ខេត្តកំពត ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កាលពីព្រឹកថ្ងៃទី២ កញ្ញា បានឃាត់ខ្លួនបុរសម្នាក់ជាប់ពាក់ព័ន្ធក្នុងករណីប្រមូលបក្សពួកមកប្លន់ដោយប្រើហិង្សាទៅលើគ្រួសារមួយនៅក្នុងភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៨ សីហា កន្លងទៅថ្មីៗនេះ ។
ជនសង្ស័យដែលខាងនគរបាលឃាត់ខ្លួននេះឈ្មោះ សុក សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិវត្តអង្គ ជាប់និងរបងផ្ទះស្ត្រីរងគ្រោះឈ្មោះ សោ ស៊ាប អាយុ៤៨ឆ្នាំ ដោយក្រុមចោរមានគ្នា៥នាក់បានសំរុកចូលប្លន់យកទ្រព្យសម្បត្តិអស់មាស៣តំឡឹង៦ជី ប្លាទីន៦ជី ប្រាក់ដុល្លារ៩ពាន់ដុល្លារ និងប្រាក់ខ្មែរចំនួន៨លានរៀល ។
លោកវរសេនីយ៍ទោគង់ សុខន ប្រធាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានប្រាប់កោះសន្តិភាពឱ្យដឹងថា ក្រុមចោរប្លន់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំនោះ បើយោងតាមសំដីគ្រួសាររងគ្រោះគឺក្រុមចោរមានគ្នា៥នាក់ប្រដាប់ដោយដែកបំពង់ទីប២ដើម និងកាំភ្លើងខ្លីជ័រ៣ដើម ។ លោកវរសេនីយ៍ទោរូបនេះនិយាយទៀតថា ពេលក្រុមចោរចូលទៅប្លន់ម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ធមិនបាននៅផ្ទះទេ នៅតែជីដូនចាស់ម្នាក់ និងពួកកូនៗ ។ លោកវរសេនីយ៍ទោ គង់ សុខន បាននិយាយបន្តថា បន្ទាប់ពីកើតមានអំពើប្លន់នេះខាងនគរបាលបានចុះអង្កេត និងស្រាវជ្រាវស្វែងរកមុខសញ្ញា ។ នៅថ្ងៃទី៣០ សីហា នគរបាលបានរកឃើញដែកបំពង់ទីបចំនួន២ដើម និងស្បែកជើងផ្ទាត់សមួយគូ និងអាវភ្លៀងមួយដែលក្រុមចោរបានបោះចោលនៅក្នុងព្រៃឃ្លាតពីផ្ទះជនរងគ្រោះចម្ងាយ២គីឡូម៉ែត្រ។ លោកបាននិយាយបន្តទៀតថា ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះព្រោះមានតំរុយខ្លះៗដូចជាស្បែកជើងផ្ទាត់សមួយគូដែលចោរបោះចោលក្នុងព្រៃ ពេលនគរបាលឃាត់ខ្លួនជនសង្ស័យឈ្មោះ សុក សម្បត្តិ ភា្លម នគរបាលបានឱ្យពាក់ស្បែកជើងសនោះគឺត្រូវនឹងជើងជនដែលឃាត់ខ្លួន តែសុក សម្បត្តិ ជាជនសង្ស័យមានពាក់ស្បែកជើងផ្សេងប៉ុន្តែមិនត្រូវជើងខ្លួនទេ ។ ចំណុចមួយទៀតគឺមុនពេលកើតហេតុជនសង្ស័យសុក សម្បត្តិ មានការទាស់គ្នាជាមួយគ្រួសាររងគ្រោះ ពីរឿងព្រំដី ដោយឈ្មោះសុក សម្បត្តិ បានបោះពាក្យសំដីថា ឯងកុំអាងមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណឹងគង់តែថ្ងៃណាមួយ គង់តែអញហៅគេមកយកឱ្យអស់មិនខាន ។ ថ្វីបើបែបនេះក្តី សុក សម្បត្តិមិនបានសារភាពទេ ប៉ុន្តែនគរបាលកំពុងកសាងសំណុំរឿងរួមទាំងវត្ថុតាងទៅសាលាដំបូងដើម្បីចាត់ការបន្ត ។
