ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទា​រក​​​​ត្រូវ​​ការ​​​ទឹក​​​ដោះ​​​​ម្តាយ​​​ មិន​​មែន​​ទឹក​​ដោះ​​គោ​​​​ទេ​

12 ឆ្នាំ មុន

ព្រះរាជាណាចក្រកម្ពុជាប្រារព្ធធ្វើសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ​ក្នុង​អំឡុងខែសីហា ។ សប្តាហ៍ពិភពលោក​បំបៅ​កូន​ដោយទឹកដោះម្តាយ ​ប្រារព្ធខួបលើក​ទីម្ភៃ​របស់ខ្លួន ពីថ្ងៃ​ទី១ ដល់ទី៣១ សីហា រួមជាមួយ​នឹង​បណ្តា​ប្រទេស​ទាំងអស់​ទូទាំងសាកល

ព្រះរាជាណាចក្រកម្ពុជាប្រារព្ធធ្វើសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ​ក្នុង​អំឡុងខែសីហា ។ សប្តាហ៍ពិភពលោក​បំបៅ​កូន​ដោយទឹកដោះម្តាយ ​ប្រារព្ធខួបលើក​ទីម្ភៃ​របស់ខ្លួន ពីថ្ងៃ​ទី១ ដល់ទី៣១ សីហា រួមជាមួយ​នឹង​បណ្តា​ប្រទេស​ទាំងអស់​ទូទាំងសាកល​លោក ដើម្បី​អប​អរ​ចំពោះការរីកចម្រើនដែល​មាន​កន្លងមក ក្នុងការលើកកម្ពស់​ការបំបៅកូនដោយ​ទឹកដោះ​ម្តាយ​ដែលជាចំណុច​អនុ​វត្ត​ដ៏ចម្បង​ក្នុង​ការលើកកម្ពស់​សុខភាពកុមារ ។

សប្តាហ៍ពិភព​លោក​បំបៅកូន​ដោយ​ទឹក​ដោះ​ម្តាយ បាន​ចាប់​ផ្តើម​កាលពីម្ភៃឆ្នាំមុនដោយ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់ និងសម្រប​សម្រួល​ដល់​​សកម្ម​ភាព​ផ្សេងៗ​ដើម្បីការពារ លើកកម្ពស់ និង​គាំទ្រដល់ការ​បំបៅ​កូនដោយទឹកដោះម្តាយ ហើយ​នៅឆ្នាំ២០១២ បានទទួល​នូវ​មេរៀន និង​ភាពជោគជ័យជាច្រើន ដែលបានមក​ពីបទ​ពិសោធ​ន៍​ម្ភៃឆ្នាំកន្លងមក ទាក់ទងនឹង​ការ​ចិញ្ចឹម​ទារក និងកុមារ ។ ស្ថិតនៅ​ក្រោម​បាវចនា«ការ​ស្វែង​យល់ពីអតីត ការធ្វើ​ផែន​ការសម្រាប់​អនា​គត» ការអនុវត្ត​យុទ្ធ​សាស្រ្តសាកល ក្នុងការ​ចិញ្ចឹមទារក និងកុមារ​តូចៗ​ត្រូវ​បាន​ធ្វើការ​ប៉ាន់​ប្រមាណ ហើយក៏មាន​ការ​អបអរចំពោះភាព​ជោគជ័យ និងសមិទ្ធ​ផល​ដែលទទួលបានទាំង ថ្នាក់ជាតិ ថ្នាក់តំបន់ និង ថ្នាក់សាកលផងដែរ ។

