ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ឈើ​គ្រញូង​នៅ​សំឡូត​បែ​ក​ធ្លាយ​ការ​បាញ់​សម្លាប់​គ្នា​សង្ស័យ​«ពាល​ស៊ី​ពាល»​

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ មានការទម្លាយ​ឲ្យដឹង កាលពីចុងសប្ដាហ៍​មុននេះថា ឈ្មួញរក​ស៊ីជួញ​ដូរ​ឈើគ្រញូង បានប្រើប្រាស់កាំភ្លើង និង​គ្រាប់​បែក​ដៃបោកនិងបាញ់សម្លាប់គ្នាយ៉ាងឃោរឃៅ កាលពីអំឡុងពាក់កណ្ដាលខែកក្កដាកន្លងទៅ​​​នៅក្បែរតំបន់ព្រំដែនខ្មែរ-សៀម ចំណុច​«ពាមតា» ក្នុងភូមិសាស្រ្តឃុំតាតោក ស្រុក​សំឡូត​។ ប៉ុន្តែការសម្លាប់មនុស្ស​ដ៏ព្រៃផ្សៃដែល​គេអះអាងថា បែប«ពាលស៊ីពាល»​នេះ ត្រូវ​

ខេត្ត​បាត់​ដំបង​ ៖ មានការទម្លាយ​ឲ្យដឹង កាលពីចុងសប្ដាហ៍​មុននេះថា ឈ្មួញរក​ស៊ីជួញ​ដូរ​ឈើគ្រញូង បានប្រើប្រាស់កាំភ្លើង និង​គ្រាប់​បែក​ដៃបោកនិងបាញ់សម្លាប់គ្នាយ៉ាងឃោរឃៅ កាលពីអំឡុងពាក់កណ្ដាលខែកក្កដាកន្លងទៅ​​​នៅក្បែរតំបន់ព្រំដែនខ្មែរ-សៀម ចំណុច​«ពាមតា» ក្នុងភូមិសាស្រ្តឃុំតាតោក ស្រុក​សំឡូត​។ ប៉ុន្តែការសម្លាប់មនុស្ស​ដ៏ព្រៃផ្សៃដែល​គេអះអាងថា បែប«ពាលស៊ីពាល»​នេះ ត្រូវ​ក្រុម​​ជនប្រព្រឹត្ត និងក្រុមអ្នកសម​គំនិត​បិ​ទបាំង​ព័ត៌​មាន​នេះជិតឈឹងតែម្ដង ដែលគេសង្ស័យថា សូម្បីតែអាជ្ញាធរ ឬស្ថាប័ន​សមត្ថកិច្ច​មួយ​ចំនួន ក៏មិនបានដឹងពីករណីនេះនៅឡើយដែរ រហូត​មក​ដល់ពេលនេះ ។

ប្រភពព័ត៌មានដែលគួរឲ្យទុកចិត្តមួយបានទម្លាយឲ្យដឹងថា សំណុំរឿង​សម្លាប់​មនុស្ស​ដ៏​សាហាវនៅក្នុងតំបន់ព្រៃភ្នំនេះបានកើតឡើង
កាល​ពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ កក្កដា ឆ្នាំ២០១២ នៅក្បែរព្រំដែនខ្មែរ-សៀមត្រង់​ចំណុច«ពាមតា»ក្នុងភូមិសាស្រ្តឃុំតាតោក ស្រុកសំឡូត ដែលជាតំបន់កាប់បំផ្លាញ និង​ជួញដូរឈើប្រណីតយ៉ាង​អនា​ធិប​តេយ្យ​។ ប្រភព​​ដដែល​​បន្ត​ថា គ្មានអ្នកណាបានដឹងភ្លាមៗ​​​ទេ​ក្នុង​អំពើបាញ់ប្រហារនេះ​ ។ សំណុំរឿង​សម្ងាត់​ដែល​ក្រុមសង្គមងងឹតព្យាយាម​លាក់​បាំងនេះ​​​ទើប​បាន​​បែកធ្លាយនៅថ្ងៃទី១៧ សីហា កន្លង​ទៅ​ដល់កម្លាំង​ប្រដាប់អាវុធមួយក្រុម ​​​ហើយ​ព័ត៌​មាន​សម្ងាត់នេះ​ក៏ទើប​បែកធ្លាយ​បន្តដល់​អ្នក​សារព័ត៌មានកាលពី​ចុង​សប្ដាហ៍​មុន​នេះដែរ ។

