រាជធានីភ្នំពេញ ៖ សេចក្តីជូនដំណឹងបន្ថែមស្តីពីស្ថានភាពអាកាសធាតុ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឱ្យដឹងនៅថ្ងៃទី៥ កញ្ញា ថា មកដល់ថ្ងៃទី៥ កញ្ញា ជ្រលងសម្ពាធទាបនៅតែមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ហើយស្ថានភាពបែបនេះនឹងអូសបន្លាយរហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១២ ។ បាតុភូតធម្មជាតិខាងលើនេះ នឹងបង្កើនឥទ្ធិពលខ្លាំងលើតំបន់ខ្ពង់រាប និងតំបន់វាលទំនាប ដោយធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន និងអាចបង្កឱ្យមានជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពត ជាពិសេសខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ ។
យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ និងខេត្តដូចបានជម្រាបជូនខាងលើ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ។
ដោយឡែកការព្យាករណ៍កម្ពស់ទឹកជំនន់សម្រាប់ថ្ងៃទី៦ដល់៧ និង៨ កញ្ញា របស់នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេបានឱ្យដឹងថា នៅស្ថានីយខេត្តស្ទឹងត្រែង កម្ពស់ទឹកទន្លេមេគង្គបានហក់ឡើងនៅថ្ងៃទី៦ កញ្ញា ៩,០៨ម៉ែត្រ តែកម្ពស់ទឹកបានស្រកវិញនៅថ្ងៃទី៧ កញ្ញា គឺ៨,៩៥ម៉ែត្រ និងថ្ងៃទី៨ កញ្ញា ៨,៨៨ម៉ែត្រ ។ ចំណែកនៅស្ថានីយខាងក្រោម ទឹកបានឡើងដូចជានៅស្ថានីយខេត្តក្រចេះថ្ងៃទី៦ កញ្ញា ទឹកមានកម្ពស់១៩,៥៧ម៉ែត្រ ថ្ងៃទី៧ កញ្ញា ១៩,៧០ម៉ែត្រ និងថ្ងៃទី៨ កញ្ញា ១៩,៨៦ម៉ែត្រ ។ នៅស្ថានីយខេត្តកំពង់ចាម ថ្ងៃទី៦ កញ្ញា ១៣,៤១ម៉ែត្រ ថ្ងៃទី៧ កញ្ញា១៣,៥២ម៉ែត្រ និងថ្ងៃទី៨ កញ្ញា ១៣,៥៨ម៉ែត្រ ។ នៅទន្លេបាសាក់ ចតុមុខថ្ងៃទី៦ កញ្ញា ៨,២៦ម៉ែត្រ ថ្ងៃទី៧ កញ្ញា ៨,៣៥ម៉ែត្រ និងថ្ងៃទី៨ កញ្ញា ៨,៤២ម៉ែត្រ ។ នៅទន្លេមេគង្គអ្នកលឿង ថ្ងៃទី៦ កញ្ញា ៥,៨៥ម៉ែត្រ ថ្ងៃទី៧ កញ្ញា ៥,៩៦ម៉ែត្រ និងថ្ងៃទី៨ កញ្ញា ៦,០៤ម៉ែត្រ ។ នៅទន្លេបាសាក់ កោះខែល កម្ពស់ទឹកថ្ងៃទី៦ កញ្ញា ៦,៨៤ម៉ែត្រ ថ្ងៃទី៧ កញ្ញា ៦,៩០ម៉ែត្រ និងថ្ងៃទី៨ កញ្ញា ៦,៩៤ម៉ែត្រ ។ ចំណែកនៅទន្លេសាបព្រែកក្តាម ទឹកមានកម្ពស់ថ្ងៃទី៦ កញ្ញា ៧,១១ម៉ែត្រ ថ្ងៃទី៧ កញ្ញា ៧,២១ម៉ែត្រ និងថ្ងៃទី៨ កញ្ញា ៧,២៩ម៉ែត្រ ។
មានការព្យាករណ៍ថា ដោយសារតែឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលគ្របដណ្តប់លើអាងទន្លេមេគង្គធ្វើឱ្យធ្លាក់ភ្លៀងច្រើននោះ នឹងធ្វើឱ្យកម្ពស់ទឹកទន្លេមេគង្គ ទន្លេបាសាក់ហក់ឡើងជាបន្តបន្ទាប់ ។ ពេលនេះស្ថានភាពទឹកទន្លេបាននិងកំពុងហូរចូលតាមបណ្តាព្រែក និងនាំដីល្បាប់ទៅកាន់តំបន់លិចទឹកនានា ។ នៅបឹងទន្លេសាប ស្ថានីយក្រគរ កំពង់លួង ទឹកមានកម្ពស់៥,៧៣ម៉ែត្រ គឺខ្ពស់ជាងថ្ងៃទី៥ កញ្ញា ០,០១ម៉ែត្រ ៕
ចែករំលែកព័តមាននេះ