ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​​​ទំនាស់​​​ដី​បឹង​​ពោង​​ពាយ​​​យោង​​​ប្រសាសន៍​​​សម្តេច​​តេ​ជោ​​​សង្ឃឹម​​​ថា​​បាន​​​ទ​ទួល​​​​កម្ម​​សិទ្ធិ​​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ​៖ ថ្លែងនៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រដល់​និស្សិត​សកល​វិទ្យា​ល័យ​ឯកទេស​នៃ​កម្ពុជា​ នៅមជ្ឈ​មណ្ឌល​សន្និសីទ​កោះ​ពេជ្រ ​កាលពីថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០១២​ កន្លងទៅ ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន​ សែន ​នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រ​

រាជ​ធានី​ភ្នំពេញ​​ ​៖ ថ្លែងនៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រដល់​និស្សិត​សកល​វិទ្យា​ល័យ​ឯកទេស​នៃ​កម្ពុជា​ នៅមជ្ឈ​មណ្ឌល​សន្និសីទ​កោះ​ពេជ្រ ​កាលពីថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០១២​ កន្លងទៅ ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន​ សែន ​នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​ មាន​ប្រសាសន៍​ថា «…​ខ្ញុំសូម​ផ្តាំទៅ​ប្រជា​ពលរដ្ឋ​គ្រប់​ទីកន្លែងសូមកុំមានការព្រួយបារម្ភ​ ព្រោះ​វាគ្រាន់តែជា​បញ្ហាពេល​វេលា​តែ​ការ​​វាស់​វែង​​នៅ​តែ​វាស់ ឯរឿងដែល​មិនព្រម​វាស់ឱ្យ​គឺមាន​បញ្ហា​តែ​មួយទេ ​គឺមាន​ទំនាស់​គ្នាឯង​ទុកឱ្យ​ប្រជា​ពល​រដ្ឋ​​​ដោះស្រាយគ្នាឯង​​ បើរឿង​នេះបើភាគី​ទំនាស់ ​ព្រម​តាម​ផ្លូវ​តុលាការ​ ​ទុកឱ្យ​​តុលា​ការជាអ្នក​ដោះស្រាយ​ ប៉ុន្តែបើប៉ះពាល់ជា​មួយដីរដ្ឋ​ ​យើង​ដោះ​ស្រាយ​​ជូន​ ព្រោះដោយ​សារគាត់កាន់​កាប់​អត់​ត្រូវ​ច្បាប់ហ្នឹង​ ​ហើយ​ទើបយើងទៅ​តម្រង់​ច្បាប់​ឲ្យគាត់​ប្រគល់ដីឲ្យគាត់​ ​ពាក់ព័ន្ធ​នឹងដី​បរិ​ស្ថាន​យើង​កាត់ឲ្យគាត់ ​ពាក់ព័ន្ធ​នឹងដីក្រុម​ហ៊ុន​ដែល​មិនទាន់​ដាំដុះ​​ យើងកាត់​​ឲ្យគាត់ ​វាមិន​បញ្ហា​ទេ…» ។

