រាជធានីភ្នំពេញ ៖ ម៉ូតូស្គូពីពណ៌ស ស៊េរីឆ្នាំ២០១៣ មួយគ្រឿង បានរងការខូចខាតខាងមុខយ៉ាងដំណំ ដោយសារតែអ្នកបើកបរប្រញាប់ឆ្លងឱ្យទាន់ភ្លើងខៀវ កាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី៨ កញ្ញា នៅចំណុចស្តុបផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
មន្ត្រីប៉ូលិសចរាចរខណ្ឌសែនសុខ ប្រចាំការនៅស្តុបខាងលើបានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូស្គូពីបានធ្វើចរាចរពីកើតទៅលិច តាមបណ្តោយផ្លូវលេខ១៩៨៦ ហើយមកដល់ចំណុចស្តុបចំពេលភ្លើងខៀវលោតជិតផុតដល់ភ្លើងក្រហម អ្នកបើកបរបានបន្ថែមល្បឿនក៏ទៅបុកគូទរថយន្តហ៊ីយ៉ាន់ដាយចំពីចំហៀង ខណៈរថយន្តនោះកំពុងធ្វើចរាចរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយពីជើងទៅត្បូង និងបានបត់ឆ្វេងឡើងផ្លូវលេខ១៩៨៦ ទៅទិសខាងកើតនោះដែរ ។
នៅកន្លែងកើតហេតុ អ្នកជិះម៉ូតូស្គូពីឈ្មោះម៉េង លី ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុក មានទីលំនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានទទួលកំហុស និងសូមសម្រួលបញ្ជប់បញ្ហាដោយមិនទារសំណង បើទោះបីម៉ូតូខ្លួនត្រូវខូចខាតយ៉ាងដំណំក៏ដោយ ៕
ចែករំលែកព័តមាននេះ