រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ដោយសារយកខ្សែលួសទៅដោតចូលព្រីភ្លើងប៉ុនប៉ងសម្លាប់នារីដែលខ្លួនស្រឡាញ់ និងបុរសដែលជាសង្សាររបស់នាង តែជាអកុសល បណ្តាលឱ្យឆក់ស្លាប់ខ្លួនឯងភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ កញ្ញា ២០១២ នៅចំណុចផ្ទះជួល ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះដែលឆក់ស្លាប់នោះឈ្មោះលឹម ថៃ អាយុ២២ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើត ស្រុកព្រៃកប្បាស ខេត្តតាកែវ បានលង់ស្រឡាញ់នារីម្នាក់ឈ្មោះសៀក រ៉ែម ហៅពៅ អាយុ២០ឆ្នាំជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ មានស្រុកកំណើតភូមិប្រមូល ឃុំស្រមែង ស្រុកឈូក ខេត្តកំពត ដោយនាងមានសង្សាររួចទៅហើយ ។
តាមប្រភពឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះលឹម ថៃ បានបបួលនាងសៀករ៉ែម ឱ្យទៅសម្ពោធហាងបងរបស់ខ្លួននៅភូមិត្រពាំងល្វា រួចរាល់ហើយក៏នាំគ្នាត្រឡប់មកផ្ទះជួលវិញ ដោយនាងមានការភ័យខ្លាចបុរសរងគ្រោះធ្វើបាបក៏ហៅសង្សាររបស់ខ្លួនឈ្មោះអីុវ វីរៈ អាយុ២១ឆ្នាំ ជាកម្មកររោងចក្រឱ្យមកដេកជាមួយ ។ ដោយនៅយប់កើតហេតុពួកគេបាននាំគ្នាផឹកស៊ីរហូតដល់ម៉ោង៩យប់ ហើយបានប្រាប់ជនរងគ្រោះឱ្យត្រឡប់ទៅផ្ទះវិញ តែជនរងគ្រោះមិនព្រមទៅសុំដេកនៅទីនោះមួយយប់ ខណៈនោះនាងនឹងបុរសជាសង្សារបានដេកជាមួយគ្នា ចំណែកបុរស៣នាក់ទៀត និងជនរងគ្រោះក៏ដេកនៅក្បែរនោះដែរ នៅពេលឃើញបែបនោះជនរងគ្រោះក៏បានយកខ្សែលួសទៅដោតចូលព្រីភ្លើងរួចយកដៃទៅកាន់ជើងនារីដែលខ្លួនស្រឡាញ់ធ្វើឱ្យឆក់ដោយទាំងសង្សាររបស់នាងដែលកំពុងដេកជាមួយគ្នានោះ ស្រែកយ៉ាងខ្លាំងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដែលដេកនៅជិតនោះ ភ្ញាក់ឡើងឃើញក៏ទៅដកលួសចេញពីព្រីភ្លើង តែជាអកុសលបុរសរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