រាជធានីភ្នំពេញ ៖ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការក្តៅដល់អាជ្ញាធរពាក់ព័ន្ធក្រោមឱវាទទូទាំងរាជធានី ឱ្យពង្រឹងកាន់តែខ្លាំងក្លាលើបញ្ហាសន្តិសុខ ពិសេសទប់ស្កាត់ភេរវកម្មនៅរាជធានីភ្នំពេញ ។
លោកអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការក្តៅនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែរបស់សាលារាជធានីនាព្រឹកថ្ងៃទី៣ កញ្ញា និងបន្ទាប់ពីមានការដាក់បំផ្ទុះប៉ុនប៉ងផ្តាច់ស្ពានអូរគគីរលើកំណាត់ផ្លូវជាតិលេខ៤ កាលពីពេលថ្មីៗកន្លងមក ។
លោកកែប ជុតិមា បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ទៅលើការពង្រឹងសន្តិសុខសុវត្ថិភាពក្នុងរាជធានីភ្នំពេញចាប់ពីពេលនេះទៅ ដោយសារតែកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ក៏ដូចជាកិច្ចប្រជុំផ្សេងៗទៀត ក្នុងនោះក៏មានកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅចុងឆ្នាំនេះផងដែរ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ។ ដូច្នេះបញ្ហាសន្តិសុខនៅតែជាចំណុចក្តៅ និងត្រូវយកចិត្តទុកដាក់ជាអាទិភាព ។
លោកអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា រឿងសន្តិសុខត្រូវតែកាចបន្តិចទើបបាន ពិសេសជាមួយពួកមានអាវុធបាញ់បោះអនាធិបតេយ្យក្នុងក្រុង ដោយស្នើដល់លោកអភិបាលខណ្ឌទាំងអស់ខិតខំជំរុញការងារសន្តិសុខឱ្យបានខ្លាំងក្លានៅពេលកម្តៅអសន្តិសុខកំពុងកើនឡើង ។ លោកបានទាញអារម្មណ៍អង្គប្រជុំឱ្យចាប់អារម្មណ៍លើរឿងដាក់បង្កៃគ្រាប់បែកច្នៃបំណងផ្តាច់ស្ពាននៅផ្លូវជាតិលេខ៤ កាលពីសប្តាហ៍មុនថា ជាអំពើភេរវកម្មយ៉ាងជាក់ស្តែង និងជាមេរៀនមួយសម្រាប់រាជធានីភ្នំពេញ ។
លោកកែប ជុតិមា ក៏បានរំលឹកផងដែរដល់ អាជ្ញាធរសង្កាត់ក្នុងការបើកវេទិកាសាធារណៈទាក់ទងទៅនឹងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដោយត្រូវបើកវេទិកាសាធារណៈឱ្យបានយ៉ាងហោចណាស់១ខែម្តង និងត្រូវបន្តប្រមូលសិស្សដែលគេចសាលាមកលេងហ្គេម និងមានវិធានការលើអ្នកបើកហ្គេមនៅក្បែរសាលារៀនផងដែរ ។ ពាក់ព័ន្ធទៅនឹងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ លោកកែប ជុតិមា បញ្ជាក់ថា បើសមត្ថកិច្ចណាម្នាក់ យកប្រាក់ពីប្រជាពលរដ្ឋ ពីការធ្វើអត្តសញ្ញាណប័ណ្ណនេះសូម្បី១០០រៀលក៏ដោយ បើមានភស្តុតាងច្បាស់លាស់គឺត្រូវដេញចេញពីអង្គភាព ។
នៅក្នុងកិច្ចប្រជុំនោះ សាលារាជធានីភ្នំពេញបានលើកយករបៀបវារៈចំនួន៧ចំណុចមកពិភាក្សាគឺ ៖
ទី១- លទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ។
ទី២- សេចក្តីណែនាំស្តីពីការកំណត់ម៉ោងបើករង្គសាល និងឌីស្កូតែក ។
ទី៣- លទ្ធផលប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះឆ្នាំ២០១២ ។
ទី៤- ផែនការប្រមូលពន្ធលើអលនទ្រព្យឆ្នាំ២០១៣ ។
ទី៥- លទ្ធផលនៃការដោះស្រាយផលប៉ះពាល់គម្រោងស្ថាបនាស្ពានអាកាសស្ទឹងមានជ័យ ។
ទី៦- គម្រោងរៀបចំសួននៅតាមប្រឡាយនានា ។
ទី៧- លទ្ធផលនៃដំណើរការទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិករបស់គណៈប្រតិភូរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