ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានកុមារី២៥នាក់នៅខេត្តស្វាយរៀង និងកុមារីរាប់ពាន់នាក់កំពុងរើសអេតចាយ ព្រមទាំងកុមារីកំព្រាយ៉ាងច្រើនទៀតដែលកំពុងរស់នៅពុំមានសមភាពផ្នែកសេដ្ឋកិច្ច ជាពិសេសសមភាពយេនឌ័រក្នុងការអភិវឌ្ឍសង្គម។ កុមារីទាំងនោះខ្លះត្រូវឪពុកម្តាយស្លាប់ចោល ខ្លះត្រូវឪពុកម្តាយយកទៅឱ្យបម្រើគេតាមផ្លះ ខ្លះដើររើសអេតចាយ ខ្លះឪពុកម្តាយប្រើអំពើហិង្សាក្នុងគ្រួសារ ខ្លះត្រូវឪពុកម្តាយសាច់ញាតិជួញដូរកម្លាំងពលកម្មទៅឱ្យពួកមេខ្យល់យកទៅដើរសុំទាន និងលក់ផ្កានៅក្នុង និងក្រៅប្រទេស ។ កុមារីមួយចំនួនត្រូវបានគេជួញដូរផ្លូវភេទ រស់នៅយ៉ាងវេទនា និងភាពភ័យខ្លាចបណ្តាលមកពីឪពុកម្តាយមានជីវភាពក្រីក្រ អវិជ្ជា និងក្រុមមនុស្សអសីលធម៌ ។
នាងរ៉ា លកិ្ខណា គឺជាកុមារីម្នាក់ក្នុងចំណោមកុមារី២៥នាក់នៅខេត្តស្វាយរៀង ដែលក្នុងមួយថ្ងៃៗនាងតត្រុកស្ពាយការុងដើររើសអេតចាយនៅក្នុងក្រុងស្វាយរៀង ។ នាងនិយាយថា នាងមានអាយុ១៣ឆ្នាំ សព្វថ្ងៃរៀននៅថ្នាក់ទី៣នៃសាលាបឋមសិក្សាព្រះសីហនុ ។ នាងជាកូនស្រីច្បងមានបងប្អូន៥នាក់ (ស្រី៣នាក់ ប្រុស២នាក់) ប្អូនប្រុសពៅអាយុ៣ឆ្នាំ ឪពុកឈ្មោះចាន់ រ៉ា អាយុ៤៨ឆ្នាំ ជាកម្មករលីបាវ និងលើកគ្រឿងសំណង់ ម្តាយឈ្មោះជួប ម៉ាលីស អាយុ៣៦ឆ្នាំ ប្រកបរបរបេះត្រកួនលក់ ។ ជីវភាពក្រុមគ្រួសារនាងក្រីក្រណាស់ គ្មានដីធ្លីប្រកបរបរកសិកម្ម គ្មានដីសង់លំនៅឋានទេ សព្វថ្ងៃឪពុកនាងបានសុំចែកដីចំណីថ្នល់ទំនប់ក្រវាត់ក្រុងដើម្បីសង់ខ្ទមទំហំ៣ម៉ែត្រគុណ៣,៥០ម៉ែត្រ ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង សម្រាប់ស្នាក់នៅ។
កុមារី រ៉ា លក្ខិណា រៀបរាប់បន្តទៀតថា ប្អូនប្រុសនាងអាយុ១២ឆ្នាំ មានឱកាសទៅរៀនច្រើនជាងនាង រៀនដល់ថ្នាក់ទី៤ហើយ ឆ្នាំសិក្សាថ្មីនេះបានឡើងថ្នាក់ទី៥ រីឯប្អូនស្រីទី៣ អាយុ៨ឆ្នាំ រៀនថ្នាក់ទី២ ចំពោះប្អូនស្រីអាយុ៦ឆ្នាំ និងប្អូនប្រុសពៅអាយុ៣ឆ្នាំមិនបានចូលរៀននៅមតេ្តយ្យសាលាដូចកូនគេមានទ្រព្យធននោះទេ។ ឪពុកម្តាយនាងប្រកាន់លើកកម្ពស់កូនប្រុសជាងកូនស្រី