រាជធានីភ្នំពេញ ៖ កម្មករចំនួន៥នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៣០ សីហា ២០១២ ដើម្បីសួរនាំករណីយកគ្រឿងចក្រមកឈូសពង្រាបដីនៅចំណុចដែលអនុក្រឹត្យបានកំណត់ថា ជាសម្បត្តិសាធារណៈរបស់រដ្ឋនោះបានត្រូវតុលាការសម្រេចដោះលែងឱ្យមានសេរីភាពវិញ កាលពីព្រឹកថ្ងៃទី៤ កញ្ញា ២០១២ ។ ចំណែកលោកស្រី ឈិន សុគន្ធារី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឡាយីម៉ិចហូលឌីងគ្រុប ជាអ្នកជួលកម្មករទាំងនោះពុំទាន់ដឹងថា តុលាការសម្រេចយ៉ាងណានៅឡើយទេ ។
ក្នុងបណ្តឹងតវ៉ាទៅរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មការកំណត់ទីតាំងបឹងបួរចុះថ្ងៃទី២៤ សីហា ២០១២ លោកស្រី ឈិន សុគន្ធារី បានបញ្ជាក់ថា ក្រុមហ៊ុនឡាយីម៉ិចហូលឌីងគ្រុប បានប្រមូលទិញដីទំហំ៣៤២.២៣៦,៨៩ម៉ែត្រការ៉េ ពីប្រជាពលរដ្ឋដែលបានកាន់កាប់គ្រប់គ្រងប្រើប្រាស់ និងអាស្រ័យផលតាំងពីឆ្នាំ១៩៧៩ មកម៉្លេះ ហើយដីនេះភាគខ្លះជាដីលំនៅឋាន ដីស្រែប្រាំង និងដីចម្ការឈូក ដោយប្រជាពលរដ្ឋទាំងនោះបានផ្ទេរសិទ្ធិមកឱ្យក្រុមហ៊ុនកាន់កាប់គ្រប់គ្រងបន្តតាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ន ។ នៅចន្លោះពេលនោះក្រុមហ៊ុនបានចាក់ដី និងបង់ពន្ធលើអចលនទ្រព្យជូនរដ្ឋរួចជាស្រេចនៅឆ្នាំ២០០១ ហើយក្នុងនោះក្រុមហ៊ុនក៏មានគម្រោងប្លង់អភិវឌ្ឍន៍រួចស្រេចផងដែរ ។
នៅថ្ងៃទី៤ ឧសភា ២០០៥ ក្រុមហ៊ុនបានធ្វើសំណើសុំធ្វើប័ណ្ណកាន់កាប់ដីធ្លីទៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ម្តងរួចមកហើយ និងបានដាក់ពាក្យស្នើសុំជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ ។ ចំពោះការស្នើសុំនេះ សាលារាជធានីភ្នំពេញ បានចេញលិខិតឆ្លើយតបលេខ១៣៨ ឆត.សម ចុះថ្ងៃទី១ មិថុនា ២០០៥ ឱ្យក្រុមហ៊ុនរង់ចាំការធ្វើប្រឡាយមេខាងជើង និងស្ថានីយបូមទឹកកប់ស្រូវហើយសិន តែឥឡូវនេះបានសាងសង់រួចរាល់ជាស្ថាពរអស់ហើយ ។
យោងតាមលិខិតលេខ៦២៨ សជណ ចុះថ្ងៃទី២០ មេសា ២០០៥ ដែលកំណត់ផ្ទៃបឹងទំហំ១៥៧ហិកតា ឥឡូវនេះរក្សាទុកតែ២០ហិកតា ហើយ២០ហិកតា នេះទៀតសោតរក្សាទុកតែតំបន់ជ្រៅ និងលិចទឹកជាប្រចាំតែប៉ុណ្ណោះ ឃើញថាខុសពីដីក្រុមហ៊ុនដែលជាដីគោកជាប់ផ្លូវកៅស៊ូលេខ១៩២៨ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