នៅក្នុងកម្មវិធីថ្នាក់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលអនុវត្តដោយកម្មវិធីជាតិ អាហា​​រូបត្ថម្ភនិងដៃគូអភិវឌ្ឍន៍ជាច្រើនដូចជា ក្រុម​សុខា​ភិបាលអន្តរជាតិ និងអង្គការ​សង្គ្រោះ​កុមារបានទទួលលទ្ធផលជាផ្លែផ្កាជាច្រើន ដោយមាន​ទារកជាច្រើនបាន​បៅដោះ​ម្តាយ​រហូត​​ដល់អាយុប្រាំមួយខែ បានកើន​ឡើងរហូត​ដល់​ប្រាំពីរដងក្នុងទសវត្សរ៍កន្លងមក ដក​ស្រង់​ចេញពីស្ថិតិជាតិដែលមាន១១ភាគរយក្នុងឆ្នាំ
​២០០០ ហើយ​កើនឡើងដល់៧៤ភាគរយក្នុងឆ្នាំ២០១០ ។ ការបំបៅដោះកូនតែមួយមុខគត់ ពោល​គឺទារកទទួល​តែទឹកដោះ​ម្តាយ​ប៉ុណ្ណោះ ហើយមិនឲ្យបរិភោគអ្វីផ្សេងឡើយ ក្នុងរយៈ​ពេល​ប្រាំមួយខែដំបូងគឺជាកត្តាសំខាន់ណាស់ ។ បើម្តាយឲ្យអាហារ ឬជាតិ​ទឹក​ផ្សេងទៅដល់ ទារក នោះទារកនឹងមិនសូវបៅទឹក​ដោះ​ម្តាយ​ទេ ហើយក៏មិនសូវលូតលាស់ដូចជាទារកដែល​បៅ​ដោះម្តាយ​តែមួយមុខ​នោះ​ដែរ ។

ជំនួសការប្រារព្ធតែមួយសប្តាហ៍ដូចបណ្តាប្រទេសភាគច្រើន ព្រះរាជាណាចក្រកម្ពុជា បាន​ប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូន​ដោយ​ទឹក​ដោះម្តាយពេញមួយខែសីហាតែម្តង ដើម្បី​លើកកម្ពស់​ការបំបៅដោះកូន ស្របតាមបាវ​ច​នា​​«ទារកត្រូវការទឹកដោះម្តាយ មិនត្រូវការ​ទឹក​ដោះគោទេ»។ ទឹកដោះម្តាយត្រូវបានទទួល ស្គាល់យ៉ាងទូលំទូលាយថា ជាវិធីមួយដ៏មាន​ប្រសិទ្ធភាពបំផុតក្នុងការធានាសុខភាព និង​ការ​រស់​រាន​មានជីវិតរបស់កុមារ ។ ទឹកដោះម្តាយ មិនគ្រាន់តែជាប្រភពសារជាតិចិញ្ចឹមល្អបំផុតសម្រាប់ទារក និងកុមារតូចៗប៉ុណ្ណោះទេ ថែម​ទាំងផ្តល់នូវការការពារប្រឆាំងនឹងជម្ងឺផ្សេងៗ ព្រមទាំងផ្តល់នូវអារម្មណ៍សុខសាន្ត និងសុវត្ថិ​ភាពដល់ទារកថែមទៀតផង ។ ទោះ​បីជាយើង​បានឃើញនូវជំហានរីកម្រើន ក្នុងព្រះរាជាណា​ចក្រកម្ពុជា ក្នុងការអនុវត្តបំបៅដោះកូនពី ដំបូង​ក៏ដោយ ក្នុងពេល​ប៉ុន្មានឆ្នាំចុង​ក្រោយនេះ យើង​ក៏ឃើញមានការកើនឡើងនូវទំនោរ​ក្នុង​ការ​ប្រើ​ប្រាស់ដបបំបៅដែរ ។ មានគ្រួសារ​ជា​ច្រើន​ឈប់​បំបៅដោះកូនឆាប់ពេក ហើយឱ្យកូន​បៅទឹក​ដោះ​គោជំនួសវិញ ដែលជា«ផលិតផលបង្កើត​ដោយ​មនុស្ស» ដូចជា ទឹកដោះគោម្សៅទឹកដោះ​គោ​ខាប់ ទឹកបបរ ឬសារជាតិរាវ​ផ្សេង​ទៀត ដោយ​ប្រើដបបំបៅដោយមានក្បាល​ដោះ​ជ័រ​ជាប់​ជា​មួយ ។ ការកើនឡើងនៃការបំបៅកូន ដោយ​ប្រើ​ដប គឺជា​កង្វល់មួយ ព្រោះថា ការ​ប្រើ​ប្រាស់ដប​បំបៅនេះមានន័យថាសារធាតុរាវផ្សេងៗ​ត្រូវ​បាន​ប្រើជំនួសឲ្យទឹកដោះម្តាយ ដែល​ធ្វើឲ្យកុមារ​ទាំងនោះ​មិនគ្រាន់តែមិន​បាន​ទទួលសារ​ជាតិ​ចិញ្ចឹម និងអត្ថប្រយោជន៍ខាង​សុខភាពនៃទឹក​ដោះម្តាយ​ប៉ុណ្ណោះទេ ជាង​នេះ​ទៅទៀតសារ​ជាតិ​រាវប្រើជំនួសនោះមាន​ជាតិ​ទឹក​ច្រើន ហើយ​មិន​សូវមានសារជាតិចិញ្ចឹម ជា​ហេតុ​នាំឱ្យ​កុមារ​ងាយទទួលរងនូវបញ្ហាកង្វះអាហា​រូបត្ថម្ភ ។ ឧទាហរណ៍ ទឹកនៅ​បាត​កំប៉ុង​អាចធ្វើឱ្យទឹក​ដោះ​គោទៅជាខាប់បាន ការ​លាយ​ម្សៅទឹកដោះ​គោ​មិន​បានត្រឹមត្រូវ ទឹកបបរ​រាវ​ដែល​មាន​​អង្ករ​តិច​ពេក គឺជាអាហារដែល​មាន​គុណភាពទាប ហើយ​ដែល​យើង​តែងជួប​ប្រទះ​ក្នុងការ​អនុ​វត្ត​ការបំបៅកូនដោយដបបំបៅ​ក្នុង​ព្រះរាជា​ណា​ចក្រកម្ពុជា ។

