រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់បានត្រូវប៉ូលិសប៉ុស្តិ៍ផ្សារដេប៉ូទី២ចាប់ខ្លួនជាបន្តបន្ទាប់ ដែល២នាក់ចាប់ខ្លួននៅវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី៤ ខែកញ្ញា និងម្នាក់ទៀតចាប់ខ្លួនកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៥ខែកញ្ញា ខណៈពួកគេជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមមួយគ្រឿងចេញធ្វើសកម្មភាពលួចនៅតាមផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលេគាក ហើយប្រទះនឹងកម្លាំងសមត្ថកិច្ច ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននេះមាន ១- ឈ្មោះវុត្ថា បូរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅតាមផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ២- ឈ្មោះចាន់ ធី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅតាមផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ៣- ឈ្មោះលឹម សាលី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅតាមផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ នៅពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតដែកសម្រាប់កាច់សោ.កម៉ូតូ ព្រមទាំងម៉ូតូដែលជិះធ្វើសកម្មភាពមួយគ្រឿងផង ។
តាមមន្ត្រីប៉ូលិសឱ្យដឹងថា នៅមុនពេលចាប់ខ្លួនកម្លាំងល្បាតរបស់ប៉ុស្តិ៍សង្កាត់ផ្សារដេប៉ូទី២បានជិះល្បាតក្នុងមូលដ្ឋានតាមផ្លូវលេខ១៣៨ ក៏ប្រទះឃើញជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមមួយគ្រឿង ។ ដោយមានការសង្ស័យកម្លាំងប៉ូលិសបានត្រួតពិនិត្យឃើញមានដែកអក្សរតេ និងទូរណឺវីសដែលជននោះដាក់តាមខ្លួន ដើម្បីធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ ក៏ឃាត់ខ្លួនតែម្តង ។
តាមមន្ត្រីប៉ូលិសបានបន្តទៀតថា បន្ទាប់ពីឃាត់ខ្លួនជននោះបានសារភាពថា ពួកគេជិះម៉ូតូចេញធ្វើសកម្មភាពលួចម៉ូតូតែមិនទាន់បានលួចផងក៏ត្រូវប៉ូលិសចាប់ខ្លួនបាន ។ តាមរយៈការសារភាព ប៉ូលិសខណ្ឌទួលគោកបានធ្វើការស្រាវជ្រាវឈានទៅចាប់បានបក្សពួកម្នាក់ទៀតនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៥ ខែកញ្ញា ។ ជនសង្ស័យត្រូវបានប៉ូលិសឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌទួលគោកដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