រាជធានីភ្នំពេញ ៖ ម៉ូតូវីវ៉ា ពណ៌ខ្មៅ បើកបុកសង់កូរ៉េពណ៌ក្រហម បណ្តាលឲ្យដួលរដូករណែលតាមផ្លូវ ស្របពេលនោះមានរថយន្តកូរ៉ូឡា មួយគ្រឿងបើកបោះពួយលឿនស្លេវមកដល់បុកម៉ូតូវីវ៉ាខ្ទាតទៅចិញ្ចើមផ្លូវ រួចកិនពីលើម្ចាស់ម៉ូតូបាក់ជើងខាងស្តាំ ភ្លាមៗរថយន្តបើករត់បាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ កញ្ញា នៅទល់មុខសាលាសង្កាត់ស្ទឹងមានជ័យ ស្ថិតក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា ម៉ូតូវីវ៉ា ពណ៌ខ្មៅ ធ្វើដំណើរពីកើតទៅលិច ចំណែកម៉ូតូសង់កូរ៉េ ពណ៌ក្រហម បើកពីលិចទៅកើត ក្នុងទិសដៅបញ្ច្រាសទិសគ្នា ខណៈមកដល់ចំណុចខាងលើ ម៉ូតូវីវ៉ាបានជ្រុលល្បឿនទៅបុកម៉ូតូសង់កូរ៉េ បណ្តាលឲ្យដួលរដូករណែលតាមផ្លូវ ស្របពេលនោះមានរថយន្តកូរ៉ូឡា១គ្រឿង បើកយ៉ាងលឿនមកដល់បុកម៉ូតូវីវ៉ាថែមខូចខាតយ៉ាងដំណំខ្ទាតទៅចិញ្ចើមផ្លូវ រួចរថយន្តបើកកិនពីលើម្ចាស់ម៉ូតូវីវ៉ាបាក់ជើងស្តាំ ហើយរថយន្តបើកគេចបាត់ស្រមោល ។ ចំណែកម្ចាស់ម៉ូតូសង់កូរ៉េមិនមានរងរបួសទេ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំណែកម៉ូតូទាំងពីរគ្រឿងរងការខូចខាតត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌមានជ័យ ៕
ចែករំលែកព័តមាននេះ