រាជធានីភ្នំពេញ ៖ បុរសម្នាក់ផឹកស្រវឹងជោកជាំរហូតវង្វេងស្មារតី ហើយជិះម៉ូតូធ្លាក់ជង្ហុកប្លាតចេញពីផ្លូវខ្ទាតចូលទៅក្នុងប្រឡាយទឹកនៅក្បែរចិញ្ចើមផ្លូវ ហើយសន្លប់បាត់ស្មារតីនៅមាត់ប្រឡាយត្រូវបានប៉ូលិសមូលដ្ឋានល្បាតប្រទះឃើញជួយទាន់ពេល កុំអីត្រូវរមៀលធ្លាក់ចូលទឹកស្លាប់បាត់ទៅហើយ កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី៣ កញ្ញា លើកំណាត់ផ្លូវបេតុងខាងជើងវត្តតាំងកសាងខាងជើង ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។ បុរសនោះឈ្មោះ ផន ភាន់ អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ក្រហមលាយខ្មៅ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថាបុរសនោះស្រវឹងខ្លាំងណាស់រហូតវង្វេងវង្វាន់ស្មារតីលែង ដឹងខ្លួន ។ សាក្សីបញ្ជាក់ថា នៅមុនពេលកើតហេតុបុរសនោះបានជិះម៉ូតូតែម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើងតាមផ្លូវបេតុងចេញពីមហាវិថីសហព័ន្ធរុស្ស៊ីមុខព្រលាន្តហោះអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ភូមិ ក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ។ ដោយសារតែស្រវឹងខ្លាំងពេកពេលជិះទៅដល់ត្រង់ចំណុចកើតហេតុ បានធ្លាក់ជង្ហុករួចក៏រេចង្កូតប្លាតចេញពីផ្លូវធ្លាក់ចូលទៅក្នុងប្រឡាយដែលស្ថិតនៅក្បែរចិញ្ចើមផ្លូវនោះតែម្តង ប៉ុន្តែសំណាងល្អ ដោយសារបុរសរូបនេះរបូតចេញពីម៉ូតូទើរនៅត្រឹមមាត់ប្រឡាយ មិន ធ្លាក់ចូលទឹក ឯម៉ូតូរបស់គេខ្ទាតចូលទៅក្នុងទឹកលិចបាត់ ។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុបុរសនោះ បានសន្លប់បាត់ស្មារតីលែងដឹងខ្លួន តែត្រូវកម្លាំងប៉ូលិសប៉ុស្តិ៍ក្រាំងធ្នង់បានល្បាតប្រទះឃើញក៏នាំគ្នាសែងបុរសនោះឡើងនិងស្រង់យកម៉ូតូចេញពីក្នុងទឹក បន្ទាប់មកបានបញ្ជូនជននោះទៅកាន់ក្លីនិកឯកជន ដើម្បីសង្គ្រោះនិងបាននាំយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍រង់ចាំពេលគេដឹងខ្លួនទើបប្រគល់ឲ្យវិញ ។ នេះគឺជាការផឹកស៊ីមិនប្រមាណខ្លួននាំឲ្យមានគ្រោះថ្នាក់ខ្លួនឯងបែបនេះ សំណាងល្អមិនធ្លាក់ចូលទឹក ទើបមិនស្លាប់ ៕
ចែករំលែកព័តមាននេះ