ខេត្តព្រៃវែង ៖កាលពីថ្ងៃទី៤ កញ្ញា មន្ទីរកសិកម្មខេត្ត រួមសហការជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ដឹកនាំដោយលោកសំ សារុន អនុប្រធានមន្ទីរកសិកម្មខេត្ត និងលោកចិន វិសាល អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយវិធានជីវសុវត្ថិភាពដល់អាជីវករដឹកជញ្ជូនសត្វនិងផលិតផលមានដើមកំណើតពីសត្វ ដោយធ្វើការបាញ់ថ្នាំសម្លាប់មេរោគលើមធ្យោបាយដឹកជញ្ជូនសត្វ និងសម្ភារវេចខ្ចប់ផលិតផលមានដើមកំណើតពីសត្វនៅតាមដងផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច មានរយៈពេល១ថ្ងៃ ។
ការចុះអប់រំផ្សព្វផ្សាយនិងបាញ់ថ្នាំសម្លាប់មេរោគនេះ គឺក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងពីសត្វមួយទៅសត្វមួយ ពីតំបន់មួយទៅតំបន់មួយ ដើម្បីកុំឱ្យកើតមានឡើងនៅពេលទឹកជំនន់នាពេលខាងមុខនេះ ។ លោកចិន វិសាល អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានធ្វើការណែនាំដល់ក្រុមអាជីវករនិងប្រជាពលរដ្ឋទូទៅត្រូវប្រុងប្រយ័ត្នកុំប៉ះពាល់ផ្ទាល់លើសត្វឈឺ ឬងាប់ និងហាមបរិភោគសត្វឈឺ ឬងាប់។ បើមានសត្វឈឺ ឬងាប់ ត្រូវរាយការណ៍ជាបន្ទាន់ទៅមន្ត្រីពេទ្យសត្វ ឬភ្នាក់ងារសុខភាពសត្វប្រចាំភូមិនីមួយៗ ។
លោកសំ សារុន អនុប្រធានមន្ទីរកសិកម្មខេត្ត បានផ្តល់ជាមតិយោបល់ល្អៗបន្ថែមទៀតដល់បងប្អូនអាជីវករទាំងអស់ ឱ្យយល់កាន់តែច្បាស់អំពីតម្លៃនៃជីវិត ត្រូវគិតអនាម័យដើម្បីសុខភាព ។ ក្នុងនោះលោកក៏បានបញ្ជាក់ប្រាប់ក្រុមអាជីវករទាំងអស់ថា ការដឹកសត្វពីកន្លែងមួយ ឬពីតំបន់មួយទៅតំបន់មួយទៀត ចាំបាច់ត្រូវមានលិខិតស្នាមត្រឹមត្រូវ ហើយត្រូវគោរពតាមការណែនាំរបស់មន្ត្រីពេទ្យសត្វ និងបង្កើនការចិញ្ចឹមសត្វគ្រប់ប្រភេទនៅតាមមូលដ្ឋានដើម្បីលើកតម្កើងជីវភាពគ្រួសារ ៕
ចែករំលែកព័តមាននេះ