ពិព័រណ៍ចិន-អីរ៉ាស៊ីលើកទី២ បានប្រារព្ធពិធីបើកជាផ្លូវការនៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១២ នៅសាលសន្និសីទអ៊ុយរុំឈី ទីក្រុងអ៊ុយរុំឈី តំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ នៃសាធារណរដ្ឋប្រជាមានិតចិន ។ ពិធីនេះបានការអញ្ជើញចូលរួមពីលោកវេន ជាបាវ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក A.Atambayev ប្រធានាធិបតីនៃសាធារណរដ្ឋហ្ជីអឺជីស្ថាន លោក Mohamed Waheed ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ លោកមា៉ស៊ីម៉ូវ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន លោកអា អាគីឡូវ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋតាតហ្ស៊ីគីស្ថាន លោកការីម ហាលីលី អនុប្រធានាធិបតីនៃសាធារណរដ្ឋអ៊ិស្លាមអាហ្វហ្គានីស្ថាន លោកអាលី បាបាកាន ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋតួកគី លោកហ្ចេន ភីតធើរ បាកកេនណេឌី អតីតនាយករដ្ឋមន្ត្រីហូឡង់ លោកតូនី ប្លែ៊រ អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ព្រមទាំងវត្តមានអស់លោក លោកជំទាវជាឥស្សរជនជាន់ខ្ពស់ មកពីបណ្តាប្រទេសនានានៅតំបន់អឺរ៉ុប អាស៊ី និងសាធារណរដ្ឋប្រជាមានិតចិនប្រមាណ១ពាន់នាក់ ។
ពិព័រណ៍ចិន-អាស៊ីអឺរ៉ុប គឺជាវេទិកាមួយដ៏សំខាន់ដែលបានបង្កើតឡើងដើម្បីពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរកម្រិតខ្ពស់ និងច្រើនវិស័យរួមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន ជាមួយនឹងបណ្តាប្រទេសអាស៊ី និងអឺរ៉ុប ដោយផ្អែកលើមូលដ្ឋាននៃការប្រារព្ធធ្វើពិព័រណ៍ពាណិជ្ជកម្ម និងទំនាក់ទំនងសេដ្ឋកិច្ចនៅទីក្រុងអ៊ុយរុំឈី ប្រទេសចិនដ៏ជោគជ័យ ។ ពិព័រណ៍នេះមានការរីកចម្រើនយ៉ាងខ្លាំង ដោយបានឆ្លងកាត់នូវការប្រារព្ធធ្វើឡើងចំនួន១៩លើករួចមកហើយ ។
ថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ចិន-អីរ៉ាស៊ីលើកទី២ លោកវេន ជាបាវ មានប្រសាសន៍ថា អាស៊ី-អឺរ៉ុប គឺជាដីដ៏ល្អស្រស់មានធនធានដ៏សម្បូរបែប មានគ្រប់ជនជាតិ និងវប្បធម៌រស់រវើក ដែលមានស្ពានតភ្ជាប់គ្នាមិនអាចកាត់ផ្តាច់បានតាមរយៈលំហូរនូវធនធានមួយចំនួនដូចជាព័រសឺឡែន តែ សាប៊ូ ត្បូងមានតម្លៃ សូត្រ ដែលអាចធ្វើពាណិជ្ជកម្មទៅវិញទៅមក ។ សតវត្សទី២១ គឺជាសតវត្សនៃការអភិវឌ្ឍរួមគ្នាដ៏ធំនៃកិច្ចសហប្រតិបត្តិការនៃទ្វីបទាំង២អាស៊ី-អឺរ៉ុប ។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនោះ ចិនបានចំណាយពេលវេលាដ៏ច្រើនក្នុងការធ្វើទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី និងនៅអឺរ៉ុប ពិសេសការធ្វើទំនាក់ទំនងដែលមានផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។