ការបំបៅដោះកូនតែមួយមុខរយៈពេលប្រាំមួយខែ គឺជាកត្តាសំខាន់ណាស់​សម្រាប់​សុខ​ភាព​កុមារ ។ ទឹកដោះម្តាយមានសារ​ជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់ដែលទារកត្រូវការសម្រាប់​រយៈពេល​ប្រាំ​មួយ​ខែដំបូង ដើម្បីអភិវឌ្ឍផ្នែកប្រាជ្ញា កម្លាំង និងសុខភាព ។ ទឹកដោះម្តាយ គឺជា​អាហារ​​ដ៏​ប្រសើរ​បំផុតសម្រាប់ទារក ។ វាងាយស្រួល​រំលាយ តែងតែមានជាប្រចាំ និងស្រស់ៗ ព្រម​ទាំង​មានការការពារ​ប្រឆាំងនឹង​ជម្ងឺ​ផ្សេងៗ ហើយ​ថែមទាំងមិនអស់ថវិកាគ្រួសារទៀតផង ។ ការបំបៅដោះកូន គឺចាប់ផ្តើមក្នុង​ម៉ោង​ដំបូង​បន្ទាប់ពីសម្រាល ហើយដោយ​សារ​តែទឹក​ដោះ​ម្តាយមានសារជាតិចិញ្ចឹមខ្ពស់បំផុត និងមាន​អត្ថ​ប្រយោជន៍ផ្សេងៗជាច្រើនទៀតនោះ ទើបមាន​ការណែនាំ​ឱ្យម្តាយបន្ត​បំបៅ​ដោះកូនយ៉ាងហោចណាស់ឲ្យបានពីរឆ្នាំ រួមជាមួយ​ការចាប់​ផ្តើមផ្តល់អាហារបន្ថែម ដែលសម្បូរដោយ​សារ​ជាតិចិញ្ចឹម បន្ថែម​ពីលើ​ទឹកដោះ​ម្តាយ​បន្ទាប់​ពី​ទារក​មានអាយុចាប់ពីប្រាំមួយខែឡើងទៅ ។ អំឡុងឆ្នាំទីពីរ ទឹកដោះម្តាយ​រួមចំណែក​ផ្តល់នូវ​សារជាតិចិញ្ចឹម​គ្រប់គ្រាន់​ពីមួយភាគបី រហូត​ដល់​ពាក់កណ្តាលនៃតម្រូវ​ការ​អាហា​រូបត្ថម្ភ​របស់​កុមារ ។ គ្មានអាហារណាផ្សេង ដែល​ប្រសើរ​ជាង​ទឹកដោះម្តាយបានឡើយ! 

