ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់ ម្នាក់ទៀតរបួសស្រាល បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា កាលពីថ្ងៃទី៥ កញ្ញា ដែលករណីទី១ កើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលនៅចំណុចផ្លូវបំបែកជាបួនភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង រវាងរថយន្តម៉ាកតាកូម៉ា បុកគ្នាជាមួយម៉ូូតូស្គូពីបណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសស្រាល ។
ករណីបុកគ្នាជាមួយរថយន្តខាងលើអ្នកបើកម៉ូតូគ្រាន់តែរងរបួសស្រាលរលាត់ដៃជើងតិចតួចហើយម៉ូតូជួសជុលអស់ប្រហែលជា៥០ដុល្លារប៉ុណ្ណោះ ដូច្នេះភាគីខាងម៉ូូតូមិនបានរកខុសត្រូវជាមួយភាគីខាងរថយន្តទេ ដោយភាគីទាំង២សុខចិត្តសម្រួលគ្នា ហើយយកម៉ូតូ និងរថយន្តទៅជួសជុលរៀងៗខ្លួន ។ឯករណីទី២ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ ចំណុចរង្វង់មូលរូបសិង្ហអតីតរូបគោ ភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ។
បើតាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា នៅវេលាម៉ោងខាងលើមានយុវជនម្នាក់បានជិះម៉ូតូ ម៉ាកអ៊ែរប្លែតឌុបនារីម្នាក់ចេញពីហាងផឹកស៊ី ដោយបើកម៉ូតូតាមផ្លូវជាតិលេខ១ ពីលិចទៅកើតលុះដល់រង្វង់មូលរូបសិង្ហក៏បុកខឿនរង្វង់មូលពេញទំហឹងលាន់ដូចរន្ទះបណ្តាលឱ្យមនុស្សផ្លោងចេញពីម៉ូូតូបោកនឹងខឿនរង្វង់មូលបែកក្បាលបែកចិញ្ចើមរលាត់ដៃជើងសន្លប់ស្តូកស្តឹងនៅនឹងកន្លែងទាំង២នាក់ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ។
នារីរងគ្រោះឈ្មោះព្រំ សាខន រងរបួសបែកក្បាលខាងក្រោយបែកចិញ្ចើម រស់នៅភូមិសម្បត្តិមានជ័យ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក រីឯយុវជនអ្នកឌុបរបួសផ្ទៃមុខមិនស្គាល់អត្តសញ្ញាណទេ ព្រោះពេលដឹងខ្លួនព្រឹកឡើងចេញពីមន្ទីរពេទ្យបាត់ស្រមោល តែគ្រាន់តែដឹងថាមានទីលំនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ៕
ចែករំលែកព័តមាននេះ