យោង​តាមប្រសាសន៍​របស់​សម្តេចតេជោ​ហ៊ុន​ សែន​ ខាងលើនេះ​ លោកស្រីឈិន​ សុគន្ឋារី ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ឡាយីម៉ិច​ហូល​ឌីង​គ្រុប​ ​បានសម្តែង​ការគាំទ្រនិង​ភ្ជាប់​សំណូម​​ពរសូម​ឱ្យស្ថាប័ន​ពាក់ព័ន្ឋ​ ​មេត្តា​ដោះ​ស្រាយ​ការបែងចែក​ដីដែលកំណត់​ក្នុងអនុ​ក្រឹត្យ​​លេខ១០១​​អនក្រ.បក​ ចុះថ្ងៃទី១០​​ ខែកក្កដា ឆ្នាំ២០១២​ ស្តីពីការ​កំណត់ផ្ទៃបឹង​ពោងពាយ​ខាងជើង​ និង​ពោងពាយ​ខាងត្បូង​ ​ស្ថិតក្នុង​សង្កាត់ភ្នំពេញថ្មី​ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ និងសង្កាត់ទួល​សង្កែ​​ ខណ្ឌប្ញ​ស្សីកែវ​ ​រាជ​ធានី​ភ្នំពេញ​ ជាសម្បត្តិសាធា​រណៈ​របស់រដ្ឋ​ ​ឱ្យ​បាន​ច្បាស់​លាស់ស្រប​តាមប្រសាសន៍​ដ៏ខ្ពង់ខ្ពស់​ខាង​លើ​នេះ​ ។​ ប៉ុន្តែទោះ​ជាយ៉ាង​នេះក្តី​ក៏លោកស្រី​បានសម្តែង​ការព្រួយ​បារម្ភយ៉ាងខ្លាំង​ ក្រោយ​ពីទទួល​បានព័ត៌មានថា​ ​ដីនេះត្រូវ​បាន​យកទៅ​លក់ឱ្យក្រុមហ៊ុនមួយ​ទៅវិញ​ដែលជា​កត្តាមួយ​នាំឱ្យអាជ្ញា​ធរ​ជំនាញ និង​​ស្ថាប័ន​ពាក់ព័ន្ធពុំអាច​អនុវត្ត​តាមប្រសាសន៍​របស់សម្តេច​តេជោ​ ហ៊ុន ​សែន​ បាន​ឡើយ ។

មូលហេតុ​ដែល​នាំឱ្យមាន​ការសំណូម​ពរខាង​លើ​នេះ​ បានត្រូវ​លោកស្រីឈិន​​ សុគន្ឋារី ​បញ្ជាក់ថា​ ​ក្រុមហ៊ុន​ឡាយីម៉ិចហូលឌីង​គ្រុប​ដែល​មាន​លោកស្រីជាតំណាង​ ​បាន​ប្រមូល​ទិញ​ដី​ទំហំ​៣៤២.២៣៦,៨៩ម៉ែត្រ​​ ពីប្រជាពល​រដ្ឋ​ដែល​​បានកាន់កាប់​ គ្រប់គ្រង​ ប្រើប្រាស់​ ​និង​អាស្រ័យ​​ផល​ តាំងពីឆ្នាំ១៩៧៩​ មកម៉្លេះ​​ហើយ​ដីនេះភាគ​ខ្លះជាដី​លំនៅឋាន​​ ដីស្រែប្រាំង​ ​និង​ដីចម្ការឈូក​ ​ហើយ​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ផ្ទេរសិទិ្ឋមក​ឱ្យក្រុមហ៊ុន​កាន់កាប់​គ្រប់គ្រង​បន្តតាំង​ពីឆ្នាំ១៩៩៩​​ រហូតមក​ដល់បច្ចុប្បន្ន​ ។ ​នៅចន្លោះ​ពេលនោះក្រុមហ៊ុន​បានចាក់ដី​និងបាន​បង់ពន្ឋលើ​អចលនទ្រព្យ​ជូនរដ្ឋរួច​ជាស្រេច​នៅឆ្នាំ២០១១​ ​ដោយមាន​លិខិតប្រកាស​​ពន្ឋលើ​អចលន​ទ្រព្យ​ប្រចាំឆ្នាំ២០១១ ​របស់​អគ្គនាយក​ដ្ឋានពន្ឋ​ដា​ជាភស្តុតាង​ស្រាប់​ ​ហើយ​ក្នុង​នោះ​ក្រុម​​ហ៊ុនក៏មាន​គម្រោងប្លង់​អភិវឌ្ឍន៍​រួចជា​ស្រេច​ផង​ដែរ​ ។

នៅថ្ងៃ​ទី៤​ ខែឧសភា​ ឆ្នាំ២០០៥​ ​ក្រុម​ហ៊ុន​បាន​ធ្វើសំណើ​សុំធ្វើប​័ណ្ណកាន់​កាប់ដីធ្លីទៅ​​មន្ទីរ​រៀប​ចំដែន​ដី​​ នគរូបនីយ​កម្ម​ សំណង់​ និង ​សុរិយោ​ដី​ រាជធានីភ្នំពេញ​ម្តងរួចមកហើយ ​និង​ក្រុម​ហ៊ុនបានដាក់​ពាក្យស្នើសុំ​ជាបន្តបន្ទាប់​រហូត​មកដល់​សព្វថ្ងៃ​នេះ​​ ។​ ចំពោះ​ការ​ស្នើ​សុំ​នេះ ​សាលា​រាជ​ធានី​ភ្នំពេញបានចេញ​លិខិតឆ្លើយ​តប​លេខ​​១៣៨​ ឆត.សម​​ ចុះថ្ងៃទី១​ ខែមិថុនា ​ឆ្នាំ២០០៥​ ​ឱ្យក្រុមហ៊ុន​រង់ចាំការ​ធ្វើ​ប្រឡាយ​​មេខាង​ជើង​និងស្ថានីយ​បូមទឹក​កប់ស្រូវ​ហើយ​សិន​ ​តែឥឡូវនះ​បានសាង​សង់រួចរាល់​ជាស្ថាពរ​អស់​ហើយ​ ។

