាងដំណំ ។អ្នកស្លាប់ឈ្មោះ ហុន វាសនា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែកអ្នករងរបួសពីរនាក់ទៀតមិន ទាន់ស្គាល់អត្តសញ្ញាណទេ ។
ក្រោយពេលសមត្ថ កិច្ចនគរបាលចរាចរខណ្ឌមានជ័យសហការជាមួយនគរបាលការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញចុះវាស់វែងរួចយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ឯសពត្រូវបានក្រុមគ្រួសារដឹកទៅធ្វើបុណ្យតាមប្រពៃណីនៅ ឯស្រុកកំណើតខេត្តព្រៃវែង ៕
ចែករំលែកព័តមាននេះ