លោកនាយករដ្ឋមន្ត្រីចិនមានប្រសាសន៍សង្កត់ធ្ងន់ថា នៅក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសនៅតំបន់អាស៊ីកណ្តាល អាស៊ីខាងលិច និងអាស៊ីខាងត្បូង កើនឡើងពី២៥ពាន់លានដុល្លារអាមេរិករហូតដល់ជាង៣០០ពាន់លានដុល្លារអាមេរិក គឺមានអត្រាកំណើនជាង៣៨% នៃអត្រាប្រចាំឆ្នាំ ។ លោកមានប្រសាសន៍បន្តថា ប្រទេសចិនបានធ្វើការវិនិយោគដោយផ្ទាល់ជិត២៥០ពាន់លានដុល្លារអាមេរិកនៅក្នុងបណ្តាប្រទេសអាស៊ី អឺរ៉ុប និងបានចុះហត្ថលេខាលើគម្រោងដែលមានទឹកប្រាក់ប្រមាណ៤៤០លានដុល្លារអាេមរិកនៅក្នុងបណ្តាប្រទេសអាស៊ី អឺរ៉ុប ។ ជាមួយគ្នានេះ ប្រទេសចិនមានការរីករាយក្នុងការតភ្ជាប់បំពង់បង្ហូរឧស្ម័ន បំពង់បង្ហូរប្រេង ការតភ្ជាប់ផ្លូវដែក ផ្លូវរថភ្លើងឆ្លងកាត់បណ្តាប្រទេសអាស៊ី និងអឺរ៉ុប ដែលនឹងផ្តល់នូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។
ថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីសម្ពោធបើកពិព័រណ៍ចិន-អីរ៉ាស៊ីលើកទី២ និងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អីរ៉ាស៊ីលើកទី២ ក្រោមប្រធានបទ«ការអភិវឌ្ឍប្រកបដោយសុខដុម និងកិច្ចសហប្រតិបតិ្តការឈ្នះ= ឈ្នះ» សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ពិព័រណ៍ពាណិជ្ជកម្មចិន-អីរ៉ាស៊ីលើកទី២នេះ គឺជាផ្នែកមួយនៃការបង្ហាញពីសមិទ្ធផលដែលសម្រេចបានក្នុងការធ្វើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប តំបន់អាស៊ីកណ្តាល អាស៊ីខាងកើត និងអាស៊ីខាងលិច ដែលមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត ។ សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាបានរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្មរបស់ខ្លួនដែលមានរៀបចំដាក់តាំងនូវសមិទ្ធផលមួយចំនួនដូចជា អង្ករ ពោត សណ្តែក ល្ង ស្រាបៀរ គ្រឿងសង្ហារិម របស់របរប្រើប្រាស់ផ្សេងៗ ពិសេសការចែកនូវប័ណ្ណផ្សព្វផ្សាយពីគម្រោងវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជាជូនដល់ភ្ញៀវដែលអញ្ជើញចូលទស្សនាផងដែរ ។ ពិព័រណ៍ពាណិជ្ជកម្មចិន-អីរ៉ាស៊ីលើកទី២ ឆ្នាំ២០១២នេះ មានរយៈពេល៥ថ្ងៃគឺពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២ ។ កាលពីឆ្នាំ២០១១ ពិព័រណ៍នេះបានរៀបចំមានរយៈពេល៥ថ្ងៃដូចគ្នា ។
ពិព័រណ៍ចិន-អីរ៉ាស៊ី ក៏ជាអ្នកពាំនាំដ៏មានប្រសិទ្ធភាពមួយក្នុងការជំរុញការបើកតំបន់ព្រំដែននៅភាគខាងលិច ពិសេសការកសាងតំបន់ស៊ីនជាំងឱ្យទៅជាច្រកទ្វារដ៏សំខាន់មួយ និងជាមូលដ្ឋាននៃកម្មវិធីបើកចំហរបស់សាធារណរដ្ឋប្រជាមានិតចិន ៕
ចែករំលែកព័តមាននេះ