ខេត្តពោធិ៍សាត់ ៖ នៅវេលាម៉ោងប្រហែល២រសៀលថ្ងៃទី៥ កញ្ញា នៅក្បែរផ្លូវជាតិលេខ៥ ចំណុចផ្លូវចូលវត្តបាកាន ស្ថិតក្នុងភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ភ្លើងឆេះលំនៅឋានប្រជាពលរដ្ឋដែលនៅជាប់គ្នាជាបន្តបន្ទាប់ ។ ម្ចាស់ផ្ទះនីមួយៗបាននាំគ្នាជញ្ជូនអីវ៉ាន់ចេញទាំងការតក់ស្លុត និងស្រែកយំយ៉ាងកងរំពង ។ ដោយឡែករថយន្តតូចធំដែលធ្វើដំណើរទៅមកលើផ្លូវជាតិលេខ៥ ត្រូវសមត្ថកិច្ចឱ្យផ្អាកការឆ្លងកាត់សិនដើម្បីកុំឱ្យស្ទះចរាចរណ៍ និងជួបគ្រោះថ្នាក់ជាយថាហេតុ ។
បន្ទាប់ពីភ្លើងឆេះបានប្រហែលជាងកន្លះម៉ោង រថយន្តពន្លត់អគ្គិភ័យបានទៅដល់ហើយបាញ់ទឹកពន្លត់ ប៉ុន្តែមិនអាចទប់ទល់បានទេ ដោយសារភ្លើងឆេះខ្លាំងណាស់ទៅហើយ ឯ រថយន្តពន្លត់អគ្គិភ័យមានតែ២គ្រឿង រួមនឹងរថយន្តដឹកទឹកឯកជនមួយចំនួនទៀត ។ ប្រភពព័ត៌មានឱ្យដឹងថា ភ្លើងនេះដំបូងចេញពីផ្ទះប្រជាពលរដ្ឋឈ្មោះទឹម ទូច ប្រពន្ធឈ្មោះស៊ី ជាអ្នកបើកស្ថានីយសាំង ហើយបានឆេះបន្តដល់ផ្ទះអ្នកជិតខាង ។
កូនស្រីរបស់ម្ចាស់ផ្ទះនិយាយប្រាប់ទាំងយំថា ពេលម្តាយនាងកំពុងចាក់សាំងចូលក្នុងដបមានបុរសម្នាក់មកកេះដែកកេះជក់បារីក្បែរ ក៏ឆាបឆេះរាលដាលពេញផ្ទះតែម្តង ។ ភ្លាមៗនោះម្នាក់ៗគិតតែនាំគ្នាដងទឹកពន្លត់មិនបានប្រាប់ទៅសមត្ថកិច្ចទេ ព្រោះស្លន់ស្លោពេក លុះពេលឆេះសន្ធោសន្ធៅរាលទៅដល់ផ្ទះអ្នកជិតខាង ទើបសមត្ថកិច្ចហៅរថយន្តទឹកទៅពន្លត់ ។
រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ទាំងពីរគ្រឿង រួមជាមួយរថយន្តដឹកទឹករបស់ប្រជាពលរដ្ឋមួយចំនួនទៀតបានបាញ់ទឹកពន្លត់យ៉ាងសស្រាក់សស្រាំ ប៉ុន្តែភ្លើងនៅតែបន្តឆេះរាលដាលតទៅទៀត ទោះបីជាមានភ្លៀងរលឹមខ្លះៗក្តី ។
លោកវរសេនីយ៍ត្រី ប៉ែន ទុង អធិការនគរបាលស្រុកបាកាន ឱ្យដឹថា ដល់វេលាម៉ោង៥ និង៣០នាទី ល្ងាចភ្លើងនៅតែមិនទាន់ពន្លត់បានទាំងស្រុងទេ ។ ចំពោះការខូចខាតអស់ប៉ុន្មានមិនទាន់ដឹងទេ គ្រាន់តែដឹងថា ឆេះផ្ទះធំៗអស់ចំនួន៣ខ្នង ទាំងស្រុង និងតូបលក់អីវ៉ាន់មួយចំនួនទៀត ប៉ុន្តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ។
សមត្ថកិច្ចបានទប់សភាពការណ៍មិនឱ្យឆេះរាលដាលតទៅទៀតនៅវេលាម៉ោង៦ល្ងាច ហើយបានបើកឱ្យរថយន្តដែលកកស្ទះធ្វើចរាចរឡើងវិញ ៕
ចែករំលែកព័តមាននេះ