ពិតជាគួរឱ្យថ្កោលទោសសម្រាប់បុរសដែលញៀននឹងស្រា ឬខ្វះសីលធម៌ជាប្តី ដែលបានឈានទៅដល់ការវាយដំប្រពន្ធរបស់ខ្លួនរហូតស្លាប់យ៉ាងអយុត្តិធម៌ ។ ទង្វើរបស់បុរសបែបនេះ គប្បីជម្រុះចោល ដើម្បីឱ្យសង្គមខ្មែរបានវិលត្រឡប់ទៅរកភាពសុខដុមឡើងវិញ ។ ប្រការគួរឱ្យសោកស្តាយប៉ុន្មានថ្ងៃនេះ គឺជីវិតស្ត្រីជាប្រពន្ធបានរងគ្រោះដល់ស្លាប់ដោយសារស្នាដៃដ៏គម្រក់របស់បុរសជាប្តី ដែលហេតុការណ៍នេះ បានកើតឡើងនៅខេត្តកំពង់ស្ពឺ,ស្វាយរៀង,កំពង់ធំ និងឧត្តរមានជ័យ ។
ខេត្តកំពង់ស្ពឺ ៖ អំពើហិង្សាក្នុងគ្រួសារមួយបានបណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់ដោយការវាយដំលើរាងកាយស្ទើរតែរៀងរាល់ថ្ងៃពីសំណាក់ប្តីស្រវឹង ទើបបណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់ចោលកូនស្រីដែលទើបមានអាយុ១ខួបក្រោយពីរងរបួសធ្ងន់មិនអាចព្យាបាលបាន ។
លោកវរសេនីយ៍ត្រី ហ៊ុន សុភាព នាយរងការិយាល័យព្រហ្មទណ្ឌបច្ចេកទេសខេត្តបានឱ្យដឹងថា ប្តីកំណាចទុរយសដែលបានវាយដំទៅលើប្រពន្ធរហូតដល់ស្លាប់ឈ្មោះពេញ ជឺ អាយុ២៩ឆ្នាំ ជាកសិករ ឯស្រី្តជាប្រពន្ធឈ្មោះឃឹម សុមាលី អាយុ២៧ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ។ ពួកគេមានកូនស្រីម្នាក់អាយុទើបបានមួយខួប និងមានទីលំនៅក្នុងភូមិព្នាយ ឃុំព្នាយ ស្រុកសំរោងទង ។ នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៩ សីហា ប្តីប្រពន្ធនេះបាននៅជួបជុំគ្នាក្នុងផ្ទះ ក៏បានផ្ទុះជម្លោះនឹងគ្នាដោយសារតែប្តីគិតតែពីដើរផឹកស៊ី ។ ពេលមានជម្លោះនោះ អ្នកជិតខាងពុំបាននៅផ្ទះទេ ព្រោះគ្រប់គ្នារវល់ទៅដកស្ទូងអស់ ទើបបុរសប្រមឹកខួបមានឱកាសទាញបានឈើដែលច្នៃបាញ់កង្កែបមកវាយដំទៅលើប្រពន្ធរហូតដល់ដេកដួលលើដី ហើយនៅតែបន្តការវាយទៀត ។ ពេលនោះស្រីជាប្រពន្ធបានបីកូនទាំងឈឺចុកចាប់ស្ទើរងើបពុំរួចរត់ទៅដួលនៅមុខផ្ទះឪពុកម្តាយរួចប្រគល់កូនស្រីឱ្យម្តាយ ហើយប្រាប់ទាំងទឹកភ្នែកថា ចុកទ្រូងនិងចុកចាប់ពេញខ្លួនខ្លាំងណាស់ ។
