រាជធានីភ្នំពេញ ៖ លោកទូវដេនដច ចាណាហ្សា ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសម៉ុងហ្គោលី បានប្រកាសពីការផ្តល់អាហារូបករណ៍បន្តទៀតដល់និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសម៉ុងហ្គោលីនាឆ្នាំសិក្សាបន្តបន្ទាប់ ។ ការប្រកាសនេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ សីហា ឆ្នាំ២០១២ ខណៈដែលលោកឯកអគ្គរដ្ឋទូតថ្មីរបស់ម៉ុងហ្គោលីត្រូវបានតែងតាំងប្រចាំនៅប្រទេសកម្ពុជា ហើយចូលជួបពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា ។
លោក ទូវដេនដច ចាណាហ្សា បានមានប្រសាសន៍បញ្ជាក់ថា រយៈពេលកន្លងមកប្រទេសម៉ុងហ្គោលី បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅរៀននៅប្រទេសម៉ុងហ្គោលី ។ ទោះបីយ៉ាងណាលោកទូវដេនដច ចាណាហ្សាមិនមានបញ្ជាក់ថា មាននិស្សិតចំនួនប៉ុនា្មននាក់ ដែលធ្លាប់ទៅសិក្សានៅប្រទេសម៉ុងហ្គោលី និងបាននិស្សិតចំនួនប៉ុន្មាននាក់ដែលគ្រោងនឹងជ្រើសរើសនាពេលនេះនោះទេ ។
នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរបានប្រកាសពីការបង្កើនទំនាក់ទំនងផ្នែកការទូតរវាងគ្នានិងគ្នាឲ្យបានស្អិតរមួតបន្ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ លោកទូវដេនដច ចាណាហ្សា បានដាក់ថ្វាយសារតាំងចំពោះព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៧ សីហា ឆ្នាំ២០១២ បន្ទាប់ពីរូបលោកត្រូវបានរដ្ឋាភិបាលប្រទេសម៉ុងហ្គោលី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនៃប្រទេសម៉ុងហ្គោលី ជាផ្លូវការប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសជំនួបសវនាការ និងពិភាក្សាការងារនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជាមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះលោក ទូវដេនដច ចាណាហ្សា ឯកអគ្គរដ្ឋទូតប្រទេសម៉ុងហ្គោលីប្រចំានៅកម្ពុជា បន្ទាប់ពីរូបលោកត្រូវបានតែងតាំងពីព្រះមហាក្សត្រកាលពីថ្ងៃទី២៧ សីហា ឆ្នាំ ២០១២ ។ សម្តេច ហេង សំរិន មានប្រសាសន៍បន្តថា ជំនួបរវាងឯកអគ្គរដ្ឋទូត និងសម្តេចនៅពេលនេះបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាប្រទេសម៉ុងហ្គោលីមានទំនាក់ទំនងការទូត ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ពីរកាន់តែប្រសើរឡើង ។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងមានការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសម៉ុងហ្គោលី ដែលកាន់តែត្រូវបានពង្រឹងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ។ សម្តេចសម្តែងការអបអរសាទរចំពោះជោគជ័យដែលប្រជាជនម៉ុងហ្គោលី សម្រេចបានលើគ្រប់វិស័យ និងធ្វើយ៉ាងណាបន្តថែរក្សាពូនជ្រុំចំណងមិត្តភាព សាមគ្គីភាពដ៏កក់ក្តៅ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក៏ដូចជាលើពិភពលោក ។
លោក គាំម កុសល នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភាមានប្រសាសន៍ថា លោក ទូវដេនដច ចាណាហ្សា ឯកអគ្គរដ្ឋទូតប្រទេសម៉ុងហ្គោលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះសម្តេច ហេង សំរិន ប្រធានរដ្ឋសភាដែលផ្តល់ឱកាសឱ្យរូបលោកបានចូលជួបក្រោយពេលលោកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា និងជាកិត្តិយសណាស់ ដែលបានធ្វើជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ។
លោក ទូវដេនដច ចាណាហ្សា មានប្រសាសន៍បន្តថា លោកមានមោទនភាពចំពោះការតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជា
ណាចក្រកម្ពុជា ហើយការងារដែលលោកត្រូវ ធ្វើបន្ត គឺធ្វើយ៉ាងណាដើម្បីឲ្យកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និង ម៉ុងហ្គោលីកាន់តែប្រសើរឡើងថែមទៀត ។
លោកបានស្នើសុំរដ្ឋសភាកម្ពុជា បន្តធ្វើយ៉ាងណាឲ្យស្ថាប័ននីតិប្បញ្ញត្តិរវាងប្រទេសទាំងពីរមានទំនាក់ទំនងគ្នាឱ្យបានស្អិតរមួតដូចជាការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក ព្រោះរយៈពេលកន្លងមកប្រទេសម៉ុងហ្គោលីទើបតែបោះឆ្នោតរួច ។ លោកក៏បានបញ្ជាក់ផងដែរថា រយៈពេលកន្លងមក ប្រទេសម៉ុងហ្គោលី បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយលោកបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាផ្តល់ឱកាសដល់និស្សិតកម្ពុជា បានទៅរៀននៅប្រទេសម៉ុងហ្គោលី ៕
ចែករំលែកព័តមាននេះ