រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ បន្ទាប់ពីលេបថ្នាំងងុយដេកអស់ជិតមួយកំប៉ុងតាំងពីម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៦ កញ្ញា ២០១២ រហូតដល់ម៉ោង៥ព្រឹក ទើបបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ តែអកុសលគ្រូពេទ្យមិនអាចជួយសង្គ្រោះបានដោយសារជាតិថ្នាំជ្រាបសពពេញខ្លួនអស់ហើយ ។
ស្ត្រីដែលស្លាប់បាត់បង់ជីវិតនោះឈ្មោះសេង ស៊ាងលី អាយុ៤០ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ បើតាមសម្តីរបស់បុរសជាប្តីបានបង្ហើបថា ប្តីប្រពន្ធរបស់គាត់ស្រឡាញ់គ្នាល្អូកល្អិនណាស់ មិនដែលឈ្លោះប្រកែកគ្នាទេកន្លងមក រហូតមានកូនកំលោះក្រមុំអស់ទៅហើយ ។ ទាក់ទិននឹងការលេបថ្នាំនេះក្រុមគ្រួសារព្យាយាមលាក់លៀមមិនបានប្រាប់ពីមូលហេតុទេ ដោយគ្រាន់តែប្រាប់ថា លេបថ្នាំងងុយដេកអស់ជិតមួយកំប៉ុង ។ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានសុងទុយោលាងក្រពះ តែមិនអាចលាងជម្រះជាតិពុលបានទេ ដោយសារជាតិពុលជ្រាបសព្វពេញខ្លួនប្រាណទៅហើយ ។ បន្ទាប់ពីលាងក្រពះរួចនៅតែដកដង្ហើមដង្ហក់គ្រូពេទ្យបានបញ្ជូនទៅបូមស្លេះចេញ តែពេលដែលទៅបូមស្លេះចេញនោះក៏ស្លាប់បាត់បង់ជីវិតតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