ខេត្តព្រៃវែង ៖ ទូកដចម្លងអ្នកដំណើរមួយគ្រឿងដែលមានផ្ទុកអីវ៉ាន់ ម៉ូតូ កង់ និងមនុស្សយ៉ាងច្រើនផងនោះបានបើកទៅបុកទូកបូមខ្សាច់មួយគ្រឿងដែលកំពុងឈប់បូមខ្សាច់នៅកណ្តាលទន្លេ បណ្តាលឱ្យទូកដមួយគ្រឿងនោះបាក់បែកជាចំរៀកៗ ហើយលិចចូលទៅក្នុងទឹក ដែលហេតុការណ៍ដ៏កម្រមួយនេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៤ កញ្ញា ២០១២ ត្រង់ចំណុចកណ្តាលទន្លេមេគង្គក្រោមដែលជាព្រំប្រទល់ខណ្ឌចែកទឹកដីខេត្តព្រៃវែង និងខេត្តកណ្តាល ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះ ដោយសារតែអ្នកបើកទូកដនោះមិនបានបើកដោយខ្លួនឯងទេ បែរជាបណ្តោយឱ្យអ្នកបើកបរស្ទើរភ្លើងដែលជាព្រូទូកជំនួស ទើបកើតមានហេតុការណ៍ដ៏អាក្រក់បែបនេះទៅ ។ ចំណែកអ្នកដំណើរទាំងអស់ដែលជិះនៅលើទូកដនោះម្នាក់ៗភ័យស្លន់ស្លោស្រវ៉េស្រវាលោតចូលទៅក្នុងទូកបូមខ្សាច់ដែលត្រូវគេបុកយកតែព្រះអាយុរៀងៗខ្លួនលែងគិតខ្វាយខ្វល់ទ្រព្យរបស់អ្វីទាំងអស់ ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឱ្យដឹងថា គ្រោះថ្នាក់នេះបណ្តាលឱ្យម៉ូតូចំនួន៧គ្រឿង កង់១០គ្រឿង និងអង្ករ១០បាវបានលិចចូលទៅក្នុងទឹកទន្លេ និងបណ្តាលឱ្យយុវជនម្នាក់ឈ្មោះសុខ រិទ្ធ អាយុ១៥ឆ្នាំ រងរបួសបាក់ដៃខាងឆ្វេង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញផងដែរ ។ បច្ចុប្បន្នទូកបូមខ្សាច់ដែលត្រូវគេបុកត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពាមរក៍ ចំណែកខាងម្ចាស់ទូកដបានជួលអ្នកមុជទឹកជនជាតិវៀតណាម ឱ្យចុះរាវរកម៉ូតូ និងកង់ដែលលិចនៅកណ្តាលទន្លេនោះ ដើម្បីយកទៅប្រគល់ឱ្យម្ចាស់គេវិញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