រាជធានីភ្នំពេញ ៖ តារាសម្តែងសិចស៊ីនាង ឆយី បានបើកសម្ពោធហាងផ្ទាល់ខ្លួនមួយដោយចំណាយដើមទុនប្រមាណជាង៤ម៉ឺនដុល្លារ បន្ទាប់ពីសកម្មភាពសិល្បៈរបស់នាងស្ងប់ស្ងាត់ជិត៤ឆ្នាំមកនេះ ។តារាសម្តែងសាច់សទ្រលុកទ្រលន់រូបនេះ ញញឹមញញែមរាក់ទាក់ជាមួយភ្ញៀវជាអ្នកសិល្បៈដូចគ្នាដែលបានទៅចូលរួមក្នុងពិធីសម្ពោធហាងថ្មីរបស់នាងឈ្មោះ«និស្ស័យ» ស្ថិតនៅតាមបណ្តោយវិថីត្រសក់ផ្អែមកាលពីយប់ថ្ងៃទី១៦ សីហា ឆ្នាំ២០១២ ។
ថ្លែងក្នុងពិធីសម្ពោធហាងរបស់ខ្លួន តារាសម្តែងមេម៉ាយកូនមួយរូបនេះឱ្យដឹងថា តាមពិតទៅហាងនេះមិនមែនជារបស់ផ្ទាល់ខ្លួននាងម្នាក់ឯងទេ ពោលគឺជាការចូលហ៊ុនគ្នាជាមួយមិត្តភក្តិដទៃទៀត តែដោយយល់ថានាងជាតារាមួយរូបដែលមានគេស្គាល់ច្រើននោះ ទើបសម្រេចឱ្យនាងចេញមុចចេញមាត់ក្នុងកម្មវិធីតែម្តង ។ ហាងនេះបានចំណាយទុនជាង៤ម៉ឺនដុល្លារ ដោយមានការចូលហ៊ុនពីមិត្តភក្តិរបស់នាងទើបអាចសម្រេចចេញជារូបរាងឡើង ដោយមិនមានការជួយជ្រោមជ្រែងពីអ្នកណាផ្សេងឡើយ ។
មុននឹងបាត់មុខពីសិល្បៈរបស់តារាសម្តែងឆយី គឺនាងធ្លាប់មានឈ្មោះបោះសំឡេងតាមរយៈការបង្ហាញមុខក្នុងខ្សែភាពយន្តរឿង «ទឹកភ្នែកជាយដែន» និងរឿង«រាជិនីដួងចិត្ត» ក្នុងឆ្នាំ២០០៨ ។ ក្រោយពីនោះមកនាងបាត់មុខពីសិល្បៈយ៉ាងស្ងៀមស្ងាត់ដោយលេចលឺថានាងមានកូនជាមួយបុរសម្នាក់ដោយមិនបានរៀបការ ។ ការបាត់មុខរបស់តារាសម្តែងកូនមួយនេះ ត្រូវគេគិតថានាងអាចនឹងបោះបង់អាជីពសិល្បៈចោល ខណៈដែលអាជីពរបស់នាងមិនសូវកាក់កប ។
ជុំវិញការចូលប្រឡូកក្នុងពិភពសិល្បៈវិញ ឬយ៉ាងណានោះ ឆយី លើកឡើងថា ការងារសិល្បៈគឺនាងនៅតែបន្តដោយមិនបោះបង់ចោលឡើយ គ្រាន់តែនាងផ្អាកមួយរយៈប៉ុណ្ណោះ ដោយសារការងាររកស៊ីរបស់នាងហាក់មិនទាន់បានធូរស្បើយ ។ ចំពោះការបាត់មុខពីវិស័យសិល្បៈមួយរយៈនេះ គឺដោយសារតែនាងមានការមមមាញឹក ដកឃ្លាមិនបានជាមួយក្រុមហ៊ុនឯកជនដែលនាងបម្រើការ ហើយប្រសិនបើការងារនោះមានការធូរស្បើយនាងនឹងចូលប្រឡូកក្នុងអាជីពសិល្បៈវិញ ។ឆយី ជាតារាសម្តែងមួយរូបដែលចូលប្រឡូកក្នុងពិភពសិល្បៈនៅឆ្នាំ២០០២ ហើយនាងចាប់ផ្តើមមានឈ្មោះបោះសំឡេងគួរសមចាប់តាំងពីនាងបង្ហាញវត្តមានសម្តែងក្នុងខ្សែភាពយន្តជាច្រើនរឿង ។ ខ្សែភាពយន្តភាគចុងក្រោយរបស់នាងគឺរឿង «ទឹកភ្នែកជាយដែន» របស់ស្ថានីយទូរទស្សន៍ស៊ីធីអិន កាលពីឆ្នាំ២០០៨ ។ បន្ទាប់មកឆយី បានឃ្លាតឆ្ងាយពីសិល្បៈព្រោះតែជាប់បំពេញការងារឱ្យក្រុមហ៊ុនឯកជនមួយ ។
ទាក់ទងនឹងជីវិតស្នេហាវិញតារាសម្តែងរូបនេះអះអាងថា រវាងនាង និងស្វាមីបានឈានដល់ផ្លូវបំបែកហើយ ដោយបន្សល់ទុកកូនស្រីម្នាក់មានអាយុ៦ឆ្នាំហើយ ។ មិនទាន់ងាកមកលើវិថីសិល្បៈវិញ តែពេលនេះឆយី រំលេចមុខមាត់ក្នុងផ្នែកជំនួញវិញ គឺនាងជាម្ចាស់ហាងថ្មីមួយ ៕
ចែករំលែកព័តមាននេះ