រាជធានីភ្នំពេញ ៖ លោកសោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃទី២ កញ្ញា តាមទូរស័ព្ទថា សភាសម្ព័ន្ធសហជីពនឹងធ្វើលិខិតស្នើទៅលោកវង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសុំអន្តរាគមន៍ទៅថៅកែរោងចក្រ សហគ្រាស អនុញ្ញាតឱ្យកម្មករកម្មការិនីទូទាំងប្រទេសមានឱកាសទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ ។
លោកសោម អូន មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ដូច្នេះក្នុងនាមរូបលោកជាតំណាងសហព័ន្ធសហជីព លោកក៏សូមអំពាវនាវទៅថៅកែរោងចក្រ សហគ្រាសទាំងអស់ ធ្វើយ៉ាងណារក្សាប្រាក់ឈ្នួលកម្មករក្នុងឱកាសដែលកម្មករឈប់សម្រាកទៅចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យឈ្មោះបោះឆ្នោតនៅ តាមឃុំ-សង្កាត់នានាទូទាំងព្រះរាជាណាចក្រកម្ពុជា ។ លោកសូម អូន បញ្ជាក់ថា ជាគោលការណ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែងតែធ្វើសេចក្តីជូនដំណឹងជម្រាបទៅនិយោជករោងចក្រ សហគ្រាសទាំងអស់អំពីបញ្ហានេះ ។
សូមបញ្ជាក់ថា យុទ្ធនាការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ។ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២ លោកជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាក៏បានសរសេរលិខិតមួយច្បាប់ដាក់ស្នើទៅលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួួយអន្តរាគមន៍ដល់ថៅកែរោងចក្រ សហគ្រាស អនុញ្ញាតផ្តល់ឱកាសដល់កម្មករកម្មការិនីបានឈប់សម្រាកទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតដែរ ៕
ចែករំលែកព័តមាននេះ