រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៥ កញ្ញា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនជាប់សង្ស័យពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនចំនួន៣នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នរង់ចាំបើកសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់ ។ក្រុមជួញដូរគ្រឿងញៀនទាំង៣នាក់នេះ មាន១- ឈ្មោះប៊ូ សុវណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ ២- ឈ្មោះសាន់ ងួនលាង ភេទប្រុស អាយុ៣៣ឆ្នាំ និង៣- ឈ្មោះខេង ប៊ុនចេង ភេទប្រុស អាយុ៤៧ឆ្នាំ ។
គួរបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នេះត្រូវនគរបាលការិយាល័យអន្តរាគមន៍នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១ កញ្ញា ក្នុងប្រតិបត្តិការបង្ក្រាបមួយនៅភោជនីយដ្ឋានស្រះស្រង់ តាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌប្ញស្សីកែវ ។ ។ នៅក្នុងការបង្ក្រាបនោះ សមត្ថកិច្ចដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកក៣៦៩,៣ក្រាម និងយ៉ាម៉ា ជាច្រើនគ្រាប់ទៀត ។ ការបង្ក្រាបនោះទៀត សមត្ថកិច្ចបានផ្ទុះអាវុធចំនួន៣គ្រាប់ ជាការបាញ់គំរាមបំបាក់ស្មារតីនៅពេលពួកគេកំពុងទិញលក់គ្រឿងញៀននៅក្នុងភោជនីយដ្ឋាននោះ ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវសមត្ថកិច្ចនាំទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការ ។ បន្ទាប់ពីតំណាងអយ្យការចោទប្រកាន់ហើយ សំណុំរឿងនោះបានដាក់ចូលទៅចៅក្រមស៊ើបសួរ និងសម្រេចឃុំខ្លួនជនទាំង៣នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ៕
ចែករំលែកព័តមាននេះ