យោងតាម​លិខិត៦២៨​ ស.ជ.​ណ​ ​ចុះ​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ២០០៥​ ​ដែល​កំណត់ផ្ទៃបឹង​ទំហំ​១៥៧ហិកតា​ ​ឥឡូវ​នេះរក្សាទុក​តែ២០​ហិក​តា​​ ហើយ២០​ហិកតា​នេះទៀត​សោត​ ​​រក្សាទុក​តែតំបន់​ជ្រៅ និងលិច​ទឹកជាប្រចាំ​តែប៉ុណ្ណោះ ​ឃើញ​ថាខុស​ពីដីក្រុម​ហ៊ុនដែល​ជាដីគោក​ជាប់​ផ្លូវ​កៅស៊ូ​ លេខ១៩២៨​​ ស្ថិតក្នុង​ភូមិ​បាយ៉ាប​ ​សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែន​សុខ​ ។

លិខិត​លេខ​៦៩៩​ ធ.ទ.ឧ​ ចុះថ្ងៃទី៣ ​ខែមេសា​​ ឆ្នាំ២០១២​ របស់ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​​ ត្រង់ចំណុច​​III-ក-​​ ​ការ​រក្សា​ទុក​ផ្ទៃ​បឹង​​ដោយមានចំណារ​ឯកភាពពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ចុះថ្ងៃទី៩​​ ខែមេសា​ ឆ្នាំ២០១២ ​បានកំណត់យ៉ាងច្បាស់​ថា​ ជាសរុបមក​តំបន់​បឹង ​ពោង​ពោយនៅ​សល់ផ្ទៃអាង​ស្តុកទឹក​សរុប​ចំនួន​៥៣,៥១ហ​ិកតា​ ដែលក្នុង​នោះមាន៖​

១-​ផ្ទៃបឹងពោង​ពាយ​ខាង​ត្បូង​ទំហំ​៧,៥១​ហិកតា​  ​

២- ប្រឡាយ​មេនាំទឹក​ដែលមាន​ស្រាប់មាន​ទំហំ​២៦​ហិកតា​

និង​ទី៣​- ​បឹងពោង​ពាយខាង​ជើងដែល​ត្រូវរក្សា​ទុក២០ហិកតា​ ​ជាចំណុចដូច​​សម្តេច​នាយក​រដ្ឋមន្ត្រីធ្លាប់​លើកឡើង​កន្លងមកថា​ ​ជា​តំបន់​ជ្រៅ និងលិច​ទឹក​ជាប្រចាំ​ ។​

