ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​​​ម៉ុងហ្គោលី​ប្រកាស​​​​​ត្រៀម​បន្ត​ផ្តល់​​​អាហារូបករណ៍​​​ដល់​និស្សិតកម្ពុជា​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ លោកទូវដេនដច ចា​ណា​​ហ្សា ឯកអគ្គរដ្ឋទូតថ្មីរបស់​ប្រទេសម៉ុង​ហ្គោលី បានប្រកាសពីការ​ផ្តល់​អាហា​រូបករណ៍​បន្ត​ទៀតដល់និស្សិតកម្ពុជាបានទៅសិក្សា​នៅ​ប្រទេស​ម៉ុង​ហ្គោលីនាឆ្នាំសិក្សាបន្តបន្ទាប់ ។ ការប្រកាសនេះ បាន​ធ្វើឡើងកាល​ពីថ្ងៃ​ទី២៨ សីហា ឆ្នាំ២០១២ ខណៈដែលលោកឯកអគ្គ​រដ្ឋ​ទូតថ្មីរបស់ម៉ុងហ្គោលីត្រូវបាន​តែងតាំង​ប្រចាំ​នៅ​ប្រទេសកម្ពុជា ហើយ​​​​ចូល​

រាជធានីភ្នំពេញ​ ៖ លោកទូវដេនដច ចា​ណា​​ហ្សា ឯកអគ្គរដ្ឋទូតថ្មីរបស់​ប្រទេសម៉ុង​ហ្គោលី បានប្រកាសពីការ​ផ្តល់​អាហា​រូបករណ៍​បន្ត​ទៀតដល់និស្សិតកម្ពុជាបានទៅសិក្សា​នៅ​ប្រទេស​ម៉ុង​ហ្គោលីនាឆ្នាំសិក្សាបន្តបន្ទាប់ ។ ការប្រកាសនេះ បាន​ធ្វើឡើងកាល​ពីថ្ងៃ​ទី២៨ សីហា ឆ្នាំ២០១២ ខណៈដែលលោកឯកអគ្គ​រដ្ឋ​ទូតថ្មីរបស់ម៉ុងហ្គោលីត្រូវបាន​តែងតាំង​ប្រចាំ​នៅ​ប្រទេសកម្ពុជា ហើយ​​​​ចូល​ជួប​ពិភាក្សាការ​ងារ ​ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា ។

លោក ទូវដេនដច ចាណាហ្សា បានមាន​ប្រសាសន៍បញ្ជាក់ថា រយៈពេល​កន្លង​មក​ប្រទេស​ម៉ុង​ហ្គោលី​បានផ្តល់អាហារូបករណ៍​ដល់និស្សិត​កម្ពុជា ​ទៅរៀននៅប្រទេសម៉ុង​ហ្គោលី ។ ​ទោះ​បីយ៉ាងណាលោកទូវដេនដច ចាណា​ហ្សា​មិន​មាន​​បញ្ជាក់ថា មាន​និស្សិត​​ចំនួនប៉ុនា្មននាក់ ដែល​ធ្លាប់ទៅសិក្សានៅប្រទេសម៉ុងហ្គោលី និង​បាននិស្សិតចំនួនប៉ុន្មាននាក់ដែល​គ្រោងនឹងជ្រើស​រើស​​នា​ពេល​​នេះ​នោះទេ ។ នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរ​បាន​ប្រកាស​​ពីការបង្កើនទំនាក់ទំនងផ្នែក​ការ​ទូត​រវាង​គ្នានិងគ្នាឲ្យបាន​ស្អិតរមួត​បន្ថែមទៀត​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ។ លោកទូវដេនដច ចាណាហ្សា បានដាក់ថ្វាយសារតាំងចំពោះព្រះករុណាព្រះបាទ​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជាកាល​ពីថ្ងៃទី២៧ ​សីហា ឆ្នាំ២០១២​ បន្ទាប់ពីរូបលោក​ត្រូវ​បាន​រដ្ឋាភិបាលប្រទេសម៉ុង​ហ្គោលី​ តែងតាំងជា​ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃប្រទេសម៉ុងហ្គោលី ជាផ្លូវការប្រចាំ​នៅព្រះរាជាណា​ចក្រកម្ពុជា ។

