ខេត្តព្រៃវែង ៖ ហេតុការណ៍កម្រនឹងកើតមានមួយបានកើតឡើងនៅកណ្តាលទន្លេមេគង្គ ដោយសារតែទូកដចម្លងអ្នកដំណើរមួយគ្រឿងដែលមានផ្ទុកទំនិញ ម៉ូតូ កង់ និងមនុស្សច្រើននាក់ផងនោះ បានបុកជាមួយកាណូតបូមខ្សាច់មួយគ្រឿងដែលកំពុងឈប់សំកាំងបូមខ្សាច់នៅកណ្តាលទន្លេបណ្តាលឱ្យទូកដមួយគ្រឿងនោះបាក់បែករយះ ហើយលិចចូលទៅក្នុងទឹក ។ ចំណែកអ្នកដំណើរទាំងអស់ដែលជិះនៅលើទូកដនោះម្នាក់ៗភ័យស្លន់ស្លោ ស្រវេស្រវាលោតចូលទៅក្នុងទូកបូមខ្សាច់ដែលត្រូវបុកនោះយកតែប្រាសអាយុរៀងៗខ្លួន លែងខ្វាយខ្វល់ពីទ្រព្យរបស់អ្វីទាំងអស់ ។ ទោះបីជាបែបណា មិនមានមនុស្សណាម្នាក់រងគ្រោះដល់អាយុជីវិតទេ តែក្មេងប្រុសជំទង់ម្នាក់បានរងរបួសបាកដៃឆ្វេង ។
ហេតុការណ៍អាក្រក់មួយនេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៤ កញ្ញា នៅត្រង់ចំណុចកណ្តាលទន្លេមេគង្គក្រោម ដែលជាព្រំប្រទល់ខណ្ឌចែកទឹកដីខេត្តព្រៃវែង និងខេត្តកណ្តាល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកនៅកណ្តាលទន្លេដ៏ធំល្វឹងល្វើយនេះបានកើតឡើងដោយសារតែអ្នកបើកទូកដនោះមិនបានបើកដោយខ្លួនឯង បែរជាបណ្តោយឱ្យអ្នកស្ទើរភ្លើងដែលជាព្រូទូកបើកជំនួស ទើបកើតមានហេតុការណ៍ដ៏អាក្រក់បែបនេះ ។
តាមការឱ្យដឹងពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា គ្រោះថ្នាក់លិចទូកនេះបានបណ្តាលឱ្យម៉ូតូចំនួន៧គ្រឿង កង់១០គ្រឿង និងអង្ករ១០បាវ បានលិចចូលទៅក្នុងទឹកទន្លេ និងបណ្តាលឱ្យក្មេងប្រុសម្នាក់ឈ្មោះសុខ រិទ្ធ អាយុ១៥ឆ្នាំ រងរបួសបាក់ដៃខាងឆ្វេង ត្រូវបានបញ្ជូនទៅព្យាបាលនៅឯរាជធានីភ្នំពេញក្រោយពេលកើតហេតុ ។ ចំពោះកាណូតបូមខ្សាច់ដែលត្រូវគេបុកត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពាមរក៍រួចហើយ ។ ចំណែកខាងម្ចាស់ទូកដបានជួលអ្នកមុជទឹកជនជាតិវៀតណាមឱ្យចុះរាវរកម៉ូតូ និងកង់ដែលបានលិចនៅកណ្តាលទន្លេនោះ ដើម្បីយកទៅប្រគល់ឱ្យម្ចាស់វិញ ។
ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា ទូកដដែលលិចនៅក្នុងទន្លេនេះរកស៊ីចម្លងអ្នកដំណើរពីចំណុចមាត់ច្រាំងទន្លេមេគង្គក្រោមខាងមុខវិទ្យាល័យពាមរក៍ ស្ថិតក្នុងភូមិពាមកោះ ឃុំពាមមានជ័យ ស្រុកពាមរក៍ ទៅកាន់កោះតេជោ ស្ថិតក្នុងឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាច្រើនឆ្នាំមកហើយមិនដែលមានបញ្ហាអ្វីនោះទេ ទើបតែថ្ងៃកើតហេតុនេះ ចង្រៃមែនទែន ដោយសារតែអ្នកបើកបរទូកធ្វេសប្រហែស បណ្តោយឱ្យព្រូដែលជាអ្នកស្ទើរភ្លើងបើកជំនួស ទើបកើតហេតុបែបនេះតែម្តង ។
ចាត់ទុកថាជាសំណាងដែលមិនមានអ្នករងគ្រោះដល់អាយុជីវិត តែថាគ្រាន់តែអ្នករងរបួសនិងយានយន្តធ្លាក់ចូលទៅក្នុងទឹក រួមទាំងមធ្យោបាយដែលបែករយះ ។ នេះជាចំនួនមួយច្រើនផងដែរ ដែលម្ចាស់ទូកដត្រូវប្រឈមមុខនឹងសំណងលើការខូចខាត និងរងគ្រោះទាំងនេះ ៕
ចែករំលែកព័តមាននេះ