ខេត្តមណ្ឌលគិរី ៖ បច្ចុប្បន្ន ផ្ទៃដីដ៏ធំធេងរបស់មជ្ឈមណ្ឌលវប្បធម៌ជនជាតិភាគតិចភ្នំដោះក្រមុំ កំពុងរងការបាត់បង់ដោយសារមានសំណង់តូចធំជាច្រើន សាងសង់យ៉ាងអនាធិបតេយ្យព័ទ្ធជុំវិញចង្កេះភ្នំ យកជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ សំណង់តូចធំទាំងនេះខ្លះសាងសង់រួច និងខ្លះទៀតកំពុងសាងសង់ រំលោភលើដីរបស់រដ្ឋដែលចុះបញ្ជីសារពើពន្ធរួចហើយនោះ ហើយបញ្ហាខាងលើគេមិនដឹងថា អាជ្ញាធរខេត្ត-ក្រុង និងមន្ទីរពាក់ព័ន្ធនឹងមានចំណាត់ការយ៉ាងណានោះទេ ព្រោះសំណង់ផ្ទះជាច្រើនកំពុងសាងសង់បន្តទៀតជាហូរហែ ។
បានជាម្ចាស់សំណង់ទាំងនោះអាចបន្តសង់សំណង់ផ្សេងៗទៀតបានយ៉ាងរលូនបែបនេះ មិនដឹងថាមានការអនុញ្ញាតពីថ្នាក់ណានោះឡើយ។ ដីមជ្ឈមណ្ឌលវប្បធម៌ជនជាតិភាគតិចភ្នំដោះក្រមុំ ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ផ្ទៃដីរបស់មជ្ឈមណ្ឌលវប្បធម៌ជនជាតិភាគតិចភ្នំដោះក្រមុំ មានទំហំ១០១,៧៣ហិកតា តែក្នុងពេលបច្ចុប្បន្នមានសំណង់តូចធំជាច្រើនសង់បង្អួតគ្នាព្រោងព្រាតលើដីរបស់រដ្ឋ ដែលនេះជាការចាប់ដីយកជាកម្មសិទ្ធិដោយខុសច្បាប់ ។ ការចាប់ដីសាងសង់នោះ មិនដឹងថាម្ចាស់ដីទាំងនោះជាប្រជាពលរដ្ឋធម្មតា ឬជាមន្ត្រីអ្នកមានអំណាចថ្នាក់ណាខ្លះឡើយ ហើយមានការអនុញ្ញាតពីជំនាញណានោះទេ ក្នុងការគ្រប់គ្រងដីនៅតំបន់ខាងលើ ។ ផ្ទៃដីរបស់មជ្ឈមណ្ឌលវប្បធម៌ជនជាតិភាគតិចភ្នំដោះក្រមុំខាងលើ បច្ចុប្បន្នត្រូវបានប្រភពអះអាងថា បានរួមតូចនៅសល់មិនដល់៨០ហិកតាទេ ។
បើតាមប្រជាពលរដ្ឋរស់នៅក្បែរនោះនិយាយថា ភ្នំដោះក្រមុំគឺជាកន្លែងសម្រាប់មនុស្សទូទៅគោរពបូជា សុំសេចក្តីសុខសប្បាយមិនត្រឹមតែប៉ុណ្ណោះសូម្បីតែមន្ត្រីរាជការ ប្រមុខរដ្ឋាភិបាលនិងព្រះមហាក្សត្រ ក៏តែងតែយាងនិងអញ្ជើញមកធ្វើការបួងសួង និងរៀបចំពិធីផ្សេងៗនៅលើភ្នំដោះក្រមុំនេះដែរ ឱ្យតែមានវត្តមានលើទឹកដីមណ្ឌលគិរីនេះ ប៉ុន្តែបែរជាអាជ្ញាធរបណ្តែតបណ្តោយឱ្យមនុស្សមួយក្រុមតូចមកចាប់ដីសាងសង់សំណង់តូចធំព្រោងព្រាតនៅក្បែរជើងភ្នំ ជាប់ជណ្តើរឡើងភ្នំទៅវិញ ។
គេពុំទាន់ដឹងថា សំណង់ចាស់ថ្មីទាំងនោះបានទទួលស្គាល់ពីអាជ្ញាធរថ្នាក់ណាខ្លះនៅឡើយ បើសព្វថ្ងៃនេះមានសំណង់អនាធិបតេយ្យទាំងតូចទាំងធំ ប្រមាណជិត៥០ខ្នងផ្ទះទៅហើយ ។ ប្រជាសហគមន៍ជនជាតិព្នងដែលថែរក្សា និងអភិរក្សមជ្ឈមណ្ឌលវប្បធម៌ជនជាតិភាគតិចភ្នំដោះក្រមុំនេះ បានសម្តែងការព្រួយបារម្ភថា ដីភ្នំដោះក្រមុំអាចប្រឈមនឹងការបាត់បង់ផ្ទៃដីបន្ថែមទៀត ប្រសិនបើពុំមានមន្ត្រីជំនាញ ឬអាជ្ញាធរខេត្ត-ក្រុង រួមនឹងមន្ទីរពាក់ព័ន្ធគិតគូរឱ្យទាន់ពេលទេ ។ ប្រជាសហគមន៍ក៏បានធ្វើសំណូមពរតាមរយៈកោះសន្តិភាពដល់អាជ្ញាធរខេត្ត-ក្រុង និងសមត្ថកិច្ចជួយស្រាវជ្រាវរកឱ្យឃើញថា ការសាងសង់សំណង់បានយ៉ាងរលូនទាំងនោះមានច្បាប់ទទួលស្គាល់ ឬច្បាប់អនុញ្ញាតពីមន្ត្រីណាខ្លះ ? ហើយការនាំគ្នាព័ទ្ធរបងយកដីជាកម្មសិទ្ធិផ្ទាល់ខ្លួននេះជាបុគ្គលរូបណា ?
ទាក់ទិនទៅនឹងមន្ទិលសង្ស័យខាងលើ លោក ស៊្រុន ផល្លីម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា ផ្ទៃដីមជ្ឈមណ្ឌលវប្បធម៌ជនជាតិភាគតិចភ្នំដោះក្រមុំគឺពិតជាកំពុងបាត់បង់មែន តែលោកពុំបានដឹងថា ផ្ទៃដីដែលកំពុងបាត់បង់ទាំងនោះមានទំហំប៉ុន្មានហិកតាទេ គិតទាំងខ្នងផ្ទះដែលសាងសង់ចាស់ថ្មី និងផ្ទៃដីដែលបុគ្គលមួយចំនួនបានលួចកាន់កាប់ដោយខុសច្បាប់ផងនោះ ។
ចំពោះបញ្ហានេះលោកក៏បានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើជាញឹកញាប់ដែរ ហើយនៅពេលថ្មីៗនេះលោកបានធ្វើពាក្យបណ្តឹងមួយទៅសាលាដំបូងខេត្ត អំពីករណីជនខិលខូចលួចសង់ផ្ទះថ្មីក្បែរជណ្តើរឡើងភ្នំដោះក្រមុំ ។លោក ឡុង វិបុល អភិបាលរងក្រុងសែនមនោរម្យបញ្ជាក់ថា ក្រុមការងារ និងគណៈកម្មាធិការចម្រុះរបស់លោករង់ចាំតែបញ្ជាពីថ្នាក់លើដើម្បីចុះអនុវត្តការងារតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