ផ្តល់ឱកាសឱ្យកូនប្រុសបានរៀនសូត្រច្រើនជាងនាង ដោយនិយាយថា កូនឯងជាស្រីហើយជាកូនច្បងត្រូវជួយរកស៊ីឪពុកម្តាយ កូនស្រីពេលពេញវ័យមានប្តី គឺប្តីចិញ្ចឹម រីឯកូនប្រុសគឺស្នងត្រកូល ដូច្នេះត្រូវតែរៀនឱ្យចេះដើម្បីស្តារកិត្តិយសគ្រួសារ ។ តើពិតឬដែលថា មានតែកូនប្រុសទើបអាចស្តារកិត្តិយសបាន! តើកូនស្រីមិនអាចស្តារកិត្តិយសគ្រួសារបានទេឬ? បើកូនស្រីជាអ្នកលះបង់ពេលវេលាសិក្សាឆ្លៀតទៅជួយរកស៊ីផ្គត់ផ្គង់ជីវភាពគ្រួសារ ផ្តល់ឱ្យកូនប្រុសបានទៅរៀនសូត្រចេះដឹង តើកូនប្រុស ឬកូនស្រីដែលជាអ្នកស្តារកិត្តិយសគ្រួសារ ។
កុមារី លក្ខិណា បានជូតទឹកភ្នែកហើយនិយាយទាំងទឹកមុខមាំថា ទោះជាយ៉ាងណាពេលនេះនាងតាំងចិត្តថា ឈប់សម្រក់ទឹកភ្នែកទៀតហើយ នាងត្រូវតែតស៊ូ នាងទៅរៀនពេលព្រឹក ពេលល្ងាចដើររើសអេតចាយ ពេលយប់នាងមើលសៀវភៅ និងធ្វើកិច្ចការសាលា ។ ពេលសម្រាកវិស្សមកាលនេះ នាងខំប្រឹងដើររើសអេតចាយដើម្បីលក់យកប្រាក់សន្សំទុកទិញសម្លៀកបំពាក់ និងសម្ភារសិក្សា ហើយពេលចូលរៀនវិញក៏នាងនៅតែបន្តរើសអេតចាយដើម្បីផ្គត់ផ្គង់ការសិក្សាឱ្យបានរហូតដល់ថ្នាក់ទី៩ ហើយ នឹងបន្តរៀនរហូតចប់ថ្នាក់ទី១២ ។
រីឯកុមារីកំព្រា៤នាក់បងប្អូនផ្សេងទៀតដែលឪពុកម្តាយស្លាប់ចោល ហើយត្រូវជីដូនយកមកឱ្យរស់នៅជាមួយឪពុកម្តាយធំជីដូនមួយនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត កុមារីច្បងឈ្មោះជា ថារី អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣ កុមារីជា រតនា អាយុ៨ឆ្នាំ រៀនថ្នាក់ទី១ កុមារីជា រតនៈ អាយុ៧ឆ្នាំ និងកុមារី ជា ទ្រី អាយុ៥ឆ្នាំ មិនទាន់បានចូលរៀនទ ពួកគេក៏ជាអ្នករើសអេតចាយដែរ កាលពីឪពុកម្តាយនៅរស់។ បច្ចុប្បន្នពួកគេតស៊ូរស់នៅជុំគ្នា៤នាក់ បងប្អូន ដោយកុមារីច្បង២នាក់ជួយលើកបាយម្ហូបឱ្យភ្ញៀវនៅក្នុងហាងបាយរបស់ឪពុកម្តាយធំ ប្តូរយកអាហារបរិភោគ និងបានអំពាវនាវរកសប្បុរសជនធ្វើជាឪពុកម្តាយធម៌ ដើម្បីឧបត្ថម្ភការសិក្សា ព្រោះថាមានតែចំណេះវិជ្ជាទេដែលជួយពួកគេឱ្យចាកផុតពីទុក្ខវេទនាបាន ៕
ចែករំលែកព័តមាននេះ