រាជធានីភ្នំពេញ ៖ នាថ្ងៃទី៥ កញ្ញា ២០១២ សិក្ខាសាលាមួយត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «សិក្ខាសាលាផ្សព្វផ្សាយអំពីដំណើរការធ្វើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី» ជាមួយវិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល ។ សិក្ខាសាលានេះត្រូវបានរៀបចំដោយកាកបាទក្រហមកម្ពុជា ដោយមានកិច្ចសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមជំនួយបច្ចេកទេសពីអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល តាមរយៈមូលនិធិសប្បុរសរបស់ប៊្លូមប៊ើក ។
អញ្ជើញជាអធិបតីនាពេលនោះ រួមមាន លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមជាមួយ លោក លោកជំទាវ ជាតំណាងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក៏ដូចជាមន្ត្រីជំនាញជាច្រើនរូបទៀត រួមទាំងតំណាងក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន ក៏បានអញ្ជើញចូលរួមនៅក្នុងឱកាសអង្គសិក្ខាសាលាផ្សព្វផ្សាយនោះដែរ ។
ការរៀបចំសិក្ខាសាលាខាងលើ ដើម្បីផ្សព្វផ្សាយពីលទ្ធផលដំណើរការធ្វើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមានលក្ខណៈពេញេលញជាងច្បាប់កំពុងតែអនុវត្តនាពេលបច្ចុប្បន្ន ព្រមទាំងរិះរកវិធានការកាត់បន្ថយចំនួនជនរងគ្រោះដល់ស្លាប់និងរបួស ជាពិសេសរបួសក្បាលដោយសារគ្រោះថ្នាក់ចរាចរណ៍ ។តាមរបាយការណ៍បឋម នៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាឆ្នាំ២០១១ បានបង្ហាញថា អ្នករងគ្រោះថ្នាក់ដល់ស្លាប់និងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនគឺជាអ្នកប្រើប្រាស់ម៉ូតូជាមធ្យោបាយធ្វើដំណើរ ដែលក្នុងចំណោមជនរងគ្រោះដល់ស្លាប់១០០នាក់មានប្រមាណ៧០នាក់ បានរងរបួសក្បាល ។ របាយការណ៍ខាងលើក៏បានបញ្ជាក់ថា អ្នកដែលជិះពីក្រោយមានអត្រារងរបួសក្បាលខ្ពស់ជាងអ្នកបើកម៉ូតូទៅទៀត ។ របួសក្បាលជាបញ្ហាដ៏ធំដែលអ្នកធ្វើដំណើរតាមម៉ូតូតែងតែប្រឈម កាលបើមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។
ក្នុងពេលដែលច្បាប់ចរាចរណ៍ផ្លូវគោក កំពុងអនុវត្តនាពេលបច្ចុប្បន្ន ត្រង់មាត្រាទី៩ បានតម្រូវឱ្យអ្នកបើកបរម៉ូតូកង់បី ម៉ូតូសណ្តោងរ៉ឺម៉កត្រូវពាក់មួកសុវត្ថិភាព ចំណុចនេះបានធ្វើឱ្យមានអ្នករួមដំណើរ (អ្នកជិះពីក្រោយ) អាចធ្វើដំណើរបានដោយមិនចាំបាច់ពាក់មួកសវុត្ថិភាព ។ នេះជាបច្ច័យមួយដែលនាំឱ្យអ្នករួមដំណើរតាមម៉ូតូត្រូវប្រឈមនឹងការរងរបួសក្បាលខ្ពស់ជាង ពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ ។ ជាក់ស្តែង អត្រាពាក់មួកជាមធ្យមក្នុងចំណោមអ្នករួមដំណើរតាមម៉ូតូមានកម្រិតទាបបំផុតគឺក្រោម១០% ។
សិក្ខាសាលាបានប្រព្រឹត្តទៅដោយមានការពិភាក្សា និងផ្តល់យោបល់ជាច្រើនពីអ្នកបានចូលរួម ។ ក្នុងនោះបានរកឃើញថា ច្បាប់របស់ប្រទេសជិតខាង ក៏ដូចជាប្រទេសនានានៅក្នុងតំបន់អាស៊ីនេះ បានតម្រូវឱ្យអ្នករួមដំណើរតាមម៉ូតូត្រូវប្រើប្រាស់មួកសុវត្ថិភាព។ក្នុងការបង្ហាញពីច្បាប់ចរាចរណ៍ថ្មីដែលកំពុងដំណើរការកសាងនៅឡើយនេះ បានបញ្ជាក់ថា ច្បាប់នេះតម្រូវឱ្យមានការប្រើប្រាស់មួកសុវត្ថិភាពចំពោះអ្នកបើកបរ និងអ្នករួមដំណើរ គិតទាំងកុមារផងដែរ ។ វិស័យឯកជនក៏ដូចជាអង្គការសង្គមស៊ីវិលនានា បានយល់ឃើញថា កាលបើមានច្បាប់ចរាចរណ៍ផ្លូវគោកថ្មីប្រកបដោយប្រសិទ្ធភាពនឹងអាចជួយកាត់បន្ថយអត្រាស្លាប់ និងរបួសធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍បាន ។ ក្នុងនោះ ក៏បានមើលឃើញថា ច្បាប់នេះ នឹងជួយលើកកម្ពស់សុវត្ថិភាពដល់អ្នករួមដំណើរតាមម៉ូតូ ដោយសារច្បាប់នេះ តម្រូវឱ្យអ្នកបើកបរទោចក្រយានយន្ត(ម៉ូតូ) និងអ្នករួមដំណើររួមទាំងកុមារផង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរ ។
កាកបាទក្រហមកម្ពុជា ក្រុមហ៊ុនឯកជន ក៏ដូចជាអង្គការសង្គមស៊ីវិលនានា នឹងរួបរួមគ្នាគាំទ្រ និងរំពឹងយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញក្នុងការប្រើច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះឱ្យបានឆាប់រហ័សសំដៅកាត់បន្ថយអត្រា ស្លាប់របួស និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ពិសេសរបួសក្បាលចំពោះអ្នកប្រើប្រាស់ម៉ូតូ ។នេះជាសកម្មភាពរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រលើកកម្ពស់សុខមាលភាព និងសុវត្ថិភាពប្រជាពលរដ្ឋគ្រប់ស្រទាប់ និងជំរុញយន្តការអភិវឌ្ឍប្រទេសជាតិ ឱ្យបានរីកចម្រើនជឿនលឿនទៅមុខជាលំដាប់។
