រាជធានីភ្នំពេញ ៖ វិទ្យាស្ថានបារាំងប្រចាំកម្ពុជានឹងរៀបចំមហោស្រពល្ខោនលើកទី៦ ដែលចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២ នៅរោងមហោស្រពចេនឡា នាយក ស្ថានសិល្បៈ និងទស្សនីយភាព និងវិទ្យាស្ថានបារាំងនៅកម្ពុជា ។មន្ត្រីវិទ្យាស្ថានបារាំងប្រចាំកម្ពុជាបានឱ្យដឹងថា មហោស្រពល្ខោនលើកទី៦នេះនឹងប្រមូលផ្តុំដោយក្រុមសិល្បករខ្មែរ និងខ្សែរឿងប្រកបដោយប្រជាប្រិយភាពក្នុងនោះរួមមានល្ខោនរឿង « ស្រុកខ្មែរនេះហើយខ្ញុំ » ដែលមានភាពល្បីល្បាញបំផុតនៅប្រទេសបារាំង និងដឹកនាំរឿងដោយលោកភូ ហ្សង់បាទីស្ត៍ ។ខ្សែរឿងនេះក៏មានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីខ្មែរដ៏ល្បីៗផងដែរ រួមមានអ្នកស្រីឌី សាវ៉េត យឹម នីម៉ូលីកា ពុំ ធារ៉ាចិន្តា កូវ លីយ៉ាន សែម កុសល និងអ៊ឹង សាកុណា ជាដើម ។
មន្ត្រីរូបនោះបញ្ជាក់ថា ល្ខោនរឿង « ស្រុកខ្មែរនេះហើយខ្ញុំ » ធ្លាប់បានសម្តែងនៅទីក្រុងប៉ារីស ប្រទេសបារាំងនាឆ្នាំ២០១១ ហើយឆ្នាំនេះបានសម្តែងនៅតាមទីក្រុងជាច្រើននៃប្រទេសបារាំង ។ រាល់ការសម្តែងម្តងៗ គឺទទួលបានការគាំទ្រយ៉ាងខ្លាំង ។ លោកភូ ហ្សង់បាទីស្ត៍ ដែលជាអ្នកដឹកនាំល្ខោនរឿង «ស្រុកខ្មែរនេះហើយខ្ញុំ »មានឪពុកម្តាយជាជនជាតិខ្មែរកាត់ចិន ។ លោកធ្លាប់បានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យប៉ារីសដូហ្វ៊ីន និងសញ្ញាប័ត្រសាលាគ្រប់គ្រងពាណិជ្ជកម្ម ។ បន្ទាប់មកលោកធ្វើការនៅផ្នែកធនាគារវិនិយោគដំបូងនៅប្រទេសអេស្ប៉ាញ និងសិង្ហបុរី ។
ឆ្នាំ២០០៨ លោកលាចេញពីការងារជាអ្នកវិភាគហិរញ្ញវត្ថុដើម្បីចូលរួមសម្តែងល្ខោនទីដំរីយំដែលជាល្ខោនអូប៉េរ៉ារ៉ុកលើកដំបូងសម្តែងនៅក្រុងភ្នំពេញដោយលោកបានសម្តែងជាតួអ្នកចម្រៀង ។ លោកធ្លាប់បានសម្តែងនៅហូលីវូដ នូវសម្រង់សាច់រឿងល្ខោនបាសាក់ដែលមានចំណងជើងថា វាយោអង្គរ ដែលនៅសាច់រឿងនោះលោកសម្តែងជាតួអង្គសំខាន់មួយ បន្ទាប់មកក៏បានថតជាខ្សែភាពយន្តនៅកម្ពុជា ។ លោកហ្សង់បាទីស្ត៍បានទទួលការបណ្តុះបណ្តាលផ្នែកល្ខោននៅទីក្រុងញូវយ៉ក ក្នុង Circle in the Square ក្រោយមកបានបំពេញផ្នែកជំនាញកម្រិតខ្ពស់បន្ថែមខាងសិល្បៈសោកនាដកម្មនៅក្នុងបូឡារ៉ែន ។
ក្រៅពីល្ខោនរឿង«ស្រុកខ្មែរនេះហើយខ្ញុំ» មហោស្រពល្ខោនលើកទី៦ក៏មានផ្ទាំងទស្សនីយភាពល្ខោនបាសាក់រឿង « រាមកេរ្តិ៍»វគ្គព្រះរាមនិរទេសដែលសម្តែងដោយក្រុមល្ខោនខេត្តកំពង់ចាម និងល្ខោនរឿង « លោកសេងហាក់បាត់ទៅណាទៅ » ។ តាមកម្មវិធីមហោស្រពគឺល្ខោនរឿង « ស្រុកខ្មែរនេះហើយខ្ញុំ » នឹងសម្តែងនៅថ្ងៃទី៨ និងទី៩កញ្ញា វេលាម៉ោ៧យប់ នៅសាលមហោស្រពចេនឡា ។ រឿង «រាមកេរ្តិ៍» សម្តែងនៅថ្ងៃទី១២ ខែកញ្ញា វេលាម៉ោង៧យប់ នៅនាយកដ្ឋានសិល្បៈ និងទស្សនីយភាព ។ ចំណែករឿង «លោកសេងហាក់បាត់ទៅណាទៅ» នឹងសម្តែងនៅថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង៧យប់ នៅវិទ្យាស្ថានបារាំងប្រចាំកម្ពុជា ។
មហោស្រពល្ខោនត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ ដោយវិទ្យាស្ថានបារាំងក្នុងគោលបំណងចូលរួមក្នុងការកើតឡើងនៃទម្រង់ល្ខោនផ្សេងៗជាច្រើននៅអាស៊ីអាគ្នេយ៍ និងជួយលើកស្ទួយការអភិវឌ្ឍទម្រង់ថ្មីៗនៃល្ខោនសហសម័យថ្មី តាមរយៈការបង្កឱ្យមានជំនួយរវាងសិល្បករទាំងឡាយ ដែលមកពីមជ្ឈដ្ឋានវប្បធម៌ផ្សេងៗ ។លោកភូ ហ្សង់បាទីស្ត៍ បានមកស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេលពីរខែ ដើម្បីដឹកនាំការសម្តែងរឿងមួយជាភាសាខ្មែរ ដែលទទួលបានជោគជ័យនៅទីក្រុងប៉ារីស នោះគឺរឿង «ស្រុកខ្មែរនេះហើយខ្ញុំ» ៕
ចែករំលែកព័តមាននេះ