ខេត្តកំពង់ធំ ៖ មានក្រុមចោរប្លន់ប្រដាប់អាវុធ១ក្រុម បានធ្វើសកម្មភាពប្លន់យកមាសអស់២តម្លឹង ៣ជី និងបាញ់សម្លាប់មនុស្សម្នាក់នៅនឹងកន្លែងត្រូវរបួស២នាក់ កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៣ កញ្ញា ២០១២ នៅចំណុចភូមិអណ្ដោក ឃុំបាក់ស្នា ស្រុកបារាយណ៍ ។
តាមប្រភពព័ត៌មានពីយុវជនរងគ្រោះដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យឈ្មោះចាន់ ឃាន់ ភេទប្រុស អាយុ២១ឆ្នាំ ឱ្យដឹងថា លោកឪពុកគាត់ប៉ុន្មានថ្ងៃមុនបានលក់គោ១នឹម បានប្រាក់ប៉ុន្មានយកទៅប្រមូលទិញ (គោយន្ដ) ១គ្រឿងអស់តាំងពីព្រឹកថ្ងៃកើតហេតុមកម៉្លេះ លុះដល់យប់ថ្ងៃដដែលបន្ទប់ពីហូបបាយពេលល្ងាចរួចហើយ ពួកគាត់នាំគ្នាអង្គុយមើលទូរទស្សន៍ជុំគ្នានៅលើគ្រែខាងក្រោមផ្ទះតាមទម្លាប់ធម្មតាដូចរាល់ថ្ងៃកំពុងតែជក់អារម្មណ៍តាមដានសាច់រឿង ស្រាប់តែលេចមុខពួកក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា៦នាក់ ៣នាក់ពាក់ស្រោមមុខ ចំណែក៣នាក់ទៀតមិនមានពាក់ស្រោមមុខនោះទេ កាន់កាំភ្លើងអាកា (AK) ស្វាយបត់មួយដើមកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើម និងកាំបិតផ្គាក់១ចូលធ្វើសកម្មភាពភ្ជង់ប្លន់ឱ្យពួកគាត់ក្រាប, រួចប្រមូលលុយកាក់មាសប្រាក់យកមកឱ្យពួកវា បើមិនធ្វើតាមទេ ពួកវានឹងបាញ់សម្លាប់ចោល ពួកចោរបានបញ្ជាឱ្យប្អូនប្រុស ហុចទូរស័ព្ទឱ្យវា (ចោរ) រូបប្អូនក៏ធ្វើតាមបញ្ជា ស្រាត់តែពួកចោរបាញ់១គ្រាប់ចំដៃស្ដាំធ្លាយទៅត្រូវចំត្រគាកខាងស្ដាំរបស់បងជីដូនមួយឈ្មោះឈីន ឈី ភេទប្រុស អាយុ២៤ឆ្នាំ នៅផ្ទះជាប់របងគ្នាមុនពេលកើតហេតុបានមកអង្គុយមើលទូរទស្សន៍ជាមួយគ្នា។ ចំណែកប្អូនក៏ស្ទុះរត់គេចចេញទៅក្រៅភូមិ ស្រែកឱ្យគេជួយ តែហាក់ដូចជាអត់អំពើទេ ព្រោះគ្មាននរណាម្នាក់ក្លាហានហ៊ានចេញមុខមកជួយនោះទេ។ ពេលឃើញសកម្មភាពដូច្នេះ លោកឪពុកឈ្មោះឯក ហ៊ុយ អាយុ៦៦ឆ្នាំ បានងើបស្ទុះរត់បម្រុងគេចខ្លួន ក៏ត្រូវពួកចោរបាញ់ប្រហារធ្លាយពោះចេញពោះវៀនមកខាងក្រៅបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្ដង។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