លោក ពៅ ម៉ាលី អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សេដ្ឋកិច្ចជាតិមានការរីកចម្រើនយ៉ាងខ្លាំង ព្រមជាមួយនេះ ចំនួនយានយន្តគ្រប់ប្រភេទដែលជាមធ្យោបាយចរាចរណ៍ដឹកជញ្ជូន ក៏បានកើនឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែជាការគួរឱ្យសោកស្តាយ គ្រោះថ្នាក់ចរាចរណ៍ក៏មានការកើនឡើងទាំងបរិមាណ និងទិដ្ឋភាពគួរឱ្យយើងកត់សម្គាល់ជាអនេក និងព្រួយបារម្ភជាពន់ពេកចំពោះសោកនាដកម្មនេះ ។ បន្ថែមលើនេះ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នមាននិន្នាការកើនឡើងនៃការស្លាប់មានលក្ខណៈជាសមូហភាព ដែលបង្កឡើងដោយរថយន្តដឹកជញ្ជូនធុនធំ បើកបរល្បឿនលឿនលើសកំណត់ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង ។ល។
ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ បានបន្តកើតមានជារៀងរាល់ថ្ងៃ បើយើងមិនមានវិធានការទប់ស្កាត់បន្ទាន់ឱ្យបានទាន់ពេលវេលាទេនោះ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នឹងឈានទៅរកស្ថានការណ៍ដែលយើងមិនអាចគ្រប់គ្រងបាន ។ក្នុងន័យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងពាក់ព័ន្ធបានរៀបចំសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលកើតចេញពីការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក លើមាត្រាសំខាន់ៗចំនួន៣៤មាត្រា និងបានបន្ថែមមាត្រាថ្មីចំនួន៦មាត្រា ដែលមានលក្ខណៈជាយុុទ្ធសាស្ត្រស៊ីជម្រៅ ដើម្បីឆ្លើយតបនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នដែលបណ្តាលមកពីការមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ ការបើកបរល្បឿនលឿនលើសកំណត់ ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងជាដើម ។
តាមរយៈសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ និងការបន្តយន្តការពង្រឹងការអនុវត្តច្បាប់ លោកពៅ ម៉ាលី មានសុទិដ្ឋិនិយមថា នឹងប្រែក្លាយឥរិយាបថអ្នកបើកបរឱ្យគោរពច្បាប់ ធានាបានចរាចរណ៍មានសុវត្ថិភាព សណ្តាប់ធ្នាប់ និងទប់ស្កាត់ការប៉ះពាល់សុខភាពអាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ និងបរិស្ថាន ។ល។ មានន័យថា «ប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ឱ្យទៅជាប្រទេសមួយមានសុវត្ថិភាព ចរាចរណ៍ដ៏គួរឱ្យកក់ក្តៅ» ។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងថា កាកបាទក្រហមកម្ពុជា ក្នុងការអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ជាបន្តបន្ទាប់ជាច្រើនឆ្នាំកន្លងមកនេះ គម្រោងកម្មវិធីចំណាយទៅលើសកម្មភាពជាច្រើនដូចជា យុទ្ធនាការអប់រំពីសុវត្ថិភាពចរាចរណ៍ ការផ្សព្វផ្សាយជាសាធារណៈ បើកវគ្គបណ្តុះបណ្តាល ការផលិតជាសម្ភារអប់រំផ្សព្វផ្សាយ (ខិត្តប័ណ្ណផូស្ទ័រអប់រំ ប៉ាណូ បដា ) ទិញមួកសុវត្ថិភាព ការរៀបចំកម្មវិធីប្រឡងគំនូរសុវត្ថិភាពចរាចរណ៍ជាដើម ដែលបានអនុវត្តតាមតំបន់គោលដៅរបស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងខេត្ត។
ដោយមើលឃើញពីកំណើនស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំ និងដើម្បីឆ្លើយតបនឹងស្ថានភាពរងគ្រោះនេះ កាកបាទក្រហមកម្ពុជា តាមរយៈការគាំទ្រពីអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល បានបង្កើតសកម្មភាពថ្មីមួយទៀតនៅក្នុងឆ្នាំ២០១២នេះ ក្នុងគោលបំណងស្វែងរកការគាំទ្រមតិលើកម្មវិធីសុវត្ថិភាពចរាចរណ៍ ដោយចូលរួមសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដៃគូពាក់ព័ន្ធ ក្នុងការជំរុញឱ្យច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងសង្គមសីុវិលទាំងអស់ ក៏ដូចជាជំរុញឱ្យច្បាប់នេះឆាប់ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងព្រះមហាក្សត្រ ៕
ចែករំលែកព័តមាននេះ