រាជធានីភ្នំពេញ ៖ ផ្លូវមួយខ្សែលាតសន្ធឹងកាត់តាមរង្វង់មូលកាំកូស៊ីធីឆ្ពោះទៅគីឡូម៉ែត្រលេខ៩ ដែលសាធារណជនទូទៅបានហៅថា ផ្លូវជាសុផារ៉ា ពីមុនត្រូវបានចាត់ទុកជាតំបន់ជាយក្រុងគ្មានមនុស្សរស់នៅកុះករ ប៉ុន្តែក្នុងរយៈពេលខ្លីចុងក្រោយនេះផ្លូវជាសុផារ៉ា ត្រូវបានក្រុមអ្នកអភិវឌ្ឍន៍ជ្រើសរើសទីតាំងនេះ ដើម្បីសាងសង់ជាបុរី អគារស្នាក់នៅ ការិយាល័យធ្វើការរបស់ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងទីតាំងប្រកបអាជីវកម្មនានា ជាហេតុធ្វើឱ្យផ្លូវមួយខ្សែនេះមានភាពរីកចម្រើនអ៊ូអរគួរឱ្យកត់សម្គាល់ ។
ជាក់ស្តែងផ្លូវជាសុផារ៉ា ក្នុងពេលបច្ចុប្បន្នត្រូវបានក្រុមអ្នកអភិវឌ្ឍន៍សាងសង់បុរីចំនួន៧នៅតាមដងផ្លូវនេះ ។ នៅក្នុងនោះផងដែរ បុរីវិមានភ្នំពេញ ក៏ត្រូវបានសាងសង់ឡើងនៅជាប់លើផ្លូវជាសុផារ៉ាតែម្តង។ ក្រៅពីការសាងសង់ជាបុរីក៏មានការិយាល័យធ្វើការរបស់ស្ថាប័នរដ្ឋ និងឯកជនជាច្រើនរួមមានដូចជា ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ក្រុមហ៊ុនទូរស័ព្ទចល័តហេឡូ ក្រុមហ៊ុន DKSH ក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់ ទីតាំងផ្តល់ស្លាកលេខរថយន្តរបស់អគ្គនាយកដ្ឋានដឹកជញ្ជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សាលាអប់រំកាយ និងកីឡា…។ល។
ដោយសារតែភាពរីកចម្រើន និងដើម្បីបង្កភាពងាយស្រួលដល់ប្រជាជនដែលរស់នៅ និងធ្វើចរាចរណ៍តាមដងផ្លូវនេះក៏មានការបើកជាទីតាំងប្រកបអាជីវកម្មនានាដូចជាស្ថានីយប្រេងឥន្ធនៈ ភោជនីយដ្ឋាន កន្លែងលាងរថយន្ត ប្តូរប្រេងម៉ាស៊ីនជាដើម ។ ជាក់ស្តែងយើងសង្កេតឃើញស្ថានីយប្រេងមួយដែលមានទីតាំងធំទូលាយ មានឈ្មោះថា ដេប៉ូតេលា វិមានភ្នំពេញ នៅជិតទល់មុខបុរីវិមានភ្នំពេញ ។ បើពិនិត្យតាមស្លាកផ្សព្វផ្សាយរបស់ស្ថានីយនេះ នឹងមានបើកជាភោជនីយដ្ឋាន កន្លែងលាងរថយន្ត ប្តូរប្រេងម៉ាស៊ីន ក្រោមស្លាកយីហោប្រាយស្តារ៍ (BRIGHT STAR restaurant, car wash and lube center) នៅលើទីតាំងតែមួយនេះ ត្រឹមថ្ងៃទី៣ កញ្ញា ២០១២។
តាមរយៈការរីកចម្រើនទាំងនេះយើងជឿជាក់កាន់តែខ្លាំងថា ផ្លូវជាសុផារ៉ា នឹងកាន់តែមានសន្ទុះលឿនថែមទៀត នាពេលដ៏ខ្លីខាងមុខនេះ ជាពិសេសផ្លូវមួយនេះនឹងធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានការអភិវឌ្ឍ និងស្រស់បំព្រងបានមួយកម្រិតទៀត ៕
ចែករំលែកព័តមាននេះ