លិខិតលេខ៦៩៩ ធទឧ ចុះថ្ងៃទី៣ មេសា ២០១២ របស់ក្រសួងធនធានទឹក និងឧតុនិយមត្រង់ចំណុច III-ក-ការរក្សាទុកផ្ទៃបឹងដោយមានចំណារឯកភាពពីសម្តេចនាយករដ្ឋមន្ត្រីចុះថ្ងៃទី៩ មេសា ២០១២ បានកំណត់យ៉ាងច្បាស់ថា ជាសរុបមកតំបន់បឹងពោងពាយនៅសល់ផ្ទៃអាងស្តុកទឹកសរុបចំនួន៥៣,៥១ហិកតា ដែលក្នុងនោះមាន ៖ ១-ផ្ទៃបឹងពោងពាយខាងត្បូងទំហំ៧,៥១ហិកតា, ២-ប្រឡាយមេនាំទឹកដែលមានស្រាប់មានទំហំ២៦ហិកតា និង៣-បឹងពោងពាយខាងជើងដែលត្រូវរក្សាទុក២០ហិកតា (ជាចំណុចដូចសម្តេចនាយករដ្ឋមន្ត្រីធ្លាប់លើកឡើងកន្លងមកថា ជាតំបន់ជ្រៅ និងលិចទឹកជាប្រចាំ) ។
ដូច្នេះយោងតាមលិខិតនេះ និងការកំណត់ព្រំបឹង ព្រមទាំងធ្វើប្រឡាយបានបញ្ចប់ជាផ្លូវការហើយនោះបញ្ជាក់ឱ្យឃើញថា ដីក្រុមហ៊ុនពុំមានពាក់ព័ន្ធនឹងដីបឹងទេ ហើយក្រុមហ៊ុនបានសំណូមពរឱ្យអាជ្ញាធរកាត់ដីដែលមានទំហំជាង៣៤ហិកតា ដែលមានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឡាយីម៉ិចហូលឌីងគ្រុប ចេញពីអនុក្រឹត្យលេខ១០១ អនក្រ.បក ចុះថ្ងៃទី១០ កក្កដា ២០១២ ស្តីពីការកំណត់ផ្ទៃដីបឹងពោងពាយខាងជើង និងពោងពាយខាងត្បូង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីក្រុមហ៊ុនមានលទ្ធភាពក្នុងការអភិវឌ្ឍយ៉ាងឆាប់នាពេលខាងមុខនេះ ។
នៅថ្ងៃទី៩ កក្កដា ២០១២ ក្រុមហ៊ុនបានដាក់លិខិតស្នើជូនទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំអភិវឌ្ឍន៍ និងសុំការចេញប័ណ្ណសម្គាល់កម្មសិទ្ធិរឹងចំពោះដីរបស់ខ្លួនឱ្យបានស្មើមុខនឹងម្ចាស់ដី ឬក្រុមហ៊ុនដទៃទាំងនោះ ហើយសម្តេចបានធ្វើចំណារណែនាំឱ្យលោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមពិភាក្សាជាមួយលោកអភិបាលរាជធានីភ្នំពេញ ដើម្បីផ្តល់មតិ ។
នៅចន្លោះពេលដែលការរង់ចាំផ្តល់មតិជូនសម្តេចតេជោ ហ៊ុន សែន នោះ ស្រាប់តែនៅថ្ងៃទី២៩ សីហា ២០១២ មានមន្ត្រីជំនាញចុះវាស់វែងកំណត់ផ្ទៃដីបឹងពោងពាយខាងជើង ដោយវាស់ចូលដីរបស់ក្រុមហ៊ុនធ្វើឱ្យបាត់ផ្ទៃដីប្រមាណ៣៣ហិកតា និងនៅថ្ងៃទី៣០ សីហា ២០១២ មានបញ្ជាឱ្យរឹបអូសគ្រឿងចក្រចំនួន២គ្រឿង និងចាប់ខ្លួនមនុស្សចំនួន៥នាក់ ដែលធាតុពិតក្រុមហ៊ុនបានជួលឱ្យឈូសពង្រាបដីនោះក្រោយពីមានលិខិតអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋាន ។
ជុំវិញបញ្ហាខាងលើនេះក្រុមហ៊ុនយល់ឃើញថា ករណីនេះមិនគួរកើតឡើងនៅមុនពេលដែលលោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកអភិបាលរាជធានីភ្នំពេញ បានផ្តល់មតិជូនសម្តេចតាមចំណារណែនាំដ៏ខ្ពង់ខ្ពស់នោះឡើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