ព្រឹត្តិការណ៍បាញ់សម្លាប់​​មនុស្ស​ដ៏គួរឲ្យរន្ធត់​នេះ បើតាមប្រភព​​់​ដែល​សុំមិន​ប្រាប់​ឈ្មោះ​​រៀបរាប់ថា នៅថ្ងៃកើត​ហេតុ​នោះ​ជនប្រដាប់​អាវុធ​មួយក្រុមដែល​គេស្គាល់​ថា ជាឈ្មួញ​រក​ស៊ី​ជួញ​ដូរឈើគ្រញូងបានប្រើប្រាស់​កាំភ្លើង​វែង​បាញ់ចំនួន៣​គ្រាប់ទៅ​លើអ្នក​រកស៊ីកាប់​ឈើ​គ្រញូងលក់ចំនួន២នាក់នៅចំណុច​​«ពាមតា»នោះ ដែលបណ្ដាល​ឲ្យ​យុវ​ជន​ម្នាក់​ឈ្មោះសល់ សែល ហៅកំពង់ស្ពឺ ភេទ​ប្រុស ​អាយុ​២៣ឆ្នាំ ​ស្លាប់​នៅ​​​នឹង​កន្លែង​កើត​ហេតុ​ដោយ​ត្រូវចំនួន៣គ្រាប់ ។ ប្រភពដដែលបន្ត​ថា ក្រោយ​ពី​បាញ់​ហើយ​ខ្មាន់​កាំ​ភ្លើងបាន​ប្រើប្រាស់​គ្រាប់​បែក​ដៃគប់ទៅ​លើ​ជន​រងគ្រោះបន្ថែម​២ទៅ៣គ្រាប់ទៀតផ្ទុះលាន់​កក្រើកព្រៃ បណ្ដាលឲ្យយុវជនម្នាក់ទៀតឈ្មោះ​សោម សីហា ហៅឆក ភេទប្រុស អាយុ​ប្រហែល​គ្នារបួសភ្លៅខាងឆ្វេង ហើយក្រោយ​មក​ត្រូវបានបក្ស​ពួកជនរងគ្រោះផ្សេងទៀត ជួយ​នាំទៅ​សង្គ្រោះ​នៅគ្លីនិកឯក​ជនមួយ​នៅ​ក្នុង​ក្រុងបាត់ដំបង ។ ប្រភពខាងលើបញ្ជាក់ថា ក្រុម​ជនរងគ្រោះដែលទៅសម្ងំរកស៊ីកាប់ឈើគ្រញូងលក់​នៅ​តំបន់«ពាមតា»នោះមានបក្សពួកសរុបចំនួន១៤នាក់ ប៉ុន្តែនៅថ្ងៃកើត​ហេតុ​នៅ​កន្លែង​តែ២នាក់ទេ ឯ១២នាក់ទៀតចេញ​ទៅ​រក​កាប់​ឈើក្នុងព្រៃជ្រៅ ។

ប្រភពសម្ងាត់បាននិយាយពីមូលហេតុនៃការបាញ់សម្លាប់មនុស្សនេះថា មុនថ្ងៃបាញ់​ប្រហារ​នេះគឺក្រុមជនរងគ្រោះអារឈើគ្រញូង​បាន​ចំនួន​១១សន្លឹកដែលមានទំហំធំៗ ហើយក្រុម​ឈ្មួញ​(ក្រុមបាញ់ប្រហារ)បានមកតថ្លៃទិញ ខណៈ​ដែល​ជនរងគ្រោះនៅតែ២នាក់ចាំកន្លែង ។ លុះ​ត្រូវថ្លៃគ្នា ក្រុមឈ្មួញបាន​សុំដឹក​​ឈើ​ចេញ​មុន​សិន រួចចាំប្រគល់ប្រាក់ជាក្រោយ តែជន​រង​គ្រោះ​​មិនព្រម ។ គ្រានោះក៏មាន​ការ​ប្រកែក​គ្នា​យ៉ាងតឹងតែង រហូតឈាន​ដល់ការ​ប្រើ​ប្រាស់​កាំភ្លើង គ្រាប់បែកដៃ និងបាញ់​សម្លាប់​គ្នា​យ៉ាង​ឃោរឃៅតែម្ដងទៅ ប៉ុន្តែភាគីអ្នក​ទិញ​នៅ​តែបន្តដឹកឈើនោះចេញដដែល ក្រោយ​ពី​បាញ់​សម្លាប់គូសត្រូវរួច​ ។ ប្រភព​បន្ត​ថា ក្រោយ​​មក​ភាគីអ្នកទិញក៏​​ប្រគល់ប្រាក់​ថ្លៃ​ឈើ​នោះ​ឲ្យ​ភាគី​រងគ្រោះ ។ ក្រោយពីបាន​ប្រាក់​ក្រុម​អ្នក​កាប់​ឈើ​ក៏​បាននាំគ្នា​ចាក​ចេញ​ពី​តំបន់​នោះ មក​ដេកនៅសណ្ឋា​គារ«ធីនី»​ក្នុង​ក្រុង​បាត់​ដំបង​១​យប់ ដោយចែកប្រាក់គ្នា​បានម្នាក់​១.០០០​ដុល្លារ​រួចបែកគ្នាត្រឹមនេះទៅ ។

អ្នកតាមដាន​ករណីនេះនិយាយថា ក្រោយ​ពី​សំណុំ​​រឿងនេះ​បានបែកធ្លាយ គេបានចុះ​អង្កេត​ដល់​តំបន់កើតហេតុ ហើយ​អ្នក​អង្កេត​បាន​កសាង​​សំណុំរឿងនេះ​ដាក់​ជួន​តំណាង​អយ្យ​ការ​ទៀត​ផង ។ បន្ទាប់មក​តំណាង​អយ្យការ​បាន​ដាក់​ផែន​ការ​សម្ងាត់​ឲ្យអង្គភាពវរៈ​ការពារ​ព្រំ​ដែន​លេខ៨២៣ និងការិយា​ល័យ​ទំនាក់​​ទំនង​ព្រំ​ដែន​ប្រចាំតំបន់នោះ ចាត់ការលើ​ករណី​នេះ​បន្ថែម​ទៀត ។ ប៉ុន្តែរហូតមក​ដល់​បច្ចុ​ប្បន្ន​​គេមិន​ទាន់​ឃើញ​មានលទ្ធផលឆ្លើយតបពីអង្គភាពខាង​លើនេះទេ ជាពិសេស​អង្គភាព​វរៈការ​ពារ​ព្រំដែន​លេខ៨២៣ ដែលមាន​ទីតាំង​នៅ​តំបន់​បាញ់​សម្លាប់គ្នានោះ ។

តាមការផ្ដល់ព័ត៌មានបន្ថែមថា ​​សព​ជនរង​គ្រោះ​ត្រូវគេកប់ចោលនៅ​ក្នុងព្រៃនោះតែ​​ម្ដង។ ប៉ុន្តែអ្វីដែលជាបញ្ហានោះ​ប្រភព​បញ្ជាក់​ថា អ្នក​ស្រាវជ្រាវមិន​អាច​ចូល​ទៅកាន់​ផ្នូរ​សព ឬ​កន្លែងកើតហេតុបានទេ ដោយសារ​តែ​ក្រុម​ជនដៃដល់​ប្រើប្រាស់គ្រាប់មីនកប់ដី និង​គ្រាប់​បែក​បង្កៃនៅជុំវិញតំបន់នោះ ក្នុង​បំណង​ ​​ទី១-ការពារមិនឲ្យ​កម្លាំង​សមត្ថ​កិច្ច​​ចូលពិនិត្យ​កន្លែង​កើត​ហេតុ និងទី២-ដើម្បី​បិទបាំង​តំបន់​នោះ ដែលជាកន្លែងរក​ស៊ីបទ​ល្មើស​ព្រៃឈើដ៏សំខាន់ ។ គេឲ្យដឹងថា តំបន់​នោះ​គ្រប់គ្រង​ដោយ​កម្លាំង​ប្រដាប់អាវុធយោធា និងកម្លាំង​នគរ​បាល​ការពារ​ព្រំដែន​គោក​លេខ​៨២៣ ។

ប្រភពព័ត៌មានមួយផ្សេងទៀតនិយាយ​ថា ក្រោយ​ពី​ដឹងថា ឈ្មោះសល់ សែល ត្រូវជន​ទុច្ច​រិត​បាញ់​សម្លាប់ហើយមិនអាចចូលយក​​សព​បាន ដំបូងក្រុមគ្រួសារបានព្យាយាមធ្វើបុណ្យឧទ្ទិស​កុសល​​ជូន​វិញ្ញាណក្ខន្ធ​សពនៅក្នុងស្រុកសំឡូត តែដោយខ្លាចមានបញ្ហា ទើប​សាច់​ញាតិ​​សម្រេច​ទៅលួចធ្វើបុណ្យយ៉ាងស្ងាត់ស្ងៀម ​​នៅឯខេត្ត​ប៉ៃលិនវិញ ដោយគ្មានសព ។

ទោះជាបែបណា ជុំវិញសំណុំរឿងនេះ កោះ​សន្តិភាពមិនទាន់អាចសុំការបំភ្លឺពីស្ថាប័នពាក់ព័ន្ធណាមួយបានទេ កាលពីរសៀលថ្ងៃទី៤ កញ្ញា រាប់ទាំងស្ថាប័នអយ្យការផង ។ ព័ត៌មាននេះ​ត្រូវ​បានទម្លាយឲ្យដឹងក្រៅផ្លូវការពីប្រភព​ដែល​សុំ​លាក់ឈ្មោះ។ ប្រភពនេះអះអាងថា គេមាន​ភស្ដុ​តាង​មួយ​ចំនួនដែល​មាន​ជាប់​ពាក់​ព័ន្ធនឹង​មន្រ្តី​ប្រដាប់អាវុធមានអំណាចមួយចំនួននៅតំបន់​នោះទៀតផង ហើយមន្រ្តីទាំង​នោះ​​បាន​ព្យា​យាម​បិទបាំងយ៉ាងប្រុងប្រយ័ត្នបំផុតរហូតមកដល់ពេលនេះ ។ ប្រភពនេះបន្ត​ថា គាត់ចង់​ឲ្យ​តុលា​ការ​​វែក​មុខក្រុម​ជនដៃ​ដល់​ទាំងនោះ ព្រោះ​ពួកគេ​កំពុង​ប្រព្រឹត្តបទល្មើស​ព្រៃឈើ​យ៉ាង​ធ្ងន់​ធ្ងរ​គ្មានអ្នកណាហ៊ានរារាំងឡើយ ៕