ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដែលគ្មានស្គាល់ច្បាប់ទម្លាប់អ្វីសោះនោះ ត្រូវបានប៉ូលិសព្រហ្មទណ្ឌក្រុងកំពង់ឆ្នាំងឃាត់ខ្លួន ខណៈបុរសរូបនេះកាន់ដាវសាម៉ូរៃមកកំញើញប៉ូលិសចរាចរដែលបានចាប់ផាកពិន័យពីករណីមិនគោរពច្បាប់ចរាចរណ៍ ។ ហេតុការណ៍មិនគួរកើតនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣ កញ្ញា នៅចំណុចជិតធនាគារខេត្ត ស្ថិតក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
ប៉ូលិសចរាចរក្រុងកំពង់ឆ្នាំងឱ្យដឹងថា នៅព្រឹកថ្ងៃនោះ ប៉ូលិសចរាចរក្រុងកំពុងសហការជាមួយប៉ូលិសចរាចរខេត្តត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ដោយផាកពិន័យអ្នកមិនគោរពច្បាប់ជិះម៉ូតូគ្មានពាក់មួក គ្មានកញ្ចក់មើលក្រោយជាដើម នៅចំណុចខាងលើ ។ ខណៈនោះក៏ឃើញឈ្មោះស្រី ចន្ថា ហៅតោ អាយុ៣១ឆ្នាំ ស្នាក់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ជិះម៉ូតូមកដល់ក៏ហៅឈប់ ព្រោះមិនគោរពច្បាប់ចរាចរណ៍ ស្រាប់តែឈ្មោះនេះទុកម៉ូតូចោល ហើយជិះម៉ូតូឌុបទៅផ្ទះ លុះមួយសន្ទុះក្រោយមកឃើញត្រឡប់មកវិញដោយកាន់ដាវសាមូរ៉ៃមកផងគំរាមកំញើញប៉ូលិស ។
ប្រភពដដែលឱ្យដឹងទៀតថា ភ្លាមៗនោះប៉ូលិសក៏បានរាយការណ៍ទៅព្រះរាជអាជ្ញា ហើយក៏មានការចាប់ខ្លួនបុរសនេះបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