រាជធានីភ្នំពេញ ៖ក្រសួងមហាផ្ទៃកម្ពុជាគ្រោងចាត់បញ្ជូនជនជាតិស៊ុយអែតម្នាក់ទៅកាន់ប្រទេសរបស់គេវិញតាមសំណើរបស់ស៊ុយអែត បន្ទាប់ពីអាជ្ញាធរកម្ពុជាបានចាប់ខ្លួនកាលពីសបា្តហ៏មុនពាក់ព័ន្ធនឹងការធ្វើវិច្ឆេទកម្មតាមប្រព័ន្ធអុីនធើរណេត ។ នេះបើយោងតាមលោកសុខ ផល អគ្គស្នងការរងនគរបាលជាតិកម្ពុជា ដែលថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានកាលពីថ្ងៃទី៤ កញ្ញា ២០១២ ។
លោកអគ្គស្នងការរងនគរបាលជាតិបានបញ្ជាក់ឲ្យដឹងទៀតថា លោកបានជួបជាមួយមន្ត្រីនគរបាលស៊ុយអែតរួចហើយ ដែលពួកគេបានស្នើសុំឲ្យនិរទេសខ្លួន លោកស្វាតហូម វ៉ាក ចេញពីប្រទេសកម្ពុជា ហើយពេលនេះរង់ចាំតែលោកឧបនាយករដ្ឋមន្រ្តីស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះហត្ថលេខាលើឯកសារនរទេសខ្លួនរួចសិន ដែលត្រូវការរយៈពេលយ៉ាងហោច៥ថ្ងៃ ។
គួរបញ្ជាក់ថា លោក ហ្គតហ្រ្វីត ស្វាតហូម វ៉ាក អាយុ ២៧ឆ្នាំ ជាសហស្ថាបនិកគេហទំព័រ ផាយរ៉េត បេ ត្រូវបានតុលាការប្រទេសស៊ុយអែត កាត់ឲ្យជាប់ពន្ធនាគារ១ឆ្នាំ ពីបទលួចព័ត៌មានដោយរំលោភកម្មសិទ្ធិបញ្ញា និងត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សបា្តហ៏មុន ។ជននេះនិងបក្ខពួកដែលបានគេចខ្លួនចូលមកកម្ពុជា ត្រូវបានគេរកឃើញថា ធ្លាប់បានវាយប្រហារគេហទំព័រមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា និង ធ្លាប់បានចែកលេខសម្ងាត់របស់ប្រព័ន្ធកុំព្យូទ័រ និងឯកសារផ្សេងទៀតតាមប្រព័ន្ធអុីនធើរណេតផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