ក្រុមសុខាភិ​បាល​​អន្តរជាតិ អង្គការ​សង្គ្រោះ​កុមារ និងកម្មវិធីជាតិអាហា​រូបត្ថម្ភ​នៃក្រសួង​សុខាភិបាល លើកទឹក​ចិត្តដល់អ្នក​ម្តាយ​ទាំង​អស់ឲ​្យបំបៅដោះកូន ដោយមិន​ជ្រើសរើសផ្តល់​នូវអាហារផ្សេងៗដែលមនុស្សផ្សេងទៀតផលិតឡើងនោះទេ ដើម្បីធានាឲ្យបានថា កូនរបស់​លោក​អ្នកមានសុខភាពល្អ កាន់តែរីករាយ ហើយ​​​កាន់តែឆ្លាត ។ ជៀសវាងការ​បំបៅ​កូន​ដោយ​ប្រើ​ដប​បំបៅគ្រប់ពេល​ទាំង​អស់។ បើ​លោក​អ្នក​ជា​អ្នកធ្វើការ សូមច្របាច់ទឹកដោះ នោះទុកនៅពេលដែលអ្នកនៅឆ្ងាយពីកូន ហើយបំបៅ​ដោះ​កូនពេលដែល​អ្នក​នៅផ្ទះ ការធ្វើដូច្នេះ​ជួយឲ្យ​អ្នកមាន​ការផលិត​ទឹក​ដោះ​ជាប់ជានិច្ច ។ នៅ​ពេលដែលអ្នក​បំបៅ​កូន​ដោយ​ទឹក​ដោះម្តាយដែលច្របាច់ទុក សូម​ប្រើពែង និង​ស្លាប​ព្រា​ដ៏​ស្អាត ហើយសូមចងចាំថា ទឹកដោះ​នោះ​នៅតែ​ស្រស់ និងនៅតែមានគុណភាព​ល្អក្នុង​រយៈពេល​ប្រាំបីម៉ោង​ដោយ​មិន​ចាំបាច់​ដាក់​ក្នុង​ទូទឹក​កក ទោះបីជាស្ថិតនៅក្នុងអាកាស​ធាតុ​ក្តៅ​ដូចនៅប្រទេសយើងក៏ដោយ ។

សូមប្រយ័ត្ន អំពីយុទ្ធ​សាស្រ្តទីផ្សារ​របស់​ក្រុម​ហ៊ុនផ្សេងៗ ដែល​កំពុង​ព្យាយាម​លក់​ទឹក​ដោះ​គោសម្រាប់​ទារក ដប​បំបៅ និងផលិត​ផល​អាហារផ្សេងៗ សូមចង​ចាំ​ថាទឹកដោះម្តាយ គឺជា​អាហារដ៏ល្អឥត​ខ្ចោះ​សម្រាប់​កូនរបស់លោកអ្នក ៕