ភ្លាមនោះស្ត្រីជាប្រពន្ធនេះត្រូវបានឪពុកនាំទៅមណ្ឌលសុខភាពក្រាំងព្នាយ ដែលនៅមិនឆ្ងាយប៉ុន្មានពីភូមិឱ្យគ្រូពេទ្យជួយសង្គ្រោះ ប៉ុន្តែទោះបីគ្រូពេទ្យជួយយ៉ាងណា ក៏មិនអាចស្រោចស្រង់ជីវិតបាន នាងក៏ដាច់ខ្យល់ស្លាប់នៅវេលាម៉ោង៩ និង៣០នាទីយប់ ។ សពស្ត្រីរងគ្រោះត្រូវឪពុកម្តាយយកទៅធ្វើបុណ្យ ចំណែកប្តីកំណាចទុរយសបានគេចខ្លួនបាត់ ដែលពេលនេះសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕
ខេត្តកំពង់ធំ ៖ ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការនគរបាល ខេត្ត បុរសប្រមឹកម្នាក់បានត្រូវកម្លាំងនគរបាលស្រុកប្រាសាទបល្ល័ង្កឃាត់ខ្លួន បន្ទាប់ពីបានកាប់ប្រពន្ធ១កាំបិតផ្គាក់បណ្តាលឱ្យរបួសធ្ងន់កាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី២៩ សីហា នៅភូមិសាគ្រាម ឃុំសាគ្រាម ស្រុកប្រាសាទ បល្ល័ង្ក ។
លោក ផល ធឿន អធិការនគរបាលស្រុកប្រាសាទបល្ល័ង្កបានឱ្យដឹងថា បុរសជាប្តីម្នាក់នេះឈ្មោះ យែ៉ម យ៉ុង អាយុ៥១ឆ្នាំ ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីបានប្រើអំពើហិង្សាដោយកាប់ប្រពន្ធឈ្មោះ ផាត់ យ៉ុន អាយុ៤១ឆ្នាំ ១កាំបិតផ្គាក់ឱ្យមានរបួសក្បាល ។ មន្ត្រីនគរបាលបានដកស្រង់សម្តីសាក្សីបញ្ជាក់ថា មុនពេលកើតហេតុប្តីបានសុំលុយប្រពន្ធយកទៅផឹកស្រា ។ ដោយសាររអ៊ូង៉ូវៗពេកប្រពន្ធក៏ឱ្យ៥.០០០រៀលរួចប្រាប់ឱ្យអាប់លុយមកវិញដើម្បីទិញម្ហូបទៅចម្ការ ។ លុះបាត់ប្តីយូរពេកប្រពន្ធក៏ដើរទៅតាមទារលុយអាប់ តែក៏ត្រូវប្តីកាប់១កាំបិតចំក្បាលបណ្តាលឱ្យរបួសធ្ងន់ ។
អ្នកភូមិជិតផ្ទះប្តី ប្រពន្ធខាងលើបានប្រាប់នគរបាលថា ជនដៃដល់ឈ្មោះយ៉ែម យ៉ុង ជាប្តីដែលញៀនស្រាមិនដែលជួយរកស៊ីចិញ្ចឹមគ្រួសារទេ គឺមានតែប្រពន្ធប៉ុណ្ណោះ ដែលទៅស៊ីឈ្នួលនៅចម្ការកៅស៊ូយកលុយ ហើយពេលស្រវឹងម្តងៗមិនត្រឹមតែបង្កជម្លោះក្នុងគ្រួសារទេ គឺតែងបង្ករឿងឈ្លោះប្រកែកជាមួយអ្នកដទៃធ្វើឱ្យអ្នកភូមិឈឺក្បាលរាល់ថ្ងៃ ។ ចំពោះការឃាត់ខ្លួនប្តីដែលប្រើអំពើហិង្សាលើប្រពន្ធនេះធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិសាគ្រាមត្រេកអរយ៉ាងខ្លាំង ដោយពួកគាត់និយាយថា បើទោះជាប្តីស្រវឹងរាល់ថ្ងៃមិនជួយរកស៊ីនិងវាយធ្វើបាបរាល់ថ្ងៃក្តីក៏ស្ត្រីជាប្រពន្ធមិនដែលហ៊ានប្តឹងនគរបាលទេ ព្រោះខ្លាចប្តីរួចខ្លួនវិញធ្វើបាបលើសដើម ។
បន្ទាប់ពីកសាងសំណុំរឿងរួចប្តីដែលកាប់ប្រពន្ធ១កាំបិតផ្គាក់ចំក្បាល ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្ត ៕
ខេត្តឧត្តរមានជ័យ ៖ ស្ត្រីរងគ្រោះឈ្មោះជី សៀង អាយុ២៩ឆ្នាំ បានរងរបួសបាក់កំភួនជើងទាំងសងខាង និងមានស្នាមជាំពាសពេញដងខ្លួន ដែលរបួសនេះស្ទើរតែស្លាប់ចោលកូនតូចៗពីរនាក់ ដោយសារប្តីរបស់ខ្លួនវាយ ។ ចំណែកប្តីកំណាចឈ្មោះសួន សឿន អាយុ៣២ឆ្នាំ ជាទាហានអង្គភាពគ២ វរសេនាតូចលេខ៤១៥ កងពលតូចថ្មើរជើងលេខ៤១ ។ ហេតុការណ៍នេះបានកើតឡើងក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង កាលពីវេលាម៉ោង២រសៀលថ្ងៃទី៣០ សីហា ។
ប្រពន្ធទាហាននិងមិត្តរួមអាវុធរស់នៅក្នុងអង្គភាពតែមួយបានរៀបរាប់ឱ្យកោះសន្តិភាពដឹងថា កន្លងមកឈ្មោះសួន សឿន នេះមានចិត្តសាហាវដូចខ្លា តែងតែប្រើអំពើហិង្សាវាយធ្វើបាបប្រពន្ធកូនជាញឹកញាប់នៅក្នុងបន្ទាយ ។ ទោះបីជាមានការជួយអង្វរពីមិត្តភក្តិយ៉ាងណា ក៏គេមិនស្តាប់ដែរ នៅតែប្រើអំពើហិង្សាវាយប្រពន្ធនិងចាប់កូនបោកដូចសត្វធាតុស្ទើរតែស្លាប់ បើកុំតែបានគេជួយទាន់ពេលនោះអាចនឹងស្លាប់បាត់បង់ជីវិតមិនខាន ។
ស្ត្រីរងគ្រោះជាប្រពន្ធបានរៀបរាប់ថា ខ្លួនមានកូន២នាក់កូនប្រុសអាយុ៦ឆ្នាំ និងកូនស្រីអាយុ៣ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នមករស់នៅក្នុងបន្ទាយជាមួយប្តីក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ហើយប្តីរបស់ខ្លួនតែងតែប្រើអំពើហិង្សាវាយធ្វើបាបគាត់ជាប្រពន្ធនិងកូនជាញឹកញាប់កន្លងមក ។ ទាក់ទិនដល់ការរងគ្រោះធ្ងន់ធ្ងរនាពេលនេះ គឺបន្ទាប់ពីប្តីរបស់ខ្លួនបានប្រើកូនឱ្យទៅទិញមីយកមកឱ្យហូប ហើយបានប្រើកូនម្តងទៀតទៅទិញក្រូច តែកូនភ្លេចក៏វាយកូនចាប់បោកដូចសត្វធាតុ និងបានប៉ុនប៉ងសម្លាប់ ធ្វើឱ្យកូនភ័យខ្លាចរត់គេចពីឪពុកចិត្តសាហាវនេះ ហើយគាត់ជាម្តាយដោយមានចិត្តអាណិតកូនបានតាមរកឃើញក៏បាននាំកូនទៅដេកផ្ទះបងអស់រយៈពេល២ថ្ងៃ ។ ស្ត្រីដដែលបន្តថា ប្តីរបស់ខ្លួនបានផ្ញើលុយ១ម៉ឺនរៀលឱ្យគាត់ជិះម៉ូតូទៅបន្ទាយវិញ ពេលទៅដល់បន្ទាយគាត់បានដាំបាយហូបរួចរាល់ ស្រាប់តែប្តីនោះបាននិយាយចោទថា គាត់មានសហាយស្មន់ជាមួយប្រុសផ្សេង ហើយបានទាញដំបងប្រវែង១ម៉ែត្រប៉ុនកំភួនដៃមកវាយលើខ្លួនប្រាណគាត់ និងវាយកំភួនជើងបណ្តាលឱ្យបាក់ទាំងពីរ តែសំណាងល្អបានប្រពន្ធទាហាន និងទាហាននៅក្នុងបន្ទាយនាំគ្នារត់មកជួយទាន់ពេល កុំអីស្លាប់បាត់បង់ជីវិតចោលកូនតូចៗទាំងពីរនាក់នោះមិនខានឡើយ ។
សូមបញ្ជាក់ថា ពេលនេះស្ត្រីរងគ្រោះដេកនៅក្នុងបន្ទាយ ព្រោះក្រីក្រពេកដោយពុំមានលុយដេកពេទ្យ ហើយបានប្រពន្ធទាហានផងគ្នាជួយមើលថែទាំ ។ ឯប្តីចិត្តសាហាវនោះ ត្រូវបានមេបញ្ជាការអង្គភាពចាប់វាយខ្នោះដាក់ជាប់នៅនឹងគល់ឈើនៅក្នុងបន្ទាយពុំទាន់ចាត់ការបែបណានោះទេ គិតត្រឹមល្ងាចថ្ងៃដដែល ៕
ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកើតឡើងនៅភូមិទួលអង្គប់ ឃុំ សំបួរ ស្រុកស្វាយទាប ខណៈបុរសជាប្តីដែលផឹកស្រាស្រវឹងពេលមកដល់ផ្ទះរកបាយហូប ហើយប្រពន្ធមិនបានដាំបាយទុកឱ្យ ក៏កើតកំហឹងប្រើអំពើហិង្សាលើប្រពន្ធ ដោយដាល់១ដៃចំភ្នែកខាងឆ្វេង និងទះកំផ្លៀង២ដៃទៀត រីឯស្ត្រីជាប្រពន្ធខំប្រឹងប្រវាយប្រតប់ក៏ត្រូវប្តីច្រានដួលទៅលើជ្រុងគ្រែសន្លប់បាត់ស្មារតី ធ្វើឱ្យចៅប្រុសអាយុ២ឆ្នាំភ័យស្រែកយំយ៉ាងខ្លាំង ផ្អើលអ្នកជិតខាងមកមើល តែមិនមានអ្នកណាហ៊ានចូលជួយទេ ។
លោកវរសេនីយ៍ត្រី ដាំ ឃា អធិការនគរបាលស្រុកស្វាយទាបឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៨ សីហា ដែលស្ត្រីជាប្រពន្ធឈ្មោះ សួស ហាំ អាយុ៥២ឆ្នាំ ឯប្តីឈ្មោះ កឹម ម៉ាប់ អាយុ៤៩ឆ្នាំ ។ នៅមុនពេលកើតហេតុ បុរសជាប្តីបានទៅផឹកស្រារហូតដល់យប់ទើបត្រឡប់មកផ្ទះវិញ ឯស្ត្រីជាប្រពន្ធក៏ពចៅទៅផឹកស្រាដែរ រហូតដល់យប់ទើបត្រឡប់មកដល់ផ្ទះដូចគ្នា តែស្ត្រីជាប្រពន្ធ ពេលមកដល់ផ្ទះ ក៏ចូលដេកជាមួយចៅលង់លក់លើគ្រែទាំងពីរនាក់។ ចំណែកប្តីពេលមកដល់បើកឆ្នាំងបាយឃើញឆ្នាំងទទេ គ្មានបាយមួយគ្រាប់ក៏ទៅដាស់ប្រពន្ធឱ្យដាំបាយហូប ក៏ប៉ុន្តែប្រពន្ធដែលស្រវឹងស្រាខ្លាំងនោះមិនបានក្រោកដាំបាយទេ ។ ពេលនោះប្តីខឹងក៏ដាល់មួយដៃចំភ្នែកខាងឆ្វេង ឯប្រពន្ធក៏ស្ទុះឡើងប្រវាយប្រតប់ជាមួយប្តី ទើបត្រូវប្តីទះ២កំផ្លៀងទៀតធ្វើឱ្យស្ត្រីជាប្រពន្ធឈឺចាប់យ៉ាងខ្លាំង និងត្រូវប្តីច្រានឱ្យដួលប៉ះទៅលើជ្រុងគ្រែរងរបួសធ្ងន់រហូតសន្លប់។ ចំណែកអ្នកជិតខាង ពេលស្ងាត់ពុំមានឮសូរសំឡែងអ្វីទៀត ក៏នឹកស្មានថា ប្តីប្រពន្ធនេះជានាគ្នាវិញហើយដោយមិនបានដឹងថា ស្ត្រីជាប្រពន្ធសន្លប់នោះទេ ។
លុះព្រឹកឡើងថ្ងៃទី២៩ សីហា ប្តីពចៅចេញក្រៅផ្ទះ ឯស្ត្រីរងគ្រោះស្រែកហៅម្តាយមីងឱ្យមកជួយយកប្រេងកូឡាលាបរឺតឱ្យ រួចដាំបបរឱ្យហូប តែស្ត្រីរងគ្រោះខឹងប្តីអត់ព្រមហូបបបរឬ ហូបបាយហូបទឹកសោះ លុះដល់ម៉ោង២រសៀល ក៏ចេះតែខ្សោយកម្លាំងទៅៗបណ្តាលឱ្យខ្យល់គរ ។ ពេលនោះ អ្នកជិតខាងក៏នាំគ្នាកោសខ្យល់ឱ្យតែដោយឃើញស្ថានភាពធ្ងន់ធ្ងរក៏ទូរស័ព្ទហៅកូនៗនៅឯភ្នំពេញឱ្យមកមើលម្តាយ ហើយពេលយប់ទើបកូនៗមកដល់ដាំបបរបញ្ចុកក៏មិនព្រមហូបទៀត ។ ដោយសារមានជំងឺរ៉ាំរ៉ៃផង ព្រឹកឡើងថ្ងៃទី៣០ សីហា សភាពកាន់តែធ្ងន់ធ្ងរក៏និយាយប្រាប់កូនៗ ថា កុំខឹងនឹងឪពុកឯងអីរឿងហេតុមកពីរូបគាត់ដើរផឹកស្រាមិននៅផ្ទះ ម្យ៉ាងគ្រូពេទ្យហាមមិនឱ្យផឹកស្រាទេ ព្រោះគាត់មានជម្ងឺថ្លើមរ៉ាំរ៉ៃ ដូច្នេះគាត់តូចចិត្តខ្លួនឯងទើបមិនហូបបាយ ។ រីឯកូនៗក៏ហៅរថយន្តដឹកម្តាយមកកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ តែពេលមកដល់មន្ទីរពេទ្យបានប្រហែល២០នាទីក៏ស្លាប់នៅវេលាម៉ោង៧និង៣០នាទីព្រឹក ។
ទាក់ទិននឹងករណីខាងលើនេះ លោកវេជ្ជបណ្ឌិត រស់ ថុន បានពិនិត្យសព ហើយប្រាប់ថា តាមការសន្និដ្ឋានជំហានដំបូងរបស់លោក ស្ត្រីរងគ្រោះពុំមែនស្លាប់ដោយសារស្នាមរបួសវាយនោះទេ គឺស្លាប់ដោយសារការខ្វះជាតិស្ករធ្ងន់ធ្ងរ បណ្តាលមកពីធ្លាក់ទឹកចិត្តមានជំងឺថ្លើម ឯពេលប្តីវាយគ្រាន់តែជាំភ្នែកម្ខាងប៉ុណ្ណោះ ។ ទំនងជាខឹងតូចចិត្តប្តីវាយ ក៏អត់ហូបបាយរយៈពេល៤០ម៉ោង ធ្វើឱ្យខ្វះជាតិទឹក និងខ្វះជាតិស្ករធ្ងន់បណ្តាលឱ្យខ្យល់គរ គាំងបេះដូងស្លាប់តែម្តង ។ បើក្រុមគ្រួសារបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យកាលពីថ្ងៃ២៩ សីហា គឺអាចសង្គ្រោះបាន តែនេះទុករហូតជ្រុលពេលទៅហើយ ។
ទោះជាយ៉ាងណា នេះជាការសន្និដ្ឋានជំហានដំបូងប៉ុណ្ណោះ ឯគណៈកម្មការបច្ចេកទេស និងសមត្ថកិច្ចកំពុងអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ។ ចំណែកបុរសជាប្តីត្រូវសមត្ថកិច្ចនគរបាលស្រុកចាប់ខ្លួនកាលពីថ្ងៃទី៣០ សីហា េវលាម៉ោង១០ព្រឹកដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ដោយចោទប្រកាន់ពីបទបង្កអំពើហិង្សាក្នុងគ្រួសារលើសហព័ទ្ធដោយអចេតនា ៕
ចែករំលែកព័តមាននេះ