រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស គឺជាកិច្ចការដ៏សំខាន់ និងចាំបាច់សម្រាប់រួមចំណែកដល់ការកសាងសង្គមអារ្យធម៌មួយប្រកបដោយសុខដុមរមនា សុភមង្គល សណ្តាប់ធ្នាប់ និងការរីកចម្រើនជាលំដាប់ ។ ដោយឡែកការអប់រំដំបូងពីថ្នាក់មត្តេយ្យដល់បឋមសិក្សា គឺជាការកសាងមូលដ្ឋានគ្រឹះដ៏មានសារសំខាន់សម្រាប់ការអភិវឌ្ឍមូលធនបញ្ញារបស់កុមារ ដើម្បីឱ្យពួកគេក្លាយខ្លួនជាកោសិកាសង្គមប្រកបដោយសក្តានុពល ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សាថ្មីសាលាមត្តេយ្យ ឈុង ជីង នាព្រឹកថ្ងៃទី៥ កញ្ញា ២០១២ ស្ថិតក្នុងខណ្ឌ៧មករា ។ លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ការកសាងអគារសិក្សាថ្មីសម្រាប់ថ្នាក់មត្តេយ្យរបស់សាលារៀន ឈុង ជីង ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់សម្រាប់ការអប់រំបណ្តុះបណ្តាលកុមារតូចៗមុនពេលចាប់ផ្តើមរៀននៅសាលាបឋមសិក្សា ។ ការធានានូវគុណភាពនៃការអប់រំដំបូងសម្រាប់កុមារតូចៗ គឺមានភាពចាំបាច់ណាស់សម្រាប់ជួយអភិវឌ្ឍន៍សម្បទា និងសមត្ថភាពរបស់កុមារឱ្យមានការរីកចម្រើនទាំងផ្នែករាងកាយ និងបញ្ញាស្មារតី ។ ការស្វែងយល់របស់កុមារក្នុងដំណាក់កាលអប់រំនៅមត្តេយ្យ គឺមានសភាពភ្លៀវក្លាណាស់ ។
ដូច្នេះការអប់រំនៅថ្នាក់មត្តេយ្យ មិនគ្រាន់តែជាដំណាក់កាលមួយសម្រាប់បន្សាំកុមារទៅនឹងបរិយាកាសសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តុះបណ្តាលគំនិតកុមារតូចៗស្រឡាញ់ និងចូលចិត្តការសិក្សាទៀតផង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