ខេត្តកណ្តាល ៖ ក្នុងការជួបជុំជាមួយប្រធានក្រុមបក្សមកពីភូមិចំនួន២១របស់ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នៅក្នុងពិធីប្រកាសទទួលស្គាល់សុពលភាពប្រធានក្រុមបក្សទាំង៦៥៩នាក់ទូទាំងឃុំ បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពថ្មីនៃសមាជិកបក្សរួចមក នាថ្ងៃទី២ កញ្ញា លោករស់ វណ្ណា អនុប្រធានអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំចំនួន២ គឺឃុំក្រាំងម្កាក់ និងឃុំបែកចាន បានសំណូមពរដល់ប្រធានក្រុមបក្សដែលទើបបានរៀបចំថ្មីទាំងអស់ត្រូវបន្តបង្កើនការជួយដល់ប្រជាជនឱ្យអស់លទ្ធភាពដែលមាន ស្របទៅនឹងគោលនយោបាយដឹកនាំរបស់គណបក្ស ក៏ដូចជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ដើម្បីបង្កើននូវជំនឿទុកចិត្តរបស់ប្រជា ជន និងឈានឆ្ពោះទៅរកភាពជោគជ័យនាពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ខាងមុខ ។
លោកបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីដើម្បីបម្រើផលប្រយោជន៍ប្រជាជន លើកស្ទួយជីវភាពរស់នៅ និងឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ អាស្រ័យដោយមើលឃើញសកម្មភាពជាក់ស្តែងកន្លងមកទាំងនេះហើយ ទើបប្រជាជនតែងតែបានគាំទ្រ និងមានជំនឿយ៉ាងមុតមាំលើការដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ លោកសំណូមពរដល់ប្រធានក្រុមបក្សទាំងអស់ឱ្យបន្តការសាមគ្គីភាពផ្ទៃក្នុងរវាងគ្នាឱ្យបានល្អ លើកកម្ពស់ឆន្ទៈបំពេញភារកិច្ចប្រកបដោយភាពទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការទប់ស្កាត់ និងការបង្ក្រាបក្មេងទំនើងក្នុងមូលដ្ឋាន និងការពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបំផុសដល់យុវជនដែលទើបគ្រប់អាយុឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ។
ក្នុងឱកាសនោះដែរ លោកបានចែកជូនប៊ីចេងដល់ប្រធានក្រុមបក្សចូលរួមទាំង៦៥៩នាក់ ក្នុងម្នាក់ៗ១កញ្ចប់ ព្រមទាំងបាននាំបច្ច័យចំនួន១លាន៥សែនរៀលទៅប្រគេនព្រះសង្ឃវត្តអង្គពពាយ ក្នុងឃុំក្រាំងម្កាក់ ក្នុងការចូលរួមបុណ្យផ្ការស្មីសាមគ្គីដើម្បីកសាងនូវឧបដ្ឋានសាលា១ខ្នង និងបានអញ្ជើញពិនិត្យមើលដំណើរការសាងសង់អគារសិក្សា១ខ្នងកម្ពស់២ជាន់ស្មើនឹង១២បន្ទប់ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងបរិវេណអនុវិទ្យាល័យហ៊ុន សែន អង្គពពាយ ឃុំក្រាំងម្កាក់ ដែលបច្ចុប្បន្នបាននិងកំពុងមមាញឹកក្នុងការសាងសង់ ។ លោកបានណែនាំដល់អ្នកម៉ៅការសាងសង់ឱ្យជំរុញការងារសាងសង់របស់ខ្លួនបានឆាប់រួចរាល់តាមកាលកំណត់ស្របតាមបទដ្ឋានបច្ចេកទេស និងមានសោភ័ណភាព ព្រមទាំងធានាដល់ការប្រើប្រាស់បានយូរអង្វែង ៕
ចែករំលែកព័តមាននេះ