រាជធានីភ្នំពេញ ៖ ជនសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើប្លន់យកម៉ូតូម៉ាកស្គូពីពណ៌ផ្កាឈូក លាយសមួយគ្រឿងពីគូស្នេហ៍នៅមុខវិទ្យាល័យជា ស៊ីម សន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ត្រូវប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនបានចំនួន៨នាក់ ក្នុងនោះមានស្ត្រីម្នាក់ដែលកំពុងសំងំលាក់ខ្លួន និងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះសំណាក់លីហ្សា ដែលមានទីតាំងស្ថិតនៅតាមផ្លូវលេខកា៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ការស្រាវជ្រាវបង្ក្រាបក្រុមចោរប្លន់នេះ បានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៥ កញ្ញា បន្ទាប់ពីជនទាំងនេះបានធ្វើសកម្មភាពប្លន់យកម៉ូតូម៉ាកស្គូពីពណ៌សលាយផ្កាឈូក ពីគូស្នេហ៍មួយគូ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ កញ្ញា នៅតាមមហាវិថីកម្ពុជាក្រោមមុខវិទ្យាល័យជា ស៊ីម សន្ធរម៉ុក ដែលការប្លន់នេះបានតែ១យប់ក៏ត្រូវប៉ូលិសស្រាវជ្រាវចាប់ខ្លួនបានតែម្តង ។ ក្នុងប្រតិបត្តិការនេះ មានការចូលរួមសហការពីប៉ូលិសខណ្ឌទួលគោក និងប៉ូលិសទួលសង្កែផងដែរ ។ បន្ទាប់ពីចាប់បានចោរប្លន់ ប៉ូលិសក៏ឈានទៅដកហូតម៉ូតូម៉ាកស្គូពីដែលក្រុមចោរយកទៅផ្ញើនៅក្នុងមន្ទីរពេទ្យកុមារជាតិទៀត ។ ម្ចាស់ម៉ូតូដែលត្រូវចោរប្លន់ឈ្មោះ រ័ត្ន ផានិត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅផ្ទះលេខ៦៣ ផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ឯស្ត្រីជាសង្សារឈ្មោះ ម៉ូល សុភារី អាយុ២៣ឆ្នាំ មានលំនៅក្នុងសង្កាត់ស្ទឹងមានជ័យ ។
តាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ កញ្ញា បុរសជាម្ចាស់ម៉ូតូ និងសង្សារបានជិះម៉ូតូម៉ាកស្គូពីពណ៌សលាយផ្កាឈូកមួយគ្រឿង តាមមហាវិថីកម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិច លុះមកដល់វិទ្យាល័យជា ស៊ីម សន្ធរម៉ុក ក៏បានឈប់និយាយទូរស័ព្ទ ។ ខណៈនោះស្រាប់តែមានជនសង្ស័យចំនួន៣នាក់ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅមួយគ្រឿង បានដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូតែម្តង ។ នៅក្នុងសកម្មភាពនោះក្រុមចោរបានប្លន់យកកាបូបមួយទៀត ឆក់យកខ្សែ.កតែពុំបាន ។ ទោះជាយ៉ាងណាស្ត្រីជាសង្សារបានចាំស្លាកលេខម៉ូតូដែលជនល្មើសជិះធ្វើសកម្មភាព ហើយបានទៅប្តឹងប៉ូលិសមូលដ្ឋាន ។
ដោយមានការសហការរវាងប៉ូលិសខណ្ឌទួលគោក និងប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានរាជធានីភ្នំពេញ ក៏ឈានទៅបង្ក្រាបបានក្រុមចោរប្លន់ចំនួន៨នាក់ដែលកំពុងប្រមូលផ្តុំគ្នានៅផ្ទះសំណាក់លីហ្សា និងកំពុងប្រើប្រាស់គ្រឿងញៀន ។ ក្នុងចំណោមជនសង្ស័យទាំង៨នាក់នោះ មាន៣នាក់ជាប់ពាក់ព័ន្ធនឹងអំពើប្លន់យកម៉ូតូស្គូពី និង៥នាក់គឺឃាត់ខ្លួនក្នុងប្រតិបត្តិការ។ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដើម្បីសាកសួរ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺពេលដែលប៉ូលិសចុះបង្ក្រាបក្រុមចោរប្លន់ ស្រាប់តែម្ចាស់ផ្ទះសំណាក់ធ្វើការរារាំងមិនឱ្យអ្នកសារព័ត៌មានថតរូបទិដ្ឋភាពនៃការបង្ក្រាប និងថតរូបជនសង្ស័យនៅក្រៅផ្ទះសំណាក់ ព្រមទាំងយកទូរស័ព្ទថតអ្នកសារព័ត៌មានថែមទៀតដែលការថតរូបនេះគេពុំដឹងថា ម្ចាស់ផ្ទះសំណាក់មានចេតនាយ៉ាងណាចំពោះអ្នកសារព័ត៌មាននោះទេ ។ ជនសង្ស័យ៣នាក់ដែលធ្វើសកម្មភាពប្លន់នោះមាន១-ឈ្មោះ កែវ ពុទ្ធដារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ ជាជនដៃដល់ ២-ឈ្មោះ ម៉ន អូនីត ភេទប្រុស អាយុ២៤ឆ្នាំ និង៣-ឈ្មោះ កែវ សុជារុណ ភេទប្រុស អាយុ២០ឆ្នាំ ។ ប៉ូលិសបានដកហូតម៉ូតូចំនួន២គ្រឿង ក្នុងនោះមួយគ្រឿងគឺម៉ាកស្គូពីរបស់ជនរងគ្រោះនិងមួយគ្រឿងទៀតជាម៉ូតូដែលជិះធ្វើសកម្មភាពប្លន់ ៕
ចែករំលែកព័តមាននេះ