ខេត្តតាកែវ ៖ ក្រុមហ៊ុនអគ្គិសនីអង្គរកា ស្ថិតនៅភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ កំពុងតែបង្កក្តីបារម្ភចំពោះសុវត្ថិភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដោយតខ្សែកាបអគ្គិសនីនៅចំពីលើដំបូលផ្ទះរបស់ពួកគាត់ និងធ្វើឱ្យមានការប្រឈមនឹងហានិភ័យខ្ពស់បំផុត ។ ខ្សែកាបនោះ ឃ្លាតពីដំបូលផ្ទះតែពី១ម៉ែត្រទៅ២ម៉ែត្រប៉ុណ្ណោះ ធ្វើឱ្យពលរដ្ឋភ័យខ្លាចប៉ះពាល់ដល់អាយុជីវិតជាយថាហេតុ និងប៉ះពាល់សុខភាពផងដែរ ។
ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមបណ្តោយផ្លូវលេខ១៣២A ក្នុងតំបន់អង្គរកា នៃភូមិស្រែខ្វាវ បានតវ៉ាជំទាស់ចំពោះការដាក់ខ្សែកាបភ្លើងលើដំបូលផ្ទះនេះ តែក្រុមហ៊ុនអគ្គិសនីឯកជនរបស់លោក ជិត ប៉ុណ្ណារ៉ា មិនស្តាប់ និងមិនខ្វល់ពីការប៉ះពាល់ដល់ការរស់នៅ ឬអាយុជីវិតរបស់ប្រជាពលរដ្ឋទេ ។
ប្រជាពលរដ្ឋចំនួន៣៦គ្រួសារបានជំទាស់តវ៉ាចំពោះក្រុមហ៊ុននោះ និងបានផ្តិតមេដៃសុំការជួយអន្តរាគមន៍ពីលោក ច័ន្ទ សារុន ប្រធានក្រុមការងារចុះជួយស្រុកត្រាំកក់ទៀតផង ហើយលោកបានអះអាងថា នឹងជួយជំរុញឱ្យអាជ្ញាធរស្រុកជួយដោះស្រាយ ។
នៅព្រឹកថ្ងៃទី៥ កញ្ញា ខណៈក្រុមហ៊ុនអគ្គិសនីអង្គរកាបំពាក់ខ្សែកាបភ្លើង ប្រជាពលរដ្ឋជាច្រើននាក់បានចេញទៅជំទាស់តវ៉ាឱ្យបញ្ឈប់ ហើយគេក៏ផ្អាក តែលុះដល់វេលារសៀលថ្ងៃដដែលគេបន្តសកម្មភាពទាំងគឃ្លើនទៀត ។
ប្រជាពលរដ្ឋជាច្រើននាក់នៅទីនោះឱ្យដឹងថា ប្រជាពលរដ្ឋបានប្តឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឱ្យជួយហាមឃាត់ការបំពាក់ខ្សែកាបភ្លើងលើដំបូលផ្ទះប្រជាពលរដ្ឋនោះ ដើម្បីដោះស្រាយគ្នាសិន តែគេមិនស្តាប់ទេ ។ ដូច្នេះហើយសមត្ថកិច្ចបានព្រមានទៅក្រុមហ៊ុននោះថា ត្រូវតែទទួលខុសត្រូវខ្លួនឯងបើមានបញ្ហាអ្វីកើតឡើងពីប្រតិកម្មរបស់ប្រជាពលរដ្ឋ ។
ប្រភពព័ត៌មានបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុនអគ្គិសនីនោះមិនស្តាប់ការតវ៉ារបស់ប្រជាពលរដ្ឋទេ ដោយគេប្រើសម្តីគំរោះគំរើយថា «គេនៅតែបំពាក់ខ្សែកាបភ្លើងតាមគម្រោងរបស់គេ ចង់ប្តឹងដល់ណាប្តឹងទៅ»។ ការនិយាយបែបនេះមិនដឹងគេអាងអី ដោយមិនខ្វល់ពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋនោះទេ ។
ប្រជាពលរដ្ឋនិយាយថា ពួកគាត់មិនជំទាស់តវ៉ាចំពោះការតបណ្តាញអគ្គិសនីទេ តែចង់ឱ្យថយឱ្យឆ្ងាយពីផ្ទះរបស់ពួកគាត់ ពោលគឺកុំឱ្យការរស់នៅរបស់ពួកគាត់ប្រឈមនឹងការភ័យខ្លាចជារៀងរាល់ថ្ងៃ ព្រោះខ្សែកាបភ្លើងនោះអាចបង្កគ្រោះថ្នាក់ដល់ជីវិតពួកគាត់ជាយថាហេតុ ។
ទាក់ទិនរឿងនេះ ប្រជាពលរដ្ឋបានប្តឹងទៅអាជ្ញាធរភូមិ ឃុំ និងស្រុកដែរ តែគ្មានការជួយដោះស្រាយបានជាផ្លែផ្កាទេ ទុកឱ្យប្រជាពលរដ្ឋរងាមិនដឹងទៅពឹងខាងណាទៀត ។ ប្រជាពលរដ្ឋសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរអគ្គិសនីកម្ពុជា និងលោកស្រី បេន អភិបាលខេត្តតាកែវ ជួយអន្តរាគមន៍ក្នុងរឿងនេះផង ។ បើមិនដូច្នេះទេ ក្រុមហ៊ុនអគ្គិសនីតូចមួយនោះនឹងបំពានសិទ្ធិរស់នៅសុខសាន្ត និងបំពានលើលំនៅឋានស្របច្បាប់របស់ប្រជាពលរដ្ឋ ។
លោក ទិត្យ សូវ៉ាត អាយុ៥៦ឆ្នាំ ជាតំណាងប្រជាពលរដ្ឋទាំងអស់ឱ្យដឹងថា ពួកគាត់តវ៉ានេះដើម្បីឱ្យក្រុមហ៊ុនអគ្គិសនីឯកជន ដែលទទួលគ្រប់គ្រងបន្តពីអាជ្ញាធរអគ្គិសនីកម្ពុជា ចាប់ពីអង្គតាសោមទៅចែកចាយនៅតំបន់អង្គរកា គិតដល់ការរស់នៅរបស់ប្រជាពលរដ្ឋផង ។ បញ្ហានេះ ប្រជាពលរដ្ឋបានធ្វើពាក្យបណ្តឹងទៅលោកបណ្ឌិត ច័ន្ទ សារុន ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកត្រាំកក់ឱ្យជួយដោះស្រាយផងដែរ ។
លោកតំណាងប្រជាពលរដ្ឋរូបនេះបន្តទៀតថា ការដាំបង្គោលភ្លើងមិនសមស្របទេ គឺចាប់ពីខាងកើតផ្ទះលោក ឌិញ មុំ នៅជិតផ្សារអង្គរកាចម្ងាយ៥០០ម៉ែត្រ រហូតទៅដល់ផ្លូវបំបែកចូលវត្តមឿងចារ្យការដាំបង្គោលភ្លើងរបស់ក្រុមហ៊ុនចេញពីទ្រូងថ្នល់រហូត ២២ម៉ែត្រ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ។ ខ្សែកាបភ្លើងចំពីលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋកម្ពស់ចាប់ពី១ ទៅ២ម៉ែត្រប៉ុណ្ណោះ ។ ប្រជាពលរដ្ឋបារម្ភខ្លាំង ព្រោះខ្សែភ្លើងនោះជាខ្សែកាបមិនមែនជាខ្សែភ្លើងធម្មតាឡើយ ។ បញ្ហានេះ បើសិនជាប្រជាពលរដ្ឋទាំងអស់ចង់ធ្វើផ្ទះឡើងទៅលើក៏មិនបានដែរ ព្រោះតែខ្សែភ្លើងនៅពីលើដំបូលផ្ទះ ។
លោក ជិត ប៉ុណ្ណារ៉ា ប្រធានក្រុមហ៊ុនអគ្គិសនីអង្គរកា ភ្នាក់ងារកោះសន្តិភាពមិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទចូលជាច្រើនលើកតែលោកអត់លើក ។ ប្រជាពលរដ្ឋឱ្យដឹងបន្ថែមនៅវេលារសៀលថ្ងៃដដែលថា លោកស្រីអភិបាលស្រុកបានទៅជួបប្រជាពលរដ្ឋ ដោយមិនមានតំណាងក្រុមហ៊ុនអគ្គិសនីចូលរួមទេ ។ លោកស្រីថា នឹងឱ្យក្រុមហ៊ុននោះផ្អាកការដំឡើងខ្សែកាបភ្លើងសិន ព្រមទាំងចង់ឱ្យដកបង្គោលភ្លើងដែលប៉ះពាល់ចេញ ។ លោកស្រីសន្យាថា នឹងជួបជាមួយតំណាងក្រុមហ៊ុននោះដើម្បីរកដំណោះស្រាយ ៕
ចែករំលែកព័តមាននេះ