រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២នៅសាលប្រជុំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមានដំណើរការកិច្ចប្រជុំលើកទី១នៃគណៈកម្មការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ក្រោមអធិបតីភាពលោកបណ្ឌិតប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា និងជាប្រធានគណៈកម្មការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ក្នុងគោលបំណងពិនិត្យនូវវឌ្ឍនភាព និងទិសដៅការងារអនុវត្តបន្ត ។
ដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមទៀតនៃកិច្ចសហការរវាងក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធធានាឱ្យបាននូវការអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដែលធានាបាននូវភាពតភ្ជាប់ជាមួយប្រព័ន្ធបញ្ជរតែមួយរបស់អាស៊ាន តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមទស្សនៈវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ ។
បន្ទាប់ពីបានលើកឡើងនូវសាវតា និងវឌ្ឍនភាពការងារមួយចំនួនរួចមក លោកបណ្ឌិត ប៉ែន ស៊ីម៉ន បានគូសបញ្ជាក់នូវទស្សនទាននៃប្រព័ន្ធបញ្ជរតែមួយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះចំណុចសំខាន់៣គឺ ៖
– ភាពជាម្ចាស់របស់រដ្ឋ
– ការកំណត់រដ្ឋបាលគយជាអ្នកនាំមុខតែមួយគត់ក្នុងការអភិវឌ្ឍ គ្រប់គ្រង និងធ្វើប្រតិបត្តិការ
– ការយកប្រព័ន្ធស្វយ័តប្រវត្តិកម្មទិន្នន័យគយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យជាស្នូលនៃប្រព័ន្ធបញ្ជរតែមួយជាតិ
បន្ទាប់មកអង្គប្រជុំបានស្តាប់នូវបទបង្ហាញស្តីពីការអនុវត្តប្រព័ន្ធស្វយ័តប្រវត្តិកម្មទិន្នន័យគយ (ASYCUDA) និងការអនុវត្តគោលនយោបាយនៃកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈគ្រប់គ្រងហានិភ័យ ជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធបញ្ជរតែមួយជាតិ សម្រេចឱ្យបាននូវការតម្កល់ឯកសារនាំចេញ-នាំចូល (Single Submission) ការត្រួតពិនិត្យបែបបទនាំចេញ-នាំចូល (Single Processing) និងការអនុញ្ញាតឱ្យយកទំនិញចេញ (Single Release) តែមួយដង និងមួយកន្លែងស្របតាមបញ្ញត្តិកិច្ចព្រមព្រៀងស្តី ពីការបង្កើត និងអនុវត្តប្រព័ន្ធបញ្ជរតែមួយអាស៊ានជាធរមាន ។
នៅបញ្ចប់នៃបទបង្ហាញ និងកិច្ចពិភាក្សាផ្ទៃក្នុងគណៈកម្មការដឹកនាំគម្រោងបញ្ជរតែមួយជាតិរួចមក លោកបណ្ឌិតប៉ែន ស៊ីម៉ន បានធ្វើការបូកសរុប និងវាយតម្លៃលទ្ធផលនៃកិច្ចប្រជុំនេះ ព្រមទាំងបានផ្តល់នូវអនុសាសន៍ស្តីពីលទ្ធភាពនៃជំហានសំខាន់ៗដែលត្រូវអនុវត្តបន្តរួមមាន ៖
១- ជំរុញអនុវត្តឱ្យបានពេញលេញនូវបទប្បញ្ញត្តិជាធរមានពាក់ព័ន្ធនិងគោលនយោបាយនៃកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ ជាពិសេសអនុក្រឹត្យស្តីពីកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ និងប្រកាសអន្តរក្រសួងពាក់ព័ន្ធជាធរមាន ក្រោមការសម្របសម្រួលរបស់ក្រុមសម្របសម្រួលអន្តរស្ថាប័ន ។ ការងារនេះតម្រូវឱ្យមានការកសាង និងដាក់ឱ្យអនុវត្តនូវសេចក្តីណែនាំរដ្ឋបាលមួយតាមបញ្ញត្តិអនុក្រឹត្យនេះ ឈានទៅធានាឱ្យបាននូវការអនុវត្តគោលការណ៍មូលដ្ឋាននៃប្រព័ន្ធបញ្ជរតែមួយទាំង៣ (3S: Single Submission, Single Processing, and Single Release) ដូចរៀបរាប់ខាងលើ ។
២- ក្រុមការងារ និងក្រុមផ្តល់ប្រឹក្សាបច្ចេកទេសគម្រោងបញ្ជរតែមួយជាតិ ត្រូវសហការជាមួយក្រុមសម្របសម្រួលអន្តរស្ថាប័ននៃកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យដោយមានការចូលរួមពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងទៀត កសាងផែនការសកម្មភាពលម្អិតដែលត្រូវអនុវត្តបន្តដាក់ជូនកិច្ចប្រជុំលើកទី២នៃគណៈកម្មការគម្រោងបញ្ជរតែមួយជាតិនាពេលខាងមុខ ដើម្បីពិនិត្យ និងសម្រេច ។ ការងារនេះត្រូវឆ្លុះបញ្ចាំងនូវឧបសគ្គនានាដែលនៅសេសសល់ និងលទ្ធភាពនៃដំណោះស្រាយជាជម្រើសផងដែរ ។
៣- ក្រុមការងារគម្រោងជាតិ និងក្រុមផ្តល់ប្រឹក្សាបច្ចេកទេសអាស៊ីគូដា ត្រូវបន្តជំរុញពង្រីកវិសាលភាព និងមុខងារនៃប្រព័ន្ធអាស៊ីគូដា ធានាឱ្យបាននូវភាពតភ្ជាប់តាមមធ្យោបាយអេឡិចត្រូនិច (Electronic Connectivity) កាន់តែច្រើនឡើងៗឈានទៅប្រើប្រាស់ពេញលេញនូវមធ្យោបាយអេឡិចត្រូនិច តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕
ចែករំលែកព័តមាននេះ