គួររំលឹកថា ចោរប្លន់៥នាក់ប្រដាប់ដោយកាំភ្លើងជ័រខ្លី៣ដើមបានធ្វើសកម្មភាពប្លន់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៨ សីហា ខណៈពេលម្ចាស់ផ្ទះកំពុងអង្គុយមើលទូរទស្សន៍នៅក្នុងផ្ទះ ។ មន្ត្រីនគរបាលស្រុកទឹកឈូបានឱ្យដឹងថា ម្ចាស់ផ្ទះជាជនរងគ្រោះឈ្មោះនី ឈីវ ភេទប្រុស អាយុ៤៩ឆ្នាំ ប្រពន្ធឈ្មោះ សោ ស៊ាប អាយុ៤៩ឆ្នាំ ។ នគរបាលបន្តទៀតថា នៅពេលកើតមានហេតុការណ៍នោះម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធពុំបាននៅផ្ទះទេ មានតែម្តាយចាស់ជរាម្នាក់និងកូនៗរបស់ខ្លួន២នាក់ព្រមទាំងអ្នកជិតខាងម្នាក់មានកូនមកមើលទូរទស្សន៍ក្នុងផ្ទះកើតហេតុ ។ តាមសំដីកូនម្ចាស់ផ្ទះនិងម្តាយបានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង៨យប់អ្នកនៅក្នុងផ្ទះទាំងអស់គ្នាកំពុងអង្គុយមើលទូរទស្សន៍ ស្រាប់តែឮសំឡេងឆ្កែព្រុសខ្លាំងៗ ពេលនោះកូនប្រុសម្ចាស់ផ្ទះក៏បានយកពិលចេញមកក្រៅផ្ទះរួចចុចបំភ្លឺមើលជុំវិញផ្ទះតែពុំឃើញមានអ្វីក៏ចូលក្នុងផ្ទះវិញ ។ មួយសន្ទុះក្រោយមកមានសំឡេងឆ្កែនៅផ្ទះព្រុសខ្លាំងៗម្តងទៀតកូនប្រុសម្ចាស់ផ្ទះក៏ចេញមកចុចពិលដូចលើកមុន ក៏នៅតែពុំឃើញអ្វីប្លែក ក៏ចូលទៅក្នុងផ្ទះវិញ ។ គ្រាន់តែកូនប្រុសម្ចាស់ផ្ទះចូលមិនទាន់អង្គុយផងក៏ស្រាប់តែមានមនុស្ស៥នាក់សម្រុកចូលតាមក្រោយដោយ៣នាក់ប្រដាប់ដោយកាំភ្លើងខ្លីកាន់នៅដៃ ។ ពេលនោះពួកចោរបានចាប់ស្ត្រីចំណាស់ត្រូវជាម្តាយម្ចាស់ផ្ទះ និងជាជីដូន ដោយយកស្កុតផ្លាស្ទិចបិទមាត់មិនឱ្យស្រែក ហើយបញ្ជាគំរាមអ្នកនៅក្នុងផ្ទះទាំងប៉ុន្មានឱ្យដេកផ្កាប់មុខទាំងអស់គ្នារួចចូលរើកកាយពេញក្នុងផ្ទះ ព្រមទាំងគាស់ទូដែលម្ចាស់ផ្ទះទុកមាសនិងប្រាក់ប្រមូលកើបយកទាំងមាសទាំងប្រាក់អស់រលីងពីក្នុងទូ រួចនាំគ្នាចេញពីផ្ទះគេចខ្លួនបាត់អស់ទៅដោយសុវត្ថិភាព ។
តាមសំដីស្ត្រីជាប្រពន្ធម្ចាស់ផ្ទះបានរៀបរាប់ប្រាប់សមត្ថកិច្ចពីការបាត់បង់ទ្រព្យសម្បត្តិនៅក្នុងហេតុការណ៍នេះថា មាសសុទ្ធ៣តំឡឹង ប្លាកទីន៦ជី លុយដុល្លារ៩.០០០ដុល្លារ លុយខ្មែរ៨លានរៀល សរុបទឹកប្រាក់អស់ជាង២ម៉ឺនដុល្លារ ៕
ចែករំលែកព័តមាននេះ