រាជធានីភ្នំពេញ ៖ រថយន្ត Tundra ពណ៌ទឹកប្រាក់ ១គ្រឿង បើកបរដោយបុរសចំណាស់ម្នាក់បានបើកទៅបុករនាំងដែកបាក់អស់៦ផ្ទាំង កាលពីវេលាម៉ោង៨និង៥នាទីព្រឹកថ្ងៃទី៧ កញ្ញា នៅចំណុចមុខផ្សាររតនាផ្លាហ្សា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
មន្ត្រីប៉ូលិសប្រចាំការនៅស្តុបផ្សារដីហុយបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កខាងលើបានធ្វើចរាចរណ៍ពីលិចទៅកើតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ចំកណ្តាលថ្នល់ក្នុងល្បឿនលឿនគួរសម ក៏បុករនាំងដែកចែកផ្លូវបាក់អស់ចំនួន៦ផ្ទាំងហាក់ដូចជាមើលមិនឃើញ ។ ប្រភពបានបន្តថា រនាំងដែកចំនួន៥ផ្ទាំងបានដួលរាបដល់ដី និង១ផ្ទាំងទៀតគ្រាន់តែវៀចចេញពីផ្លូវ ។ ចំណែកម្ចាស់រថយន្តមិនបានផ្តល់អត្តសញ្ញាណទេ ហើយបាននិយាយបែបសម្រាលថា ការបុករនាំងដែកនេះ គឺដោយសាររថយន្តរបស់គាត់បានគេចម៉ូតូមួយគ្រឿងខាងមុខ ដែលបើកក្នុងទិសដៅស្របគ្នា ទើបជួបហេតុការណ៍អាក្រក់បែបនេះ ។
ទោះជាបែបណា ប៉ូលិសចរាចរជើងគោកបានស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យ ជំនាញតាមនីតិវិធី ។ គេកត់សម្គាល់ឃើញថា របាំងចែកផ្លូវជាច្រើនខ្សែរងការខូចខាតបាក់បែកដោយសារអ្នកបើកបរយានយន្តមួយចំនួនបើកបរក្នុងស្ថានភាពស្រវឹង និងធ្វេសប្រហែសបុកបំផ្លាញដែលទង្វើអគតិរបៀបនេះ គួរសមត្ថកិច្ចចាត់ការឱ្យបានធ្ងន់ធ្ងរ ដើម្បីឱ្យរាងចាលមិនមែនគ្រាន់តែឃាត់រថយន្តឱ្យម្ចាស់ចូលខ្លួនបង់ពិន័យការខូចខាតប៉ុណ្ណោះទេ គួរឃុំខ្លួនអ្នកបង្កនោះជាការល្អ ៕
ចែករំលែកព័តមាននេះ