ដូច្នេះយោង​តាមលិខិត​នេះនិង​ការ​កំណត់​ព្រំបឹង​ ​ព្រមទាំងធ្វើប្រឡាយ​បានបញ្ចប់​ជាផ្លូវ​ការ​​ហើយនោះបញ្ជាក់​ឱ្យឃើញថា​ ​ដីក្រុម​ហ៊ុនពុំ​មាន​ពាក់ព័ន្ធ​នឹងដីបឹងទេ​​ ​ហើយក្រុមហ៊ុន​បាន​សំណូម​ពរឱ្យអាជ្ញាធរ​កាត់ដី​ដែលមាន​ទំហំជាង​៣៤​ហិកតា​ ដែលមាន​ទីតាំង​នៅភូមិ​បាយ៉ាប ​​សង្កាត់ភ្នំពេញ​ថ្មី​​ ខណ្ឌ​សែន​សុខ ​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុនឡាយី​ម៉ិចហូលឌីងគ្រុប​ ​ចេញពីអនុ​ក្រឹត្យលេខ​១០១​​ អនក្រ.បក​ ចុះថ្ងៃទី១០ ​ខែកក្កដា​ ឆ្នាំ២០១២​ ស្តីពីការកំណត់​ផ្ទៃបឹង​ពោងពាយ​ខាងជើង​ និង​ពោងពាយ​ខាងត្បូង ​ស្ថិត​ក្នុងសង្កាត់​ភ្នំពេញ​ថ្មី​ សង្កាត់​ឃ្មួញ ​ខណ្ឌសែន​សុខ​ និងសង្កាត់​ទួល​សង្កែ​ ខណ្ឌប្ញ​ស្សីកែវ​ ​រាជ​ធានី​ភ្នំពេញ ​ជាសម្បត្តិ​សាធារណៈ​របស់រដ្ឋដើម្បី​ក្រុម​ហ៊ុនមានលទ្ធ​ភាពក្នុង​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់​នាពេល​ខាងមុខនេះ​ ។​

នៅថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ​២០១២​ ក្រុម​ហ៊ុន​បាន​ដាក់លិខិត​ស្នើជូនទៅ​​សម្តេចអគ្គមហា​សេនា​បតីតេ​ជោ​ ហ៊ុន​ សែន​ នាយករដ្ឋ​​មន្ត្រី​នៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា​ ​ដើម្បីសុំអភិវឌ្ឍន៍​ និងសុំការ​ចេញប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​រឹង​ចំពោះ​ដីរបស់​ខ្លួន ​ឱ្យបាន​ស្មើមុខ​ នឹងម្ចាស់​ដី​ ឬក្រុម​ហ៊ុន​ដទៃទាំង​នោះ​ ហើយសម្តេច​​បាន​ធ្វើ​ចំណារ​ណែ​នាំឱ្យ​លោក​រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក​ និងឧតុ​និយម​ពិភាក្សា​ជាមួយ​លោកអភិបាល​​​នៃ​គណៈ​អភិបាល​រាជធានីភ្នំពេញ​ ដើម្បីផ្តល់មតិ​ ។​ ​ប៉ុន្តែ​ចាប់​តាំងពីពេល​នោះរហូត​មកទល់ពេលនេះ ​ពុំឃើញ​មានការ​ផ្តល់មតិឡើយ​ ​ស្រាប់​តែលេច​ចេញ​អនុក្រឹត្យ​លេខ១០១​ ចុះថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០១២​ ​ហើយ​បន្ទាប់មក​ឃើញមាន​ការចុះ​វាស់​វែង​ដីនៅតំបន់នោះ ​ឈាន​ដល់ការ​ឃាត់​ខ្លួន​កម្ម​ករ៥នាក់​ដែលកំពុងឈូស​ពង្រាប​លើដី​របស់​ក្រុមហ៊ុន​ទៅវិញ ។​

ដោយមាន​សេចក្តីសង្ឃឹម​​យ៉ាងខ្លាំងនោះ ​លោក​ស្រីឈិន​​ សុគន្ឋារី​ ​បាន​ក្រាបសំពះ​ពី​ចម្ងាយ​សុំឱ្យ​សម្តេច​តេជោ​ ហ៊ុន​ សែន​ និង លោក​​ជំទាវ​ ​ជួយ​ធ្វើអន្ត​រាគមន៍​ដោះ​ស្រាយ​ការ​បែង​ចែកដី​ក្នុងអនុ​ក្រឹត្យ​នេះឱ្យមាន​ភាព​យុត្តិធម៌ ​ព្រោះ​លោកស្រី​បានចំណាយ​ញើសឈាម​ និង​លុយ​​កាក់អស់​ជាច្រើន​ ដើម្បីទិញ​ដីទំហំ​ជាង​៣៤​ហិក​តានេះ​ ​យកមក​ធ្វើការ​អភិវឌ្ឍន៍​តាម​គោល​ការណ៍​របស់រាជ​រដ្ឋាភិបាល​ និង ចិញ្ចឹម​កូន​ចំនួន​៨នាក់​ ព្រមទាំង​ចៅៗ​ថែមទៀត​ផ​ង​ ៕