ខេត្តកំពត ៖ ជ្រូកមេមួយក្បាលត្រូវបានគ្រប់គ្រងនិងថែរក្សាដោយព្រះសង្ឃនិងយាយជីនៅវត្តដូនបុណ្យ ស្ថិតក្នុងឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ដែលគេអះអាងថា ជ្រូកនេះពេលយប់គេឃើញមានពន្លឺនៅក្នុងកែវភ្នែកគួរឱ្យខ្លាច ។ដូនជីម្នាក់នៅក្នុងវត្តដូនបុណ្យនិយាយថា ជ្រូកមេមួយក្បាលនេះត្រូវបានគេដឹកតាមរថយន្តយកមកប្រគេនព្រះសង្ឃជាយូរឆ្នាំមកហើយ ។
ជ្រូកនេះពិតជាមានពន្លឺនៅក្នុងកែវភ្នែកនៅពេលយប់ប្រៀបដូចជាកែវភ្នែកឆ្កែគួរឱ្យខ្លាចតែអ្នកខ្លះដែលគេចំណាយពេលមកមើលនៅពេលយប់ អះអាងថា មិនបានឃើញភ្លើងអ្វីភ្លឺនៅក្នុងភ្នែកជ្រូកនោះទេ។ ដូនជីជាអ្នកដាក់បាយឱ្យជ្រូករាល់ថ្ងៃនិយាយថា គាត់មិនបានដឹងថាបែបណាទេ តែបើតាមដំណឹងមួយទៀតថា ម្ចាស់ជ្រូកនេះនៅភ្នំពេញនិងប្រាប់ថាជ្រូកមួយក្បាលនេះបានឈ្មុសកំណប់មាសឱ្យម្ចាស់វាបានមួយកំប៉ុង ទើបម្ចាស់គេយកមកដាក់វត្ត ដើម្បីរស់បានយូរគ្មានអ្នកណាធ្វើបាបវា។ ដូនជីដដែលនិយាយដូចជាងឿងឆ្ងល់តែម្នាក់ឯងថា ចុះបើជ្រូកនេះឱ្យមាស១កំប៉ុងដល់ម្ចាស់វានិងរកស៊ីមានបាន ហេតុអ្វីក៏ យកវាមកដាក់នៅវត្តមិនខ្លាចជ្រូកដាក់បណ្តាសាទេឬ ?
ទាក់ទងនឹងជ្រូកនេះ ព្រះតេជគុណសោម សាវឿន ចៅអធិការវត្តដូនបុណ្យមានថេរដីកាថា ជ្រូកមេមួយក្បាលនេះពុទ្ធបរិស័ទនៅភ្នំពេញបានដឹកមកទុកនៅក្នុងវត្តនេះជាយូរឆ្នាំមកហើយ គឺតាំងពីជ្រូកនេះមានទម្ងន់៩០គីឡូក្រាមម្ល៉េះ។ ឥឡូវជ្រូកនេះមានទម្ងន់ប្រហែល២៥០គីឡូក្រាមទៅហើយ ។ ព្រះតេជគុណចៅអធិការមានថេរដីកាទៀតថា មូលហេតុដែលដឹកយកមកដាក់នៅវត្តនេះត្រូវបានម្ចាស់អះអាងថាចាប់តាំងពីទិញជ្រូកនេះមកចិញ្ចឹមរកស៊ីដូច ជាមិនបានកាក់កប ឬក៏អាចនិយាយថា «ចង្រៃ»ក៏ថាបាន ។ ថេរដីការបស់ព្រះចៅអធិការវត្តគឺផ្ទុយទៅនឹងការលើកឡើងខាងលើដែលថា ជ្រូកនេះឈ្មុសបានមាសមួយកំប៉ុងឱ្យម្ចាស់ ។ ព្រះតេជគុណបន្តថា បន្ទាប់ពីបានជ្រូកនេះមកដាក់វត្ត មានអ្នកមើលថែរក្សាគ្មានអ្នកណាហា៊នធ្វើបាបទេ ។ សិស្សៗនៅក្នុងវត្តនិយាយថា នៅពេលយប់គេបានមើលឃើញភ្នែកជ្រូកមានភ្លើងភ្លឺ ប៉ុន្តែព្រះតេជគុណមិនបានឃើញទេ ហើយនៅក្នុងវត្តក៏មានសេចក្តីសុខសប្បាយមិនមានផលរមាស់អ្វីដែរ ។
សមិទ្ធផលទាំងឡាយដែលកសាងនៅក្នុងទីអារាមវត្តដូនបុណ្យនេះបានថវិកាមកពីញោមញាតិពុទ្ធបរិស័ទជិតឆ្ងាយ ដែលមកឱ្យព្រះសង្ឃស្រោចទឹកប្រោះព្រំសុំសេចក្តីសុខ។ ពុទ្ធបរិស័ទទាំងអស់នោះមានអ្នករស់នៅភ្នំពេញនិងនៅខេត្តព្រះសីហនុមានជំនឿយ៉ាងមុតមាំថា ព្រះសង្ឃវត្តដូនបុណ្យនេះប្រោះព្រំទឹកមន្តនិងបន់ស្រន់បានដូចបំណង ។ ម្យ៉ាទៀតគេចង់មកមើលជ្រូកមានទម្ងន់រាប់រយគីឡូក្រាមនេះផងដែរ ដោយសាររឿងវាមានពន្លឺកែវភ្នែកភ្លឺនៅពេលយប់ ៕
ចែករំលែកព័តមាននេះ