ខេត្តតាកែវ ៖ មនុស្សប្រុសស្រី និងកុមារចំនួន៧១នាក់ ស្រាប់តែកើតជំងឺចុកពោះ រាករូស ក្អួតចង្អោរគ្រប់ៗគ្នា ហើយត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តរបស់មន្ទីរពេទ្យបង្អែកចំនួន៥គ្រឿងបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីថ្ងៃទី៣០ សីហា វេលាម៉ោង៨និង២០នាទីយប់ស្ថិតនៅភូមិស្វាយអំពា ឃុំស្រែង៉ៃ ស្រុកទ្រាំង ។ ការកើតមានបញ្ហានេះគឺក្រោយពេលក្រុមអ្នកភូមិនាំគ្នាទិញនំបញ្ចុកដែលសល់ពីពិធីបុណ្យមួយយកមកទទួលទាន ។ ទោះបីជាបែបណាមិនបណ្តាលឱ្យប្រជាពលរដ្ឋ ឬកុមារណាម្នាក់បាត់បង់ជីវិតឡើយ គ្រាន់តែមានអ្នកធ្ងន់អ្នកស្រាលប៉ុណ្ណោះ ។
លោកទៀង ម៉ាលី អធិការនគរបាលស្រុកទ្រាំងបានឱ្យដឹងថា ជនរងគ្រោះដែលទទួលទាននំបញ្ចុករួចខ្លះក្អួតចង្អោរ ខ្លះរាករូស ខ្លះចុកពោះ មានចំនួនដល់ទៅ៧១នាក់ ប្រុស៣០នាក់ ស្រី៣១នាក់ ក្នុងនោះកុមារតូចៗចំនួន១០នាក់ផងដែរ ។ បន្ទាប់ពីមានករណីនោះ បានកើតឡើងលោកបានរាយការណ៍ជូនលោកស្នងការនគរបាលខេត្តដើម្បីបញ្ជូនរថយន្តសង្គ្រោះដឹកជនរងគ្រោះមកមន្ទីរពេទ្យ ហើយលោកស្នងការបានបញ្ជូនរថយន្ត២គ្រឿង និងរថយន្តពេទ្យ៣គ្រឿងដឹកជញ្ជូនជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តទាល់តែអស់ ។
ស្ត្រីម្ចាស់នំបញ្ចុកឈ្មោះជា ឡាំង បាននិយាយថា នំបញ្ចុកនោះមិនពុលទេ បើសិននំបញ្ចុកនោះមានជាតិពុលមែននោះ គឺពុលទាំង៥កញ្ច្រែងមិនខានឡើយ ហើយអ្នកដែលមកចូលរួមពិធីបុណ្យទាំងអស់ពិតជាពុលគ្រប់គ្នាជាមិនខាន ។ ប៉ុន្តែគាត់ទទួលស្គាល់ថា ពេលយកទៅលក់នោះមានធុំក្លិនផ្អូមបន្តិចមែន ។ប្រជាពលរដ្ឋរងគ្រោះបាននាំគ្នានិយាយថា នៅពេលទិញនំបញ្ចុកនោះគឺមានក្លិនផ្អូមបន្តិច តែដោយសារគេលក់ក្នុងតម្លៃថោកក្នុង១គីឡូក្រាមតម្លៃ១.០០០រៀល ឬ២គីឡូក្រាមតម្លៃ១.៥០០រៀល នៅពេលនោះបងប្អូននៅក្នុងភូមិក៏មកទិញគ្រប់ៗគ្នា ដែលខ្លះធ្វើទឹកត្រី ឬទឹកប្រហុក ដើម្បីជ្រលក់ទទួលទាន ។ អ្នកស្រុកនិយាយថា ពេលទទួលទានហើយនៅេវលាព្រលប់មិនទាន់អីទេ លុះដល់យប់បន្តិចអ្នកខ្លះកំពុងអង្គុយមើលទូរទស្សន៍ អ្នកខ្លះរៀបចំចូលដេកទៅហើយ ស្រាប់តែចុកពោះ រាករូសក្អួតគ្រប់ៗគ្នា រួចត្រូវបានរថយន្តដឹកមកមន្ទីរពេទ្យព្យួរសេរ៉ូមម្នាក់១ប្លោកក៏បានធូរស្រាលភ្លាមៗទៅ។
លោកខៀវ សម្រស់ នាយកមន្ទីរពេទ្យបង្អែកខេត្តបានមានប្រសាសន៍តាមទូរស័ព្ទថា ប្រជាពលរដ្ឋដែលមានបញ្ហាត្រូវបានរថយន្តសង្គ្រោះដឹកមកគ្រប់គ្នានិយាយថា ពុលនំបញ្ចុកគឺមិនពិតទេ តាមការពិនិត្យទៅពួកគាត់ឃើញគេលក់នំបញ្ចុកថោកៗទិញយកទៅហូបរួចមានអាការរាករូស ចុកពោះ ក្អួតចង្អោរ គឺដោយពួកគាត់ហូបនំបញ្ចុកផ្អូមគ្មានសារធាតុអ្វីត្រូវពុលឡើយ គឺនំបញ្ចុកផ្អូម ហើយពេលនេះអ្នកខ្លះក៏ត្រឡប់ទៅផ្ទះជិតអស់ហើយ ។ លោកអំពាវនាវថា សូមបងប្អូនប្រជាពលរដ្ឋមុននឹងទិញចំណីអ្វីយកមកទទួលទានត្រូវតែគិតឱ្យបានច្បាស់សិនដូចករណីនេះ ខាតទាំងអស់ ទាំងពេលវេលា ទាំងប្រាក់កាក់ ។
លោកអធិការស្រុកបន្តទៀតថា មុនពេលពុលនំបញ្ចុកនេះ កាលពីរសៀលថ្ងៃទី២៩ សីហា មានផ្ទះប្រជាពលរដ្ឋឈ្មោះជា ឡាំង ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិព្រៃទប់ ឃុំស្រែងៃ៉ បានធ្វើបុណ្យសងគុណឪពុកម្តាយ ដោយមានធ្វើនំបញ្ចុកទទួលភ្ញៀវ៥កញ្ច្រែង ក្នុង១កញ្ច្រែង៦០គីឡូក្រាម ហើយក្នុងពិធីបុណ្យនោះចាប់ពីល្ងាចរហូតដល់ព្រឹកថ្ងៃទី៣០ សីហា ទើបចប់ពិធីនៅវេលាថ្ងៃត្រង់ គឺទទួលភ្ញៀវអស់នំបញ្ចុកចំនួន៤កញ្ច្រែងនៅសល់១កញ្ច្រែងទម្ងន់៦០គីឡូក្រាម ។ លុះល្ងាចឡើងត្រូវបានម្ចាស់ពិធីបុណ្យបានឌុបម៉ូតូដើរលក់ឱ្យអ្នកភូមិមានតម្លៃថោក ។ ពេលមកដល់ភូមិខាងលើ ប្រជាពលរដ្ឋក៏នាំគ្នាទិញ១គ្រួសារ១គីឡូក្រាម ២គីឡូក្រាម ចែកកូនចៅក្នុងផ្ទះទទួលទាន ។ ពេលទទួលរួចភ្លាមមិនទាន់អីទេ ស្រាប់តែដល់វេលាយប់អ្នកខ្លះចុករាករូស ក្អួតចង្អោរ គ្រប់ៗគ្នាតែម្តង ៕
ចែករំលែកព័តមាននេះ