រាជធានីភ្នំពេញ ៖ សង្សារមួយគូជិះម៉ូតូស្គូពី ពណ៌ផ្កាឈូក ដោយនារីជាអ្នកឌុប ពេលមានទូរស័ព្ទរោទិ៍បានឈប់អែបទទួលទូរស័ព្ទ ស្រាប់តែត្រូវជនសង្ស័យ៣នាក់ជិះម៉ូតូសេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ មួយគ្រឿងមកដល់ដកកាំភ្លើងភ្ជង់យកម៉ូតូ និងកាបូបជិះគេចទៅបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍នេះមិនមានអ្នករងរបួសទេ កើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ កញ្ញា ២០១២ នៅមុខវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក តាមមហាវិថីកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
នារីដែលជាអ្នកបើកម៉ូតូមានឈ្មោះម៉ុល សុភារី អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៩២ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកយុវជនជាសង្សារមានឈ្មោះរ័ត្ន ផានិត អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវលេខ៤៥៤ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
ក្រោយពេលចោរប្លន់យកម៉ូតូជិះចេញទៅបាត់នារីរងគ្រោះ និងសង្សារបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យជាចោរប្លន់នោះយកមកផ្តន្ទាទោសតាមច្បាប់។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