ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ចុះ​ពិនិត្យ​ជំងឺ​ជូន​ប្រជាជន​នៅ​ឃុំកំពង់​ហ្លួង​ ស្រុក​ពញាឮ

12 ឆ្នាំ មុន

ខេត្ត​​កណ្តាល ៖ ​ព្រឹក​ថ្ងៃ​ទី​២​ ​កញ្ញា លោក​វេជ្ជ​បណ្ឌិត​សុះ មុះសិន រដ្ឋ​លេខាធិការក្រសួង​ធម្ម​ការ​ និង​សាសនា​ ប្រធាន​​សមាគម​គ្រូពេទ្យ​អ៊ិស្លាម​​កម្ពុជា អនុប្រធាន​អង្គ​ការមូល​និធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា​​ និងលោក​មហាំម៉ាត់​ សលតន តំណាងសមាគម​សម្រប​សម្រួលសង្គម​រដ្ឋ​កូវ៉ែត និង​ជា​ទី​ប្រឹក្សា​សមាគម​សប្បុរស​ធម៌​ដើម្បី​អភិវឌ្ឍ​កម្ពុជា​បាន​ដឹក​នាំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យក​ថ្នាំ​ពេទ្យ​ចុះ​

ខេត្ត​​កណ្តាល ៖ ​ព្រឹក​ថ្ងៃ​ទី​២​ ​កញ្ញា លោក​វេជ្ជ​បណ្ឌិត​សុះ មុះសិន រដ្ឋ​លេខាធិការក្រសួង​ធម្ម​ការ​ និង​សាសនា​ ប្រធាន​​សមាគម​គ្រូពេទ្យ​អ៊ិស្លាម​​កម្ពុជា អនុប្រធាន​អង្គ​ការមូល​និធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា​​ និងលោក​មហាំម៉ាត់​ សលតន តំណាងសមាគម​សម្រប​សម្រួលសង្គម​រដ្ឋ​កូវ៉ែត  និង​ជា​ទី​ប្រឹក្សា​សមាគម​សប្បុរស​ធម៌​ដើម្បី​អភិវឌ្ឍ​កម្ពុជា​បាន​ដឹក​នាំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យក​ថ្នាំ​ពេទ្យ​ចុះ​ទៅ​ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​ និង​ធ្វើ​អនាម័យ​ដល់​កុមារ​ក្រោម​អាយុ​១៣​ឆ្នាំ​ នៅឃុំ​កំពង់​ហ្លួង​ ស្រុក​ពញាឮ​ ខេត្ត​កណ្តាល​ ជាការ​ផ្តល់​សេវា​លើក​កំពស់សុខ​ភាព​សហគមន៍​ក្រី​ក្រ​ ។

ក្នុង​ឱកាស​នោះ​ ក៏មាន​ការអញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​វេជ្ជបណ្ឌិត​សាន់ សាប់អ៊ី អនុ​រដ្ឋ​លេខា​ធិការ​ក្រសួងសុខា​ភិបាល​ និង​អគ្គ​លេខា​សមាគម​គ្រូ​ពេទ្យ​​អ៊ិស្លាម​កម្ពុជា​ លោក​អភិបាល​ស្រុក​ពញាឮ​ លោកស្រីមេឃុំ ​មេ​ភូមិ​ ក្រុម​ការងារ​ ព្រមទាំង​ក្រុម​គ្រូពេទ្យ​ អ្នក​ស្ម័គ្រចិត្ត​ និង​ប្រជាពល​រដ្ឋ​យ៉ាង​ច្រើន​កុះករ ។

មុនដំណើរ​ការ​ពិនិត្យ​ជំងឺ លោកវេជ្ជ​បណ្ឌិត​សុះ មុះសិន​ បាន​លើកឡើង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​​ដែល​ដឹក​នាំ​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន បាន​ផ្តល់​អទិភាព​ដល់​ក្រសួង​សុខា​ភិបាល​ក្នុង​ការយក​ចិត្ត​ទុក​ដាក់​ចំពោះសុខុមាល​ភាព​​របស់​​ប្រជា​ពល​រដ្ឋ​ទូ​ទៅ​​ ពិសេស​ប្រជាជន​ និង​កុមារ​នៅ​តាម​ជន​​បទ​ ។ លោក​​វេជ្ជបណ្ឌិត​បន្តថា ថ្នាំ​ពេទ្យ​ជាអាវុធ​មុខពីរ​ ដែល​អាចបណ្តាលឱ្យមាន​គ្រោះ​ថ្នាក់​បាន​ បើ​សិន​បង​ប្អូន​ប្រើ​ខុស​ទិស​ដៅ​ ឬ ខុស​ពី​វេជ្ជ​បញ្ជា​របស់​គ្រូ​ពេទ្យ ។​ ​

នេះ​ជា​​រដូវ​វស្សាសម្បូរ​មូស​​ខ្លា​ ដូច្នេះ​សូមបង​ប្អូន​លុប​កប់ភក់​​​ជ្រាំនៅជុំ​វិញ​ផ្ទះ​ ជីកកប់​របស់​ដែល​អាច​ដក់​ទឹក​បាន​ពី​ព្រោះ​វា​ជាជម្រក និង​ជា​កន្លែង​បង្ក​កំណើត​របស់​មូស​ខ្លា​ ត្រូវឱ្យកូនតូច​ស្លៀក​ពាក់ខោ​អាវ​វែងៗ​ ការពារ​​កុំ​ឱ្យមូស​ខ្លា​ខាំ​ពី​ព្រោះ​វា​ជាភ្នាក់​ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម​ ។ក្នុង​នាម​ថ្នាក់​ដឹកនាំ​អ៊ិស្លាម​កម្ពុជា ​លោក​វេជ្ជ​បណ្ឌិត​សុះ​ មុះសិន​ ក៏បាន​ណែ​នាំ​ដល់​បង​ប្អូន​ខ្មែរអ៊ិស្លាម​ ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការទៅ​ប្រទេស​ថៃ បើ​មិនចាំ​បាច់​មិន​គួរ​ធ្វើ​ដំណើរ​ទៅ​ទេ បើ​ទៅ​ត្រូវ​មានលិខិត​ស្នាម​ត្រឹម​ត្រូវ​ចៀស​​វាង​ការ​ចោទ​ប្រកាន់របស់​កង​កម្លាំង​ប្រដាប់​​អាវុធ​ថៃមក​លើ​បង​ប្អូន​ ។ លោក​វេជ្ជបណ្ឌិត​ និង​គណៈអធិបតី​ បានចែក​សៀវ​ភៅ​ស្តី​ពី​គ្រោះ​ថ្នាក់​ នៃ​ការ​ជក់​បារី​ចំនួន ៣២០​ក្បាល​​សៀវភៅ​អប់រំ​អនាម័យ​ស្ត្រី​ចំនួន​ ៣២០​ក្បាល​ និង​សៀវភៅ​អប់រំ​កុមារ​ឱ្យ​ធ្វើ​អំពើ​ល្អ​ចំពោះ​ឪពុក​ម្តាយ​ចំនួន ​១០០ក្បាល​ ជូន​ដល់​ប្រជា​ពលរដ្ឋ​ និង​កុមារ​ដែល​​បាន​មក​ពិនិត្យ​ជំងឺ​នា​ពេល​នោះ ។​

លោក​វេជ្ជបណ្ឌិត​សាន់​ សាប់អុី អនុរដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល​ និងជា​អគ្គ​លេខាធិការ​សមាគមគ្រូ​ពេទ្យ​អ៊ិ​ស្លាម​កម្ពុជា​ បាន​ឱ្យដឹង​​ថា​ ជំងឺ​ត្រូវ​ពិនិត្យ​នា​ពេល​នោះ​មាន​ ជំងឺ​ក្រពះ​ ពោះ​វៀន ឈឺ​សន្លាក់​ឆ្អឹង គ្រុន​ក្តៅ​ សើ​ស្បែក​ រោគស្ត្រី ទឹកនោម​ផ្អែម សម្ពាធឈាមឡើង​ខ្ពស់​ ជំងឺ​ភ្នែក មាត់ធ្មេញ ។ល។ ឯក​ុមារមាន​ជំងឺ​ គ្រុនក្តៅ​ សត្វល្អិត​ រាគ សើ​ស្បែក ខ្វះអាហារ​រូបត្ថម្ភ ។ លោក​​​វេជ្ជ​​បណ្ឌិត បានបន្ត​​ថា ​ការពិនិត្យ​ជំងឺ​ថ្ងៃ​​នេះ​ ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ពិនិត្យ​ជំងឺ​ទូ​ទៅ​បាន​ចំនួន ២០០​នាក់​ រោគ​ស្ត្រី​ចំនួន​ ១០០នាក់​ ភ្នែកចំនួន ១០០នាក់ មាត់​ធ្មេញ ១០០នាក់ ជំងឺ​កុមារ​ចំនួន​ ១០០​នាក់​ និង​ធ្វើអនាម័យ​​កុមារ​ចំនួន​ ១៣០នាក់ ។

លោកវេជ្ជបណ្ឌិត​សាន់​ សាប់អុីបាន​​បញ្ជាក់​ថា​ កម្ម​វិធី​នេះ​​បាន​រៀបចំ​ដោយ​សមាគម​សម្រប​សម្រួល​សង្គម​​រដ្ឋ​កូ​វ៉ែត និង​សមាគម​សប្បុរស​ធម៌​ដើ​ម្បីអ​ភិវឌ្ឍ​កម្ពុជា សហការ​ជាមួយ​សមាគម​អ៊ិស្លាម​កម្ពុជា​ ។ តាមរយៈ​គម្រោងនេះ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ និង​បន្ត​ចុះពិនិត្យព្យាបាល​ និង​ចែក​ថ្នាំ​ជាបន្ត​បន្ទាប់​ទៀត​នៅ​​ខេត្ត​កំពង់ចាម​ ខេត្ត​ពោធិ៍សាត់​ និង​រាជ​ធានី​ភ្នំ​ពេញ​នៅ​ក្នុង​ខែ​កញ្ញា​​នេះ​ ៕