រាជធានីភ្នំពេញ ៖ មន្ត្រីយោធាស័ក្តិ៣ម្នាក់ បានរងរបួសចំនួន២កន្លែង និងត្រូវគ្រូពេទ្យដេរជាច្រើនថ្នេរដោយសារត្រូវបុរសម្នាក់ចោទថា ហ៊ានចូលទៅញ៉ែប្រពន្ធរបស់ខ្លួនដល់ក្នុងផ្ទះ ជាញយដងនៅពេលខ្លួនជាប្តីមិននៅផ្ទះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៤ កញ្ញា នៅភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំពោះជនដៃដល់ដែលប្រើកាំបិតផ្គាក់កាប់ជនរងគ្រោះគ្មានប្រណីដៃព្រោះរឿងប្រចណ្ឌនោះបានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់ ។
មន្ត្រីយោធាដែលរងរបួសនេះឈ្មោះថែម ចិន្តា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរងរបួស ចំក្រោមភ្នែកនិងចំកណ្តាលក្បាល ។ ចំណែកជនដៃដល់ឈ្មោះ រិន សីហា មានអាយុ៣៣ឆ្នាំ មានមុខរបរដើរទិញប្រេងម៉ាស៊ីនលក់ រីឯប្រពន្ធមានឈ្មោះណុន ផានិត អាយុ៣០ឆ្នាំ ក្រុមគ្រួសារនេះស្នាក់នៅក្នុងភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមស្ត្រីជាប្រពន្ធជនដៃដល់ឱ្យដឹងថា ជាញយដងបុរសឈ្មោះថែម ចិន្តា តែងចូលមកលេងក្នុងផ្ទះប្រើសម្តីលែបខាយ និងសុំស្រឡាញ់ជានិច្ច នៅពេលដែលប្តីនាងមិននៅ ព្រោះរវល់ទៅដើរទិញប្រេងម៉ាស៊ីនខ្មៅយកមកលក់ ។ ចំណែកនាងតែងតែឆ្លើយតបជាមួយមន្ត្រីយោធាម្នាក់នេះថា នាងមានប្តី និងមានកូនប្រុសម្នាក់អាយុរហូតទៅដល់៦ឆ្នាំ ហើយមិនអាចស្រឡាញ់ក្បត់ប្តីបានទេ ។ ទោះជាបែបណា ដោយសារតែមន្ត្រីយោធានេះចេះតែមកលែបខាយសុំស្រឡាញ់ច្រើដង និងត្រូវប្តីមកទាន់ថែមទៀត នាងក៏បានរៀបរាប់ប្រាប់ប្តីពីការលែបខាយ និងសុំស្រឡាញ់ពីបុរសម្នាក់នោះប្រាប់ប្តីទើបកើតរឿងក្តៅក្រហាយក្នុងចិត្តនិងមានគំនុំក្នុងខ្លួន ។
ស្ត្រីជាប្រពន្ធរៀបរាប់ទៀតថា នៅមុនពេលកើតហេតុខណៈឃើញបុរសជាមន្ត្រីយោធាកំពុងផឹកស៊ីនៅផ្ទះមួយដែលនៅមិនឆ្ងាយពីផ្ទះនាង ប្តីនាងក៏ទាញកាំបិតផ្គាក់ទៅសួរនាំពីរឿងហេតុដែលនាងតំណាលប្រាប់ស្រាប់តែមន្ត្រីយោធាខាងលើឌឺដងឱ្យប្តីនាងថែមទៀត ទើបកាន់តែក្តៅក្រហាយក៏ទាញកាំបិតផ្កាក់កាប់គ្មានប្រណីដៃ បណ្តាលឱ្យមន្ត្រីយោធានោះដេកដួលនៅក្នុងថ្លុកឈាម បន្ទាប់មកក៏បានរត់គេចខ្លួនបាត់ភ្លាមៗដែរ។ ចំពោះមន្ត្រីយោធានេះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ នៅគ្លីនិកឯកជនមួយដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុនោះដែរ ។
ចំណែកឯមន្ត្រីយោធាខាងលើបង្ហើបថា មកពីស្ត្រីឈ្មោះណុន ផានិតជាប្រពន្ធជនដៃដល់តែងតែឌឺដងដែរទើបបានជាហ៊ានទៅលេងផ្ទះ និងសុំស្រឡាញ់នោះ ៕
ចែករំលែកព័តមាននេះ