ខេត្តកោះកុង ៖ កាលពីព្រឹកថ្ងៃទី៣០ សីហា កន្លងទៅនេះ ក្រុមគ្រូពេទ្យថៃ និងកងទ័ពជើងទឹកថៃខេត្តត្រាត បាននាំយកសម្ភារកីឡាមួយចំនួនដូចជា បាល់ទាត់ បាល់ទះ បាល់បោះ សីទាត់ សីវាយ និងថ្នាំពេទ្យមួយចំនួនទៀតមកផ្តល់ជូនសាលាខេត្តកោះកុង ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពរវាងប្រទេសកម្ពុជា-ថៃ ជាពិសេសខេត្តជាប់ព្រំប្រទល់គ្នាទាំងពីរកោះកុង-ត្រាត ។ ជាមួយគ្នានេះ ក៏មានគ្រូពេទ្យថៃមួយក្រុមសហការជាមន្ទីរសុខាភិបាលខេត្តចុះចែកថ្នាំ និងពិនិត្យព្យាបាលអ្នកជំងឺដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យខេត្តកោះកុង តាមប្រភេទជំងឺជាច្រើនមុខ ។
ពិធីនេះខាងភាគីថៃដឹកនាំដោយលោកឈុំផុនវង់វិកេត ឧត្តមសេនីយ៍ទោមេបញ្ជាការកងទ័ពជើងទឹកថៃ អមដំណើរដោយក្រុមគ្រូពេទ្យ មន្ត្រីគយ ប៉ូលិស កាកបាទក្រហម ព្រមទាំងស្ថាប័នផ្សេងៗជាច្រើនទៀត ។ ចំណែកខាងភាគីកម្ពុជាទទួលដោយលោកប៊ុន លើត អភិបាលនៃគណៈអភិបាលខេត្ត អភិបាលរង ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រួមនឹងប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្តជាច្រើនរូបទៀត ។ ការផ្តល់សម្ភារកីឡា និងចែកថ្នាំ ព្រមទាំងការពិនិត្យព្យាបាលជំងឺរបស់ភាគីថៃនាឱកាសនោះ គឺជាកាយវិការមនុស្សធម៌ដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាពរវាងខេត្តទាំងពីរសំដៅបង្កើនភាពស្និទ្ធស្នាលក្នុងទំនាក់ទំនងលើគ្រប់វិស័យ ជាពិសេសវិស័យសុខភាព និងវិស័យទេសចរណ៍រវាងប្រទេសទាំង២ក៏ដូចជាបណ្តាប្រទេសនៅក្នុងសហគមន៍អាសា៊នផងដែរ។
លោកអភិបាលខេត្តកោះកុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការសប្បុរសធម៌របស់ភាគីថៃចំពោះខេត្តកោះកុង ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ផងដែរ ៕
ចែករំលែកព័តមាននេះ