រាជធានីភ្នំពេញ ៖ ម៉ូតូឌ្រីមសេ១២៥ ស៊េរី២០១០ មួយគ្រឿង បានបើកវ៉ារថយន្ត១គ្រឿង ក្នុងទិសដៅស្របគ្នាក៏ជ្រុលទៅបុករថយន្តម៉ាកហ្វត ពណ៌ស មួយគ្រឿងចំពីមុខ បណ្តាលឱ្យរថយន្តបែកធុងទឹក ហើយអ្នកបើកម៉ូតូរងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង២រសៀលថ្ងៃទី៣ កញ្ញា នៅតាមផ្លូវលេខ២៧១ មុខវិទ្យាល័យជាស៊ីម សាមគ្គី ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០១០ មួយគ្រឿង បើកបរដោយបុរសជនជាតិវៀតណាម ឈ្មោះតេវ អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ធ្វើដំណើរតាមផ្លូវលេខ២៧១ ពីគល់ស្ពានស្ទឹងមានជ័យ ក្នុងទិសដៅពីត្បូងទៅជើង ពេលធ្វើដំណើរមកជិតដល់មុខវិទ្យាល័យ ជា ស៊ីម សាមគ្គី បានបើកវ៉ារថយន្តមួយគ្រឿង ក្នុងទិសដៅស្របគ្នា ហើយចូលចំណែកផ្លូវម្ខាងក៏ទៅបុកចំពីមុខរថយន្តម៉ាកហ្វត ពណ៌ស មួយគ្រឿង ក្នុងទិសដៅបញ្រ្ចាសគ្នាពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូដួលរងរបួសរលាត់ដៃជើង។ ចំណែករថយន្តក្រពឹតផ្នែកខាងមុខ និងបែកធុងទឹក ។
អ្នកបើកម៉ូតូត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយមានតំណាងមកដោះស្រាយដោយសុខចិត្តសងទៅខាងរថយន្តចំនួន២៥០ដុល្លារ ៕
ចែករំលែកព័តមាននេះ