ក្នុងឱកាសជំនួបសវនាការ និងពិភាក្សា​ការ​ងារ​នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជាមាន​ប្រសាសន៍​​​​​ស្វា​​គមន៍​​យ៉ាង​កក់ក្តៅបំ​ផុតចំពោះលោក ទូវ​ដេន​ដច ចាណាហ្សា ឯកអគ្គរដ្ឋ​ទូត​​ប្រទេសម៉ុង​ហ្គោលីប្រចំានៅ​​កម្ពុជា បន្ទាប់ពីរូបលោកត្រូវបានតែងតាំងពីព្រះមហាក្សត្រកាលពីថ្ងៃទី២៧ សីហា ឆ្នាំ ២០១២ ។ សម្តេច ហេង សំរិន មាន​ប្រសាសន៍​បន្តថា ជំនួបរវាងឯកអគ្គរដ្ឋទូត និងសម្តេច​នៅ​ពេលនេះបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ​ប្រទេសម៉ុងហ្គោលីមាន​ទំនាក់ទំនង​ការទូត ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ពីរកាន់តែប្រសើរឡើង ។ រដ្ឋសភា​នៃព្រះ​រាជា​ណា​ចក្រកម្ពុជា និង​មានការ​ពេញ​​ចិត្តយ៉ាង​ខ្លាំង​ចំពោះ​ទំនាក់​ទំនង​រវាងប្រទេសកម្ពុជា ​និង​​ប្រទេសម៉ុងហ្គោលី ដែល​កាន់​តែ​ត្រូវបានពង្រឹង​ពង្រីកពីមួយថ្ងៃទៅ​មួយថ្ងៃឥត​ឈប់ឈរ ។

សម្តេចសម្តែង​ការ​អបអរសាទរ​ចំពោះជោគ​ជ័យ​ដែលប្រជាជនម៉ុងហ្គោលី សម្រេច​បាន​លើគ្រប់​វិស័យ និងធ្វើយ៉ាង​ណា​បន្ត​ថែរក្សា​ពូន​ជ្រុំចំណង​មិត្តភាព សាមគ្គីភាព​ដ៏កក់​ក្តៅ និងកិច្ចសហ​ប្រតិ​បត្តិការរវាងប្រទេស​ទាំង​ពីរ ដើម្បីបុព្វ​ហេតុ​​សន្តិ​ភាព ស្ថិរភាព និងកិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ក៏ដូច​ជា​លើ​ពិភព​លោក ។

លោក គាំម កុសល នាយកខុទ្ទកាល័យ​សម្តេច​​ប្រធានរដ្ឋសភាមានប្រសាសន៍ថា លោក ទូវដេនដច ​ចាណាហ្សា ឯកអគ្គរដ្ឋទូត​ប្រទេស​​ម៉ុង​ហ្គោលី​ ប្រចាំ​នៅ​ព្រះ​រាជាណា​ចក្រ​​កម្ពុជា​ បាន​ថ្លែងអំណរគុណចំពោះសម្តេច ហេង សំរិន  ប្រធានរដ្ឋ​សភា​ដែលផ្តល់​ឱកាស​​​ឱ្យ​រូប​លោក​​បាន​ចូល​ជួប​ក្រោយពេល​លោក​ត្រូវ​​បាន​តែងតាំង​ជា​ឯក​អគ្គ​រដ្ឋទូតថ្មីប្រចាំកម្ពុជា និង​ជាកិត្តិ​យស​ណាស់ ដែល​បាន​ធ្វើជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ។

លោក ទូវដេនដច ចាណាហ្សា មាន​ប្រសាសន៍បន្តថា លោកមានមោទន​ភាព​ចំពោះ​ការតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជា
ណាចក្រកម្ពុជា ហើយការងារដែលលោកត្រូវ ធ្វើបន្ត គឺធ្វើយ៉ាងណា​ដើម្បីឲ្យ​កិច្ច​សហ​ប្រតិ​បត្តិការ និងទំនាក់ទំនងមិត្តភាព​រវាង​កម្ពុជា និង ម៉ុងហ្គោលីកាន់តែប្រសើរឡើង​ថែមទៀត ។ លោក​បានស្នើសុំ​រដ្ឋ​សភាកម្ពុជា បន្តធ្វើយ៉ាង​ណា​ឲ្យស្ថាប័ននីតិ​ប្បញ្ញត្តិ​រវាងប្រទេស​ទាំងពីរមាន​ទំនាក់​ទំនង​គ្នា​ឱ្យ​បាន​​​ស្អិត​រមួត​​​ដូចជាការផ្លាស់​ប្តូរទស្សន​កិច្ច​គ្នា​ទៅវិញទៅមក ព្រោះរយៈពេល​កន្លងមក​ប្រទេស​ម៉ុងហ្គោលីទើបតែបោះឆ្នោតរួច ។

លោកក៏បានបញ្ជាក់​ផង​ដែរ​​ថា រយៈពេល​កន្លង​មក ប្រទេសម៉ុងហ្គោ​លី បាន​ផ្តល់អាហា​រូបករណ៍ដល់និស្សិត​កម្ពុជា ហើយលោក​បាន​ជំរុញឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើយ៉ាងណា​ផ្តល់​ឱកាស​​ដល់​​និស្សិត​កម្ពុជា ​បាន​ទៅ​រៀន​នៅ​ប្រទេសម៉ុងហ្គោលី ៕