ខេត្តសៀមរាប ៖ មន្ដ្រីរដ្ឋបាលព្រៃឈើអះអាងថា បានរកឃើញសកម្មភាពឈូសឆាយព្រៃឈើដ៏ធំមួយកន្លែង ដែលមានផ្ទៃដីរហូតដល់ទៅជាង១០០ហិកតា នៅតំបន់អូរប៉ាង ភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ខាងជើងក្រុងសៀមរាប ដើម្បីយកដីនោះឱ្យជនជាតិវៀតណាមដាំពោត ក៏ប៉ុន្ដែមន្ដ្រីជំនាញមិនអាចធ្វើចំណាត់ការតាមច្បាប់បានភ្លាមៗនៅឡើយទេ ខណៈគេឃើញមានលិខិតអនុញ្ញាតដោយអាជ្ញាធរមូលដ្ឋាន ។
នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោកទា គឹមសុទ្ធ បានប្រាប់កាលពីរសៀលថ្ងៃទី២៩ សីហា កន្លងមកថា សកម្មភាពឈូសឆាយដីព្រៃឈើនោះប្រព្រឹត្តឡើងក្រោមស្លាកសហគមន៍មួយ ដែលមានឈ្មោះថា«សហគមន៍តាខ្មៅ អភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម» ទៅតាមលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ឃុំស្រែណូយ ស្រុកវ៉ារិន្ទ និងអាជ្ញាធរខេត្ដសៀមរាប ដោយមិនបានឆ្លងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ ។
លោកបានបន្ថែមទៀតថា ករណីឈូសឆាយដីព្រៃដ៏ធំល្វឹងល្វើយបែបហ្នឹង ខាងលោកបានចាត់ឱ្យមន្ដ្រីក្រោមឱវាទចុះទៅពិនិត្យ និងឱ្យផ្អាកសកម្មភាពជាបណ្ដោះអាសន្នហើយ ដើម្បីឱ្យខាងសហគមន៍គេបង្ហាញឯសារជាផ្លូវច្បាប់បន្ថែមទៀត ។ លោកបានបញ្ជាក់ថា ដីដែលអាជ្ញាធរខេត្ដអនុញ្ញាតឱ្យ«សហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម» នេះគឺជាដីព្រៃរបោះ និងពាក់កណ្ដាលស្រោង ដែលមានដើមឈើធំតូចព្រោងព្រាតនៅឡើយ ។ ដូច្នេះករណីនេះខាងលោកកំពុងតែប្រឹងប្រែងចុះពិនិត្យជាក់ស្ដែងទៅលើទំហំនៃការបំផ្លាញ បញ្ជូនទៅរដ្ឋបាលព្រៃឈើថ្នាក់ជាតិពិនិត្យ និងសម្រេចបន្ដ ។
យោងតាមរបាយការណ៍ថតចម្លងមួយច្បាប់របស់ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី«ស្ដីពីការចុះទៅពិនិត្យផ្ទៃដីឈូសឆាយដោយសហគមន៍ខាងលើ» ស្ថិតនៅចំណុចអូរប៉ាង ដែលបានផ្ដល់ឱ្យកោះសន្ដិភាព កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងមកបង្ហាញថា ផ្ទៃដីព្រៃដែលត្រូវបានឈូសឆាយនោះស្ថិតនៅចំណុចនិយាមកា៤០៤៣៨៧ .១៥៣៧២៨ ទើបតែត្រូវបានឈូសឆាយរួចមានទំហំ១៣០ហិកតា និងបានដាំពោតនៅលើដីនោះរួចហើយ ដោយមានស្លាកសរសេរជាអក្សរវៀតណាមជាច្រើនផ្ទាំងនៅតាមរងពោតទាំងនោះថែមទៀត ។ របាយការណ៍ដដែលបានបន្ដថា នៅលើផ្ទៃដីដាំពោតនោះមានសង់ស្នាក់ការ១ខ្នងទំហំ៦ម៉ែត្រX២០ម៉ែត្រ ចំនួន៥បន្ទប់ ក្នុងនោះមានបន្ទប់ប្រជុំមួយផងដែរ ។ នៅក្បែរស្នាក់ការមោនរោងតូចៗចំនួន២ ព្រមទាំងឃើញមានសម្ភារសម្រាប់ដំណើរការឈូសឆាយមួយចំនួនទៀត ក្នុងនោះមានត្រាក់ទ័រ១គ្រឿង អេស្កាវ៉ាទ័រ១គ្រឿង គោយន្ដ១គ្រឿង និងម៉ាស៊ីនត្រង់សឺន័រកាត់ឈើចំនួន២គ្រឿង ។
នៅពេលក្រុមមន្ដ្រីជំនាញចុះទៅមិនឃើញមានប្រជាពលរដ្ឋសហគមន៍អាស្រ័យផលនៅលើដីនោះទេ លើកលែងតែមនុស្ស៤នាក់ ក្នុងនោះម្នាក់ជាជនជាតិវៀតណាមមិនចេះនិយាយភាសាខ្មែរទេ ។ ចំណែក៣នាក់ទៀតមានឈ្មោះអឿន វ៉ូ ឈ្មោះអឿន ម៉ៅ និងឈ្មោះឈុន ភ្លូន ។ បុរសឈ្មោះអឿន វ៉ូ និងអឿន ម៉ៅ ជាបងប្អូននឹងគ្នារស់នៅភូមិលំរុនថ្មី ហើយត្រូវជាកូនប្រុសរបស់លោកមេភូមិលំរុនថ្មី ។ ចំណែកឈ្មោះឈួន ភ្លូន ជាប៉ូលិសស្រុកវ៉ារិន្ទ ដែលគេជួលមកការពារសហគមន៍នោះ ។
នៅក្នុងរបាយការណ៍ដដែលនោះបានបន្ដថា នៅពេលក្រុមមន្ដ្រីជំនាញចុះទៅសួរនាំ ឈ្មោះ អឿន វ៉ូ បានបង្ហាញលិខិតមួយច្បាប់ថា ខាងសហគមន៍នេះគេមានលិខិតអនុញ្ញាតឱ្យឈូសឆាយត្រឹមត្រូវចេញដោយអាជ្ញាធរខេត្តរហូតដល់ភូមិ ។ នៅក្នុងលិខិតដដែលនោះបានដាក់ឈ្មោះតំបន់ឈូសឆាយនេះថា «សហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម» ដោយ មានឈ្មោះលី គឹមឃុន ជាតំណាង មានផ្ទៃដីសរុបចំនួន៤១៩ហិកតា តែនៅពេលនេះសហគមន៍បានឈូសឆាយ និងដាំពោតបានចំនួន ១៣០ហិកតាហើយ ។
ទោះបីជាយ៉ាងនេះក្ដី មន្ដ្រីរដ្ឋបាលព្រៃឈើដែលចុះទៅពិនិត្យការឈូសឆាយបញ្ជាក់ថា ទីតាំងដែលអាជ្ញាធរស្រុកវ៉ារិនធ្វើបែបបទស្នើសុំទៅអាជ្ញាធរខេត្ដសុំបើកសហគមន៍ខាងលើ មិនស្ថិតនៅក្នុងភូមិលំរុនថ្មី ឃុំស្រែណូយ ស្រុកវ៉ារិននោះទេ គឺស្ថិតនៅក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ។ នេះបើផ្អែកតាមផែនទីរដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ។ទាក់ទិនទៅនឹងការឈូសឆាយដីព្រៃនេះដែរ លោកអ៊ូច វណ្ណា អនុប្រធានភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ជាទីកន្លែងមានការឈូសបំផ្លាញដីព្រៃដ៏ធំនោះបានប្រាប់កាលពីរសៀលថ្ងៃទី២៩ សីហា ថា សហគមន៍តាខ្មៅនោះបានចាប់ផ្ដើមបញ្ជូនគ្រឿងចក្រមកឈូសឆាយផ្ទៃដីដែលមានដើមឈើតូចធំដុះទ្រុបទ្រុលរាប់លានដើម ក្រោមរូបភាពសហការជាមួយប្រជាពលរដ្ឋ ដើម្បីដាំដំណាំកសិកម្ម ។ ប៉ុន្ដែកន្លងមកគេមិនដែលឃើញមានប្រជាពលរដ្ឋក្នុងមូលដ្ឋានណាម្នាក់ចូលទៅអាស្រ័យផលនៅលើដីនោះទេ គឺឃើញតែមេការជនជាតិវៀតណាមដាំពោតនៅលើដីឈូសឆាយនោះទៅវិញ ។
លោកបានបន្ដថា ការឈូសឆាយនោះវាមិនត្រឹមតែប៉ះទៅលើដីព្រៃប៉ុណ្ណោះទេ ថែមទាំង រំលោភលើដីប្រជាពលរដ្ឋជប់រំដេង អស់ចំនួន១៣គ្រួសារថែមទៀតផង ដូច្នេះសូមទទូចដល់អាជ្ញាធរពាក់ព័ន្ធជួយអន្ដរាគមន៍ដោះស្រាយជូនពួកគាត់ផង ។សម្តេចតេជោ បានផ្តល់អនុសាសន៍រួចហើយថា មិនអនុញ្ញាតឱ្យកាប់ឈើយកដីដាំពោតទេ ។ដូច្នេះការកាប់ព្រៃឈើពាក់កណ្តាលស្រោងខាងលើនេះយកដីដាំពោត គឺជាការបំផ្លាញជាតិធំណាស់ អាចជាឧក្រិដ្ឋកម្មព្រៃឈើយ៉ាងពិតប្រាកដ ។ អាជ្ញាធរខេត្តសៀមរាបមានវិប្បដិសារីដែរឬអត់?
ចែករំលែកព័តមាននេះ